ទី១-ការរំញោចផ្លូវចិត្ត៖ អានធ្វើឱ្យខួរក្បាលរបស់អ្នកសកម្ម និងផ្តោតអារម្មណ៍ហើយបានកាត់បន្ថយហានិភ័យនៃការថយចុះហើយមានចំណេះដឹងថ្មីៗ។
ទី២-កាត់បន្ថយភាពតានតឹង៖ ការអានធ្វើឱ្យអារម្មណ៍ទទួលយកទិដ្ឋភាពថ្មីពិសេសកាត់បន្ថយកម្រិតស្ត្រេសជាមួយការងារគ្រួសារជាដើម។
ទី៣-ការទទួលបានចំណេះដឹងភ្លាមៗ៖ សៀវភៅគឺជាប្រភពចំណេះដឹងដ៏អស្ចារ្យតាមប្រភេទសៀវភៅផ្សេងៗពីគ្នា។
ទី៤-ជាវិធីពង្រីកវាក្យសព្ទ៖ បើអ្នកអានកាន់តែច្រើន ទាញពាក្យថ្មីល្អៗយកមកប្រើកាន់តែច្រើន។
ទី៥-ការផ្តោតអារម្មណ៍ប្រសើរឡើង៖ អារម្មណ៍មូលពេលកាន់សៀវភៅដោយការផ្តោតអារម្មណ៍ ដែលអាចបង្កើនការយកចិត្តទុកដាក់របស់អ្នក។
ទី៦-មានជំនាញផ្នែកសរសេរ៖ ការបង្ហាញពីការងារដែលសរសេរបានល្អធ្វើអោយប្រសើរឡើងនូវរចនាបទពេលសរសេរផ្ទាល់ខ្លួនរបស់អ្នក។
ទី៧-ការពង្រឹងការយល់ចិត្ត៖ រឿងប្រឌិតញាណជួយឱ្យអ្នកអានយល់ដឹងពីទស្សនៈ និងអារម្មណ៍របស់អ្នកប្រាជ្ញឬអ្នកដទៃ។
ទី៨-ការយល់ដឹងអំពីវប្បធម៌៖ សៀវភៅបានបរិយាយនិងស្វែងយល់ពីវប្បធម៌ជាតិសាសន៍ផ្សេងៗ និងរបៀបរស់នៅផ្សេងៗ។
ទី៩-ការកែលម្អខ្លួនឯង៖ សៀវភៅដែលមិនប្រឌិតញាណផ្តល់នូវការយល់ដឹងដែលអាចអនុវត្តបានសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន។
ទី១០-ការកម្សាន្ត៖ អានសៀវភៅជាការកម្សាន្ទអារម្មណ៍តែវាចំណេះគិតនិងធ្វើ។
ទី១១-ធ្វើឱ្យមានការចងចាំល្អ៖ ការអានជាទៀងយ៉ាងទាត់បង្កើនការចងចាំដោយតម្រូវឱ្យអ្នករំលឹកឡើងវិញនូវព័ត៌មានលម្អិត តួអក្សរ និងសូម្បីតែផ្លូវចិត្ត
ក៏រីករាយដែរ។
ទី១២-ការត្រិះរិះពិចារណា៖ ការអាននាំឱ្យមានការវិភាគខ្លឹមសារនៃសៀវភៅ ព្រមទាំងជួយបង្កើនសមត្ថភាពគិតពិចារណា។
ទី១៣-ការបំផុសគំនិត និងការប្រឌិតញាណ៖ អានសៀវភៅគឺការបង្កើតប្រឌិតញាណថ្មី ជាពិសេសសៀវភៅជីវប្រវត្តិ និងសៀវភៅអប់រំផ្លូវចិត្តបានជំរុញអ្នកអានឱ្យ
សម្រេចបានកាន់តែច្រើន។
ទី១៤-បង្កើនការច្នៃប្រឌិត៖ ការអានជួយជំរុញការស្រមើលស្រមៃ នាំឱ្យមានការគិតប្រកបដោយភាពច្នៃប្រឌិតញាណមួយកម្រិតទៀត។
១៥-គេងលក់ស្រួល៖ សូមសាកល្បង ការអានមុនពេលចូលគេងអាចជួយផ្តល់អារម្មណ៍ស្ងប់ដល់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកតាមរយៈប្រមូល
ឥន្រី្ទយារម្មណ៍។
១៦-ការគ្រប់គ្រងអារម្មណ៍៖ សៀវភៅផ្តល់នូវការលួងលោមក្នុងគ្រាលំបាកឬស្រ្តេស្ត ដោយផ្តល់នូវយុទ្ធសាស្ត្រដោះស្រាយនិងការយល់ដឹង។
ទី១៧-សៀវភៅផ្តល់នូវការគេចចេញពីភាពតានតឹងនៃជីវិតប្រចាំថ្ងៃដោយការលើកទឹកចិត្តអ្នកនៅក្នុងពិភពមួយផ្សេងទៀត។
ទី១៨-ការចាប់ផ្តើមសន្ទនា៖ ការអានផ្តល់ឱ្យអ្នកនូវប្រធានបទដើម្បីពិភាក្សាជាមួយមិត្តភក្តិក៏ដូចជាសហការី
ឬមិត្តភកិ្ត។
១៩-ការកំណត់គោលដៅ៖ សៀវភៅស្តីពីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន លើកទឹកចិត្តដល់ការកំណត់ និងការសម្រេចគោលដៅ ។
ទី២០-កសាងវិន័យផ្ទាល់ខ្លួន៖ ការបង្កើតទម្លាប់អាន បង្កើតឱ្យមានវិន័យបានទៀងទាត់និងជាប់លាប់។
ទី២១-ការសិក្សាពេញមួយជីវិត៖ សៀវភៅផ្តល់ឱកាសសិក្សាជាបន្តបន្ទាប់នៅគ្រប់ដំណាក់កាលនៃជីវិត ជាក់ ស្តែងយើងជាមនុស្សចាស់ៗហើយមានទម្លាប់
អានដែរ។
ទី២២-ការផ្លាស់ប្តូរទស្សនវិស័យ៖ ការអានជួយអ្នកឱ្យមើលឃើញពិភពលោកតាមរយៈសំណេរបស់អ្នកនិពន្ធបរិយាយពណ៌នាឬជាទ្រឹស្តី។
ទី២៣-នាំឱ្យយើងផ្លាស់ប្តូរផ្នែកចំណេះដឹង៖ ការបង្ហាញពីគំនិតផ្សេងៗគ្នាជួយការហ្វឹកហ្វឺនខួរក្បាលរបស់អ្នកសម្របខ្លួននិងផ្លាស់ប្តូរគោលដៅរួមទាំងការគិត។
២៤- ការឆ្លុះបញ្ចាំងខ្លួនឯង៖ សៀវភៅជាច្រើនបានជំរុញអ្នកអានឱ្យគិតអំពីការរស់នៅនិងគុណតម្លៃផ្ទាល់ខ្លួន។
២៥-សតិសម្បជញ្ញៈ៖ ការអានជំរុញឳ្យអ្នកមានការភ្ញាក់រលឹក ជំរុញការគិតដោយទទួលខុសត្រូវ។
២៦-ការស្រមើស្រមៃកាន់តែប្រសើរឡើង៖ ជាពិសេសបង្កើតការប្រឌិតញាណជួយជំរុញសមត្ថភាពរបស់អ្នកក្នុងការស្រមៃ និងស្រមើស្រមៃនូវទស្សនីភាពការគិតថ្មីៗ។
២៧-ការអភិវឌ្ឍន៍ជំនាញវិភាគ៖ ការធ្វើតាមគ្រោងជំនាញ ឬប្រធានបទជួយបង្កើនសមត្ថភាពរបស់អ្នកក្នុងការវិភាគព័ត៌មានថ្មីវិជ្ជមាននិងអវិជ្ជមាន។
២៨-ការគ្រប់គ្រងពេលវេលា៖ ការអានទៀងទាត់អាចបង្រៀនអ្នកពីរបៀបកំណត់ពេលវេលាប្រកបដោយប្រសិទ្ធភាព ។
២៩-បង្កើនផលិតភាព៖ សៀវភៅអាចផ្តល់នូវគន្លឹះល្អរួមទាំងយុទ្ធសាស្ត្រសម្រាប់ផលិតភាពកាន់តែប្រសើរ និងការគ្រប់គ្រងពេលវេលានាំឱ្យយើងក្លាយជា
ហសគ្រិនភាព។
៣០-ភាពវៃឆ្លាតខាងអារម្មណ៍៖ ការអានរឿងជាមួយតួអង្គស្មុគស្មាញជួយអភិវឌ្ឍភាពវៃឆ្លាតខាងអារម្មណ៍។ អារម្មណ៍មានការផ្លាស់ប្តូរតាមសំណេរអ្នកនិពន្ធឬខ្លឹមសារក្នុងសៀវភៅ។
៣១-ការរៀនពីកំហុសរបស់អ្នកដទៃ៖ យើងអាចដឹងកំហុសអ្នកដទៃតាមរយៈសៀវភៅ។ជាពិសេសជីវប្រវត្តិ បុគ្គលជោគជ័យ អ្នកដឹកនាំឱ្យអ្នករៀនពីបទពិសោធន៍ជីវិតរបស់អ្នកដទៃ។
៣២- ការចំណាយលុយតិច៖ ការអានគឺការវិនិយោគអស់លុយតិចបើប្រៀបធៀបជាមួយចំណាយដទៃទៀត។
៣២- បំបាត់ភាពឯកោ៖ ពេលកាន់សៀវភៅអ្នកមានមិត្តការអានគឺជាវិធីដ៏ទាក់ទាញមួយដើម្បីផ្តាច់ចេញពីទម្លាប់ប្រចាំថ្ងៃ។
៣៤-ជួបជុំគ្រួសារ៖ការអានជាមួយគ្នាឬចែករំលែកសៀវភៅជំរុញឱ្យមានទំនាក់ទំនងជាមួយសមាជិកគ្រួសារ។
៣៥-ការអភិវឌ្ឍន៍ផ្នត់គំនិត៖ សៀវភៅលើកទឹកចិត្តអ្នកឱ្យជឿជាក់លើសក្តានុពលសម្រាប់ការកែលម្អផ្ទាល់ខ្លួន ។ អ្នកបានយល់ថា បុគ្គលជោគជ័យធ្វើអី្វខ្លះ ?
៣៦-បង្កើនជំនាញទំនាក់ទំនង៖ ការអានធ្វើអោយប្រសើរឡើងទាំងជំនាញទំនាក់ទំនងពាក្យសំដីរួមទាំងឥរិយាបទរបស់អ្នក។
៣៧-បង្កើនទំនុកចិត្តលើខ្លួនឯង៖ ការទទួលបានចំណេះដឹង និងការយល់ដឹងបង្កើនទំនុកចិត្តរបស់អ្នកក្នុងការសន្ទនានិងសកម្មភាពផ្សេងៗក្នុងនោះជឿជាក់ខ្លួនឯង និងស្គាល់ខ្លួនឯងកាន់តែច្បាស់។
៣៨-ការស្វែងយល់ពីគំនិតថ្មី៖ សៀវភៅបង្ហាញអ្នកពីគំនិត និងលទ្ធភាពដែលអ្នកមិនធ្លាប់ជួបប្រទះ។
៣៩- រៀនគិតដោយឯករាជ្យ៖ ការអានជួយអ្នកបង្កើតគំនិតផ្ទាល់ខ្លួនរបស់អ្នក និងទប់ទល់នឹងគំនិតអវិជ្ជមានរួមទាំងការអូសទាញពីអ្នកដទៃ។
៤០-ទម្លាប់គិតវិជ្ជមាន៖ ការអានគឺជាទម្លាប់គិតផ្លូវល្អ មើលអ្នកដទៃដោយផ្លូវល្អ។
រឿង ចៅស្រទបចេក យើងដឹងថា អ្នកនិពន្ធឈ្មោះ ងិន, បិតាលោកឈ្មោះ យស មានងារជាឧកញ៉ាភក្តីភាសា សក្តិបីហ៊ូពាន់ ជាគោរមងារ ឬជាអាជ្ញាហ្លួង ឯមាតាឈ្មោះ ម៉ី ។ សេចក្តីផ្តើមនៃរឿង ទេវវង្សកុមារ ឬ ចៅស្រទបចេកនេះ អ្នកនិពន្ធពុំបានបញ្ជាក់ពីកាលបរិច្ឆេទកំណើតរបស់ខ្លួនឡើយ ប៉ុន្តែបានអះអាងថា លោកកើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល នាខេត្តព្រៃវែងសព្វថ្ងៃនេះ ។ វឌ្ឍបាការនៃ កវី យស ងិន បានបួសរៀននៅវត្តកោះឫស្សីស្រុក ដែលសព្វថ្ងៃនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លុះលាចាកសិក្ខាបទមក ឪពុករបស់លោកបាននាំលោកទៅថ្វាយខ្លួនចំពោះព្រះករុណា នរោត្តម (ព្រះនាមដើម ព្រះអង្គច្រឡឹង) ដើម្បីធ្វើជាមហាតលឹក ។ ពេលនោះដោយទ្រង់យល់ឃើញថា លោក យស ងិន មានចំណេះខាងឆ្លាក់ក្បាច់ ចេះការជាងទង ក៏ប្រទានជាជាងរចនានៅក្រោមឱវាទព្រះកាញ្ជនា ជាមេជាងធំក្នុងព្រះបរមរាជវាំង ។
រឿងកំសត់ស្លៀកធាងចេកចៅស្រទបចេកដឹងទៀតថា រឿងនេះបាននិពន្ធនៅថ្ងៃអង្គារ ១១កើត ខែផល្គុន ហេមន្តរដូវ ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៣១ ត្រូវនឹងគ្រិស្ដសករាជ ១៨៨៩ ។ ឯទីកន្លែងពិតជានៅភ្នំពេញ ជាទីដែលលោកបំពេញមុខងាររាជការនៅរវាងពុទ្ធសករាជ ២៤៣១ ដែលត្រូវនឹងគ្រិស្ដសករាជ ១៨៨៩ ដែលរាជធានីបានលើកមកតាំងនៅភ្នំពេញ។ ដោយហេតុនេះពួកអ្នកសិក្សាស្រាវជ្រាវទាំងឡាយបានសន្និដ្ឋានថា អ្នកនិពន្ធយើងកើតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១៩ ប៉ុន្តែគេពុំបានដឹងអំពីមរណសម័យរបស់លោកឡើយ ។
តាមសេចក្តីផ្តើមនៃរឿងទេវវង្សកុមារ ឬ ចៅស្រទបចេកនេះដែរ អ្នកនិពន្ធបានបញ្ជាក់ថា លោកបានចេះចាំរឿងនេះតាមការនិទានប្រាប់របស់លោកបណ្ឌិត មហា ម៉ៅ ដែលជាអ្នកចេះចាំអត្ថប្រែប្រាយសម្រាយសេចក្តីជ្រាលជ្រៅ ហើយថារឿងនេះមាននៅក្នុងគម្ពីរទុកនិបាត ។ ប៉ុន្តែពួកលោកអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានស្រាវជ្រាវនៅក្នុងគម្ពីរទុកនិបាតទៅ ក៏ពុំឃើញមានរឿងនេះឡើយ ។ ហេតុនេះត្រូវគេសង្ស័យថាគម្ពីរទុកនិបាត ឯណាផ្សេងពីអដ្ឋកថាជាតក និង បញ្ញាសជាតកទៅទៀត ។ រឿងនេះនិពន្ធជាកំណាព្យបទកាកគតិ, ព្រហ្មគីតិ, ពំនោល, ភុជង្គលីលា, និងបទពាក្យ៧ ។
បើតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា កវីយស ងិន បានរចនារឿង «ទេវវង្សកុមារ» ឬ«ចៅស្រទបចេក» នៅពុទ្ធសករាជ២៤៣១ ត្រូវនឹងគ្រឹស្គសករាជ១៨៨៩ ហើយរឿងនេះនៅតែមានឥទ្ធិពលក្នុងផ្នត់គំនិតខ្មែរនៅឡើយ ។ សព្វថ្ងៃនេះប្រសិនបើគេឃើញបុគ្គលណាម្នាក់ក្រីក្រ កម្សត់ ទុរគតនោះ គេតែងហៅបុគ្គលនោះថា «អាស្រទបចេក» គឺគេប្រដូចបុគ្គលនោះទៅនឹងចៅស្រទបចេក ក្នុងរឿង«ទេវវង្សកុមារ» ជាតួអង្គក្នុងរឿងនោះដែលកម្សត់ រហូតរកសម្លៀកបំពាក់ស្លៀកពាក់មិនបាន ក៏យកស្រទបចេកមករុំរាងកាយធ្វើជាសម្លៀកបំពាក់ ។ ទោះយ៉ាងនេះក្តី មនុស្សមួយចំនួនធំពុំស្គាល់រឿង«ទេវវង្សកុមារ»ទេ ប៉ុន្តែគេស្គាល់ច្បាស់ថា រឿង«ចៅស្រទបចេក» ។
សង្ខេបរឿង
រឿងនេះមានលក្ខណៈជាធម្មទេសនាហើយបានលើកឡើងតាំងពីសម័យពុទ្ធអង្គគង់នៅវត្តជេតុពន នៅស្រុកនិគមគ្រាម នានគរហង្សាវត្ថី មានមហាក្សត្រមួយអង្គព្រះនាមមធុររាជា។ នៅស្រុកនោះមានសេដ្ឋីម្នាក់ ឈ្មោះធនសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៨០កោដិឃ្លាំង។ នៅស្រុកមួយទៀតក្នុងនគរដដែល គឺស្រុកបច្ចន្តគ្រាមមានសេដ្ឋីម្នាក់ទៀតឈ្មោះថា ភោគសេដ្ឋី គឺជាអ្នកមានស្តុកស្តម្ភដូចគ្នា តែអភ័ព្វត្រង់គ្មានកូនស្នងត្រកូល។ ក្រោយមកលឺដំណឹងថានៅវត្តព្រះធាតុសក្តិសិទ្ធិ អ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្ត។ សេដ្ឋីទាំងពីរបានទៅដល់ទីនោះដំណាលគ្នាដើម្បីបន់ស្រន់សុំបុត្រហើយក៏បានសុំគ្នាធ្វើជាក្លើម្រាក់ដោយសន្យាថា បើម្នាក់មានកូនប្រុស ម្នាក់ទៀតមានកូនស្រីនឹងធ្វើជាដន្លងនឹងគ្នា តែបើប្រុស ឬស្រីដូចគ្នានឹងធ្វើជាក្លើម្រាក់នឹងគ្នា។ ក្រោយមកធនសេដ្ឋីមានកូនប្រុសមួយដែលជាតួអង្គពោធិសត្វ។ ចំណេកឯនាងដែលជាកន្សៃសារពេជ្ញក៏មកចាប់កំណើតនឹងភោគសេដ្ឋី។ ពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រ។ ដោយហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាធនសេដ្ឋីជាអនាគតនៃអង្គពោធិសត្វបានបណ្តាលឲ្យធនសេដ្ឋីកើតមានសេចក្តីជ្រះថ្លា ហើយក៏បានបរិច្ចាគទ្រព្យធនដែលខ្លួនមានទៅដល់ជនក្រីក្រស្មូមយាចក។
ចំណេរកាលក្រោយមកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់ គាប់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញធនសេដ្ឋីឡើងទៅសោយរាជ្យនៅឋានលើ។ នៅពេលធនសេដ្ឋីស្លាប់ទៅ នាងជាប្រពន្ធគ្មានសល់ទ្រព្យសម្បត្តិអ្វីធ្វើបុណ្យ ហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយ។ ដោយជីវភាព ក្រលំបាកខ្លាំងពេក នាងជាម្តាយក៏នឹកឃើញអតីតក្លើម្រាក់របស់សេដ្ឋីជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះលោកភោគសេដ្ឋីជួបនឹងអ្នកយាម អ្នកយាមក៏ទៅប្រាប់ភោគសេដ្ឋី ភោគសេដ្ឋីគិតថាពីមុនវាមិនអីទេ តែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើម្តេចកើតក៏ឲ្យអ្នកយាមទៅប្រាប់ថា គាត់មិនស្គាល់ មិនដែលដឹងអ្វីទេ។ ដោយសារតែនាងចេះតែចចេសចង់ជួបមុខសេដ្ឋី លោកសេដ្ឋីក៏បានឲ្យអ្នកយាមវាយធ្វើបាបទៅលើនាងជាម្តាយជាទម្ងន់ ហើយក្រោយមកក៏ត្រូវស្លាប់នៅស្លាប់ក្នុងព្រៃ។
ចៅស្រទបចេកអស់ទីពឹងពាក់។ ដោយចង់រកលុយដើម្បីទិញក្តារមឈូស និងជួលគេឲ្យជួយបញ្ចុះសពម្តាយ។ ដោយចង់រកលុយដើម្បីបញ្ចុះសពម្តាយ ចៅស្រទបចេកក៏បានយកបន្តោងដែលនៅជាប់នឹងកទៅលក់ដើម្បីទិញក្តារមឈូស និងជួលគេឲ្យបញ្ចុះសពម្តាយ។ ដោយគ្មានអ្វីទ្រាប់បាតមឈូសវាក៏ដោះសម្លៀកបំពាក់របស់វាយកទៅទ្រាប់បាតមឈូសឲ្យម្តាយទៀត ហើយវាយកស្រទបចេកមកចងដើម្បីបិទបាំងរាងកាយ។ ចៅស្រទាប់ចេកបានដេកចាំផ្នូររបស់ម្តាយ ហើយនៅថ្ងៃមួយវាបាននឹកឃើញដល់បណ្តាំម្តាយផ្តាំថា សុំឲ្យវាទៅរកគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀនសូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀនសូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យទិសាបាមោក្ខដើម្បីធ្វើជាអ្នកបម្រើគេ ដំបូងឥតបានរៀនសូត្រអ្វីទេ។ និយាយពីបុត្រីរបស់ភោគសេដ្ឋីឈ្មោះនាងកេសរមាលា នៅពេលដែលនាងឃើញឪពុកឲ្យអ្នកយាមវាយធ្វើបាបទៅលើអ្នកទាំងនោះ នាងមានចិត្តអាណិតអាសូរ ហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដូចម្តេច ហើយការអាណិតអាសូរពីមួយថ្ងៃទៅមួយថ្ងៃកើនឡើង ក្រោយមកនាងក៏មានជំងឺ។ លោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនខ្លួនជាសះស្បើយឡើយ។ នៅថ្ងៃមួយនាងនឹកឃើញថា បើនាងទៅនៅឯផ្សារ ប្រហែលជានាងមានឱកាស ជួបចៅស្រទបចេកម្តងទៀត។ នាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារ ហើយលោកភោគសេដ្ឋីក៏បានអនុញ្ញាតដែរ។ តាមពិតទៅគឺនាងមានបំណងដើម្បីស៊ើបរកចៅស្រទបចេកនេះឯង។ ក្រោយមកនាងក៏បានស៊ើបនឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យ ហើយនាងក៏ឲ្យសិស្សម្នាក់នោះហៅចៅស្រទបចេកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់។ លឺដល់លោកអាចារ្យ គាត់ក៏ដេញចៅស្រទបចេកឲ្យទៅ។ តែចៅស្រទបចេកពុំហ៊ានចូលទេព្រោះពេលឃើញនាងកេសរមាលា វាក៏នឹកឃើញដល់លោកភោគសេដ្ឋីចិត្តមារ ក៏រត់គេចទៅសាលាវិញ លោកអាចារ្យក៏ស្តីបន្ទោសឲ្យវា។ វាក៏ដោះស្រាយថាសម្លៀកបំពាក់មិនសក្តិសមនឹងខ្លួន ហើយវាក៏នឹងមានគ្រោះថ្នាក់។ ក្រោយមកនាងកេសរមាលាក៏បានប្រើឲ្យទាសីរបស់នាងទៅហៅដល់សាលា តែចៅស្រទបចេកនៅតែមិនព្រមទៅ។ ដល់ពេលរដូវចូលឆ្នាំមកដល់ លោកអាចារ្យក៏មានចិត្តធម៌មេត្តាឲ្យលុយ១កាក់ទៅដើរលេងសប្បាយនឹងគេ។ ពេលបានលុយចៅចេកក៏នឹកឃើញចង់ទៅទិញនំទៅសែនផ្នូរម្តាយតែខ្លាចជួបនាងកេសរមាលា។ នាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្រទបចេកនៅកន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេ។ ពេលចាប់ចៅស្រទបចេកចូលដល់ក្នុងផ្ទះ នាងបានលត់ជង្គង់ ហើយសំពះតាមអាការៈជាស្រីគ្រប់លក្ខណ៍ និងអង្វរករឲ្យចៅស្រទបចេកទទួលយកនំចំណីសម្លៀកបំពាក់ពីនាង។ ត្រឡប់មកផ្ទះវិញចៅស្រទបចេកក៏សុំលោកអាចារ្យចេញរកស៊ី លោកអាចារ្យក៏ឲ្យចៅចេកលក់នំអាកោរ។ ក្រោយមកក៏ឲ្យចៅចេកបានរៀនសូត្រនឹងគេ។ ដោយហេតុថា ចៅស្រទបចេកជាតួអង្គពោធិសត្វ វាក៏រៀនពូកែជាងសិស្សឯទៀតៗ។
សម័យថ្ងៃមួយព្រះរាជាឈាងចូលដល់វ័យចំណាស់ ទ្រង់កើតមានគំនិតរកអ្នកស្នងរាជ្យ ទ្រង់ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យដោយផ្សងដំរីមកដល់ស្រុកដែលចៅស្រទបចេករស់នៅ។ តាអាចារ្យបាននាំសិស្សទាំងអស់ទៅគាល់ស្តេចដើម្បីធ្វើការជ្រើសរើស។ ចៅស្រទបចេកក៏ត្រូវទៅដែរ។ ទៅដល់ជិតដល់រាជដំណាក់ លោកអាចារ្យបានឃាត់ចៅចេកឲ្យនៅមើលអីវ៉ាន់ឲ្យគេ។ និយាយពីព្រះឥន្ទ្រាធិរាជថ្មី នៅពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជាតា ទ្រង់នឹកគិតទៅដល់បុត្ររបស់ព្រះអង្គ ហើយនៅពេលទតឃើញថាបុត្រកំសត់ខ្លាំងពេក ទ្រង់បានកាឡាខ្លួនជាតាចាស់ម្នាក់ចុះមកយកបង្វិចមកផ្ញើចៅស្រទបចេកផងដែរ។ នៅពេលមានហ្វូងដំរីសេះចូលមកនិងដោយមានអីវ៉ាន់ច្រើនផង ពិបាកកាន់ហើយខ្លាចបាត់ ចៅចេកក៏រើសយកបង្វិចរបស់តាចាស់មកពាក់តាមបណ្តាំ។ ស្លៀកពាក់រួចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់នៅចំពោះមុខចៅស្រទបចេក។ ចៅស្រទបចេកក៏ត្រូវបានអភិសេកជាស្តេចយ៉ាងគគ្រឹកគគ្រេងក្រោមការបាចផ្កាជូនពរជ័យពីទេវតាផង ដោយមាននាមថា ទេវវង្សកុមារ។ ពេលចប់ព្រះរាជពិធីទៅ ចៅស្រទបចេកនៅតែកើតទុក្ខនឹកដល់នាងកេសរមាលា ពុំមានសោយអ្វី និយាយអ្វី។ ព្រះនាងកេសរបុប្ឆាជាមហេសីក៏ដណ្តឹងសួរព្រះស្វាមី យល់សេចក្តីសព្វគ្រប់ប្រការ។ ទេវវង្សកុមារនិងមហេសីក៏ធ្វើដំណើរទៅស្រុកបច្ចន្តគ្រាមជាស្រុកភោគសេដ្ឋី ទ្រង់កើតឈឺចិត្តចង់រកយុត្តិធម៌ឲ្យមាតា ពេលនោះទ្រង់ក្លែងខ្លួនធ្វើជាប្រជារាស្ត្រសាមញ្ញ ហើយបានពឹងមេស្រុកទៅស្តីដណ្តឹងកូនសេដ្ឋី។ ថ្ងៃទី១ លោកសេដ្ឋីយល់មុខដល់ចៅហ្វាយស្រុក គេឲ្យមកវិញ។ ថ្ងៃទី២ទៅម្តងទៀត ត្រូវគេជេរប្រទេច។ ថ្ងៃទី៣ទៅទៀត ចង់ប៉ើងទាំងមេស្រុក ហើយចង់ទិញក្បាលដែលចង់ដណ្តឹងកូនគាត់កាប់ចោល។ ទ្រង់ក៏ចេះតែកត់បណ្តើរៗបានភ័ស្តុតាងសព្វគ្រប់ ក៏បើកសវនាការបញ្ជាឲ្យគេនាំខ្លួនភោគសេដ្ឋីមក។ នៅពេលអ្នកទាំងនោះទៅដល់ផ្ទះសេដ្ឋី សេដ្ឋីក៏សុំជូន៥ណែន ក្រោយមក១ពែងហាបប្រាក់តែឥតមាននរណាហ៊ានទទួល។ សេដ្ឋីទាមទារសាក្សី ពេលនោះគេក៏យកនាងកេសរមាលាមកធ្វើជាសាក្សី ប្រសិនបើនាងឆ្លើយថាមិនដឹងទ្រង់នឹងឲ្យគេកាត់សិរសាដោតលើឈើ។ ពេលនោះសេដ្ឋីត្រេកអរណាស់ព្រោះគេយកកូនស្រីមកធ្វើជាសាក្សី។ នាងកេសរមាលាចូលដល់ទីសវនការ នាងអត់មានមាត់កអ្វីទាំងអស់ព្រោះបើនាងនិយាយច្បាស់ជាមាននរណាម្នាក់ស្លាប់ជាមិនខាន។ ក្រោយមកនាងក៏សុំឲ្យព្រះអង្គប្រទានពរ នាងសុំតែមួយគឺសត្វដែលត្រូវបាត់បង់ជីវិតត្រូវលើកលែងទោស ហើយនាងក៏បានប្រាប់តាមត្រង់នូវអ្វីដែលនាងបានដឹង។
ភោគសេដ្ឋីចាញ់ក្តី ក៏ត្រូវធ្វើទារុណកម្ម តែមិនឲ្យស្លាប់ទេ ហើយបណ្តើរតាមផ្សារមិនឲ្យអ្នកស្រុកយកតម្រាប់តាម។ ក្រោយមកចៅស្រទបចេកទ្រង់ព្រះភស្តាជាព្រះមហាក្សត្រ ហើយក៏ចាត់អភិសេកយ៉ាងអធិកអធមសមរម្យតាមប្រពៃណី។ ដើម្បីស្រោចស្រង់កិត្តិយសឪពុក នាងក៏សំណូមពរឲ្យទ្រង់ដោះលែង។ រីឯលោកមេស្រុកក៏បានឡើងធ្វើជាមហាតលឹក ហើយឪពុកក្មេកឡើងជាមេស្រុក រួចទ្រង់ក៏វិលចូលព្រះរាជដំណាក់វិញ៕
ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេប និងស្នាដៃមួយចំនួនរបស់លោក សឺន ឌៀប (Son Diep) ដែលប្រមូលបាននឹងលើកយកមក|ជំរាបជូនលោកអ្នក ដោយទទួលបានរូបថត ព្រមទាំងអត្ថបទខ្លះៗ ពី Account Facebook នាម “ជេន្ទ្រឌី” ហើយក្នុងនោះគឺឯកសាររបស់បណ្ឌិត ឃីង ហុកឌី ស្តីពីអ្នកនិពន្ធសតវត្សរ៍ទី២០ ដែលមានខ្លឹមសារដូចតទៅ៖
លោក សឺន ឌៀប (Son Diep )កើតនៅឆ្នាំ១៨៥៥ លោកជាកូនកសិករម្នាក់ ដែលមានស្រុកកំណើតនៅខេត្តឃ្លាំងខ្មែរកម្ពុជាក្រោម។ ឪពុកឈ្មោះ សឺន ល័ក្ខ (Son Lek) ម្តាយឈ្មោះ នាង ពេជ (Neang Pech) ។ លោក សឺន ឌៀបបានសិក្សារៀនសូត្រនៅវត្តពេជ្រ ស្រុកជ្រោយញ៉ ខេត្ត ពល្លាវ ហៅថាខេត្តត្រាវីញ (ខេត្តឃ្លាំង បច្ចុប្បន្ន) និងបន្តការសិក្សាភាសាបារាំង ជាមួយអ្នកបួសកាតូលិក ជាក្រុមបេសកកម្មបរទេស ហើយក្រោយមក លោកទៅសិក្សានៅមហាវិទ្យាល័យមួយនៃទីក្រុងព្រៃនគរ ឈ្មោះ collège d’Adran ។
នៅរវាងឆ្នាំ ១៨៧០ លោកបានទទួលតំណែងជាអ្នកបកប្រែភាសា ក្នុងអំណាចអាណានិគមន៍បារាំងសែស ប្រចាំនៅប្រទេសកម្ពុជា ហើយលោកមានតួនាទីសំខាន់ ទាំងផ្នែកនយោបាយ និងការស្រាវជ្រាវ ក្នុងទសវត្សរ៍ចុងក្រោយនៃសតវត្សរ៍ទី១៩។ ចាប់ពីឆ្នាំ ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា នៅក្រោមអាណាព្យាបាលប្រទេសបារាំងសែស ហើយខេត្តនានានៅ វៀតណាមខាងត្បូងសព្វថ្ងៃ (មាត់ជ្រូក ស្រុកទ្រាំង ត្រាវិញ…) ក្រោមការគ្រប់គ្រងរដ្ឋអំណាចនៅកូសាំងស៊ីន ជាហេតុឲ្យមានទំនាស់វិបត្តិរវាងហ្លួង នរោត្តម និងរដ្ឋអំណាចបារាំង។
ព្រឹត្តិការណ៍មួយ ដែលគួរតែលើកយកមកបញ្ជាក់នៅទីនេះផងដែរ គឺនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ១៨៨៤ លោកឆាលថុំសុន(Charles Thomson) ទេសាភិបាលដែនដីកូសាំងស៊ីន(ព្រៃនគរ) បានបញ្ជូនទាហានជើងទឹកមួយកងមានចំនួន ១០០នាក់ មកចតកប៉ាល់នៅចតុមុខ ហើយចូលទៅក្នុងវាំង ទាំងកណ្ដាល អធ្រាត្រ វេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់ បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រ នរោត្តម ដែលកំពុងផ្ទុំលក់ ហើយបារាំងបានបង្ខិតបង្ខំឲ្យចុះហត្ថលេខាលើអនុសញ្ញានានា។
ព្រះបាទ នរោត្តម បានប្រកែកមិនព្រមទទួលលោកទេសាភិបាល ដោយយកលេសថាព្រះអង្គប្រឈួន។ បារាំង កំញើញថា បើព្រះអង្គមិនយល់ព្រមទេ គេនឹងយកព្រះអង្គទៅដាក់នៅប្រទេសអាល់ហេ្សរី។ ព្រះអង្គបានត្រូវហ៊ុមព័ទ្ធដោយនាយទាហាន និងមន្រ្តីបារាំងជាច្រើនរូប ក្នុងនោះមានលោក “ហ្វ៊រ៉ែស” និងលោក “លូស” ផងដែរ។ ហើយគេធ្វើឱ្យព្រះអង្គអាចទតពីព្រះបរមរាជវាំងទៅឃើញកប៉ាល់ ដែលត្រៀមចាំតែដឹកយកព្រះអង្គចេញទៅ ជាហេតុធ្វើឱ្យព្រះរាជាភ័យញ័ររន្ធត់ អត់មិនបានក៏ឡាយព្រះហស្តលេខាលើអនុសញ្ញា ដែលបារាំងយកមកបង្ខំព្រះអង្គ តែម្តងទៅនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៨៨៤។
បើតាមឯកសារប្រវត្តិសាស្ត្ររបស់លោក អាដេម៉ារ ឡឺក្លែរ (Adhemard LECLERE) ដែលក្រោយមក លោកបានទទួលតំណែងជារ៉េស៊ីដង់ធំប្រចាំប្រទេសកម្ពុជា បានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងនោះ គឺដោយសារកំហុសរបស់អ្នកបកប្រែភាសាបារាំង «បកប្រែខុស» ទៅវិញទេ។ លោកថា មានព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្តាយមួយបានកើតឡើង ដែលធ្វើឱ្យព្រះរាជាទ្រង់ភិតភ័យជាខ្លាំងគឺ លោក កុលដឺម៉ុងតេរ៉ូ ដែលជាអ្នកបកប្រែរបស់ព្រះរាជាម្នាក់ទៀត បានប្រែពាក្យ «មួយម៉ាត់ខុស» ព្រោះអីពាក្យនោះមានន័យ ២យ៉ាង។ ហើយដោយសារលោក “ប៉ាវី” (ជាអ្នករុករក និងស្រាវជ្រាវជនជាតិបារាំងសម្រាប់ប្រទេសលាវ) បានកែតម្រូវលើការបកប្រែនោះវិញ ជាហេតុធ្វើឱ្យគេឃាត់ខ្លួនលោក កុលដឺម៉ុងតេរ៉ូ ហើយឱ្យទាហាន ២នាក់ ដែលឈរសង្ខាង វាយធ្វើបាបគាត់បន្តិចបន្តូចផងដែរ។ លោក កុល ដឺម៉ុងតេរ៉ូ (ហៅកុល) គឺជាកូនកាត់ ដែលមានម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិព័រទុយហ្គេស ដែលជាសាសនទូត មករស់នៅស្រុកខ្មែរ ជាយូរមកហើយ។ ព្រឹត្តិការណ៍នោះហើយដែលបណ្តាលឲ្យមានការបះបោរជាទូទៅ ដែលដឹកនាំដោយលោក ឧកញ៉ាក្រឡាហោមគង់ នៅទូទាំងប្រទេស រហូតដល់ឆ្នាំ១៨៨៦។នៅពេលដែលបារាំងបានបង្ខំឲ្យហ្លួងនរោត្តម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានានេះ បារាំងបានចាប់បង្ខាំងលោក សឺន ឌៀប ទុកដើម្បីកុំឲ្យបកប្រែ ជាភាសាខ្មែរទូលហ្លួង អំពីសេចក្តីនៃអនុសញ្ញាថ្មីនេះឡើយ។
សម្រាប់លោក សឺន ឌៀប ក្នុងតួនាទីលោក ជាអ្នកបកប្រែភាសា លោកបានជួយលោកសង្ឃកាតូលិក គ្ហេដុង (Guesdong) សរសេរ វចនានុក្រមបារាំង-ខ្មែរ និងខ្មែរ-បារាំង និងបានសហការ ក្នុងកិច្ចស្រាវជ្រាវនានារបស់លោក អៃម៉ូនីញេ (Aymonier Dictionaire Khmer-Francais Saigon, 1878) ផងដែរ។
នៅឆ្នាំ ១៨៨៧ គាត់ទទួលបានការអនុញ្ញាតពីអាជ្ញាធរបារាំង ឱ្យត្រឡប់ទៅខេត្តរបស់លោកវិញ គឺខេត្តឃ្លាំង។ លោកត្រូវបានតែងតាំងតំណែងជា”ហ្វៀន” (ពាក្យវៀតណាម មានងារស្មើនឹងចៅហ្វាយស្រុក) មន្ត្រីហ៊ូពាន់ថ្នាក់ទី១ នៅស្រុកទ្រាំងនៅកម្ពុជាក្រោម។
ក្នុងរាជ្យហ្លួងស៊ីសុវត្ថិ (១៩០៤-១៩២៧) លោក ទទួលការតែងតាំង ជាមហាមន្ត្រី ចតុស្តម្ភ ដូចជា៖
-ក្នុងឆ្នាំ ១៩០៨ គាត់ត្រូវបានតែងតាំងជាឧកញ៉ា ក្រឡាហោម (រដ្ឋមន្រ្តីនៃកងទ័ពជើងទឹក) កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។
-ឆ្នាំ ១៩២៣ គាត់ត្រូវបានតែងតាំងជា ឧកញ៉ាយមរាជ (រដ្ឋមន្រ្តីទទួលផែនយុត្តិធម៌)។ លោកជាអ្នកនិពន្ធ ហើយបានទទួលមរណភាព នៅថ្ងៃទី១២ ខែមេសាឆ្នាំ១៩៣៤ ក្នុងជន្មាយុ ៧៩ឆ្នាំ។ កូនស្រីទី២ របស់លោកឈ្មោះ នាង សាន់ណារី (Neang Sunnary) រៀបការជាមួយនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីពង្ស ដែលជាបុត្រារបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ហើយចៅស្រីលោកម្នាក់ នាម ស៊ីសុវត្ថិសុវេទវង្ស (១៩៤៥-១៩៩៤) ហៅឡូឡា ឬលីឡា បានទទួលតំណែងជាតំណាងរាស្រ្តពីឆ្នាំ១៩៧៩ ដល់១៩៩១ ក្រោមរដ្ឋាភិបាលកុម្មុយនិស្ត “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលទទួលឥទ្ធិពលអាណានិគមន៍ពីវៀតណាម។ លោកបានទុកស្នាដៃអក្សរសិល្ប៍ជាកម្រងកំណាព្យមួយ និពន្ធពេលលោកមកកាន់ប្រទេសបារាំង ក្នុងពេលពិធីតាំងតុអន្តរជាតិនៅក្រុងប៉ារីស ឆ្នាំ១៩០០ មានចំណងជើងថា “ល្បើកពីស្រុកព្រៃនគរទៅក្រុងបារាំងសែស នៅទីតាំងតុ”៕
សូមបង្ហាញកំណាព្យចម្លងតាមអក្ខរ:ដើម ដូចខាងក្រោម៖
១-យើងថ្លែងចែងច្ចាជាសង្ខេប យ៉ាងបែបជុំម្នាងគ្រុបបូរី
ក្បូរក្បាច់រេច្នារការពីសី ឥតប្បីនឹងត្រាប់រាប់ពុំបាន។
២-បារីស៍ អេលីសេ ឡីសំរេច ប្រសើដ្ឋលើ្សលេចក្នុងដែនដាន
ឪដំមសាកសំមគ្រុបភីមាន ជាស្ឋានសំរាបច្បាបរាជ្ការ។
៣-ផ្លូវធ្លាមាគាទូលាយស្អាត ប្រកិតសុតសាតថ្មសីល៉ា
ផ្លូវខ្លះប្រកិតដើមព្រឹក្សា សិងអារបួនជ្រុងរៀបបន្ឈរ។ មានតទៅទៀត
ប៉ុន្តែ ម៉ឺន ក្នុងអត្ថបទនេះពុំមែនសម្គាល់ថា ជាកូនរបស់សេនាបតី ឬ ស្ដេចត្រាញ់ទេ បើរាប់ថាជាងារសក្តិត្រឹមត្រូវជាងព្រោះមន្តភ្ជាប់ជាមួយពាក្យភក្តីនិងអក្សរទៀត ។ ដូច្នេះម៉ឺន ភក្តីអក្សរ ពិតជាងារសក្តិរបស់អ្នកនិពន្ធ ឈ្មោះ តន់ ។ ម៉ឺនភក្ដីអក្សរតន់ ចេះភាសាសៀម (ថៃ) យ៉ាងជ្រៅជ្រះ អាចប្រែរឿងបានដូចក្នុងឃ្លារបស់រឿងសព្វសិទ្ធិ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ទំព័រ៣ បន្ទាត់១៣ថា «សៀមប្រែមកជាភាសាខេមរា គឺកម្ពុជាជាតិ» ។ ចំពោះទីកំណើតរបស់លោកនិងទីកន្លែងរស់នៅរបស់គ្រួសារលោកវិញ យើងពុំអាចដឹងតាមរយស្នាដៃលោកបានឡើយយើងគ្រាន់តែស្គាល់ជីវភាពសិក្សាសម័យអាណានិគម។
ឯការនិពន្ធរឿងសព្វសិទ្ធិ លោកបាននិពន្ធនៅការិយាល័យរបស់លោក នៅក្នុងព្រះ រាជវាំងព្រោះមួយឃ្លានៅក្នុងរឿង បានសរសេរថា ៖ «តែងក្នុងលេខពីរទីប៊ុយរ៉ូ នៅឃ្លាំងត្រីសូល៍ប្រសើរថ្លៃថ្ងៃ…។ ពាក្យ «ឃ្លាំងត្រីសូល៍» គឺប្រាសាទកំពូលបីនៅក្នុងរាជវាំង ។ នេះជាសេចក្តីបញ្ជាក់អះអាងរបស់ លោក ឱម ណាគ្រី ក្នុងសៀវភៅរឿងសព្វសិទ្ធិ ។ ដូច្នេះ ម៉ឺនភក្តី អក្សរតន់ ជាក្រុមព្រះរាជនិពន្ធ ព្រោះតែរឿងក្នុងការិយាល័យរបស់លោក មានកន្លែងធ្វើការ ក្នុងរាជវាំង ។ យើងពុំអាចសម្រេចបានថា អ្នកនិពន្ធនេះមានស្នាដៃតែរឿងសព្វសិទ្ធិមួយទេ ព្រោះលោកសន្ធរម៉ុកបានសង្ស័យថា លោកបានជំនុំប្រឹក្សាអំពីវិជ្ជាផ្សេងៗ ទៀតជាច្រើន និងជារឿយៗ ជាមួយអ្នកប្រាជ្ញបណ្ឌិតជាច្រើនក្នុងរាជធានី ហើយបានតែងសាស្ត្រា ប្រលោមលោកជាច្រើនតែយើងពុំអាចរៀបរាប់ឈ្មោះឱ្យប្រាកដក្នុងនេះបានទេ គ្រាន់តែ ប្រហាក់ប្រហែលគឺសាស្ត្រាវិមានចន្ទ ទិព្វសង្វារ (អត្ថបទលោក រឹម គិន ក្នុងទស្សនាវដ្តីមិត្ត សាលាបាលីទំព័រ ១២០) ។ ឯកសារលោក លី ធាម តេង (អក្សរសាស្ត្រ ទំព័រ១២០) បង្ហាញ ពីឈ្មោះរឿងជាច្រើនមាន៖ ហង្សយន្ត សុវណ្ណក្តាមាស ទឹករាំផ្ការាំង ទិព្វសង្វារ លិន្ទថោង ។ល។ តែងក្នុងរវាងសតវត្សរ៍ទី១៨ ១៩ ហើយពុំដែលស្គាល់ឈ្មោះអ្នកនិពន្ធ តើរឿងទាំង នោះ មានរឿងណាដែលជាស្នាដៃរបស់ ម៉ឺនភក្ដីអក្សរតន់ ឬទេ? នេះកំពុងស្ថិតនៅក្នុងការ សិក្សាប្រៀបធៀបនិងឈ្វេងយល់បំពេញបន្ថែមនូវឡើយ ។
រឿងសព្វសិទ្ធិ និពន្ធ ដោយ ហ្មឺនភក្ដីអក្សរ តន់ នៅគ.ស. ១៨៩៩ ខ្លឹមសារចម្លងចេញ ពីសាស្ត្រាស្លឹករឹត កាព្យពាក្យ៧។ រឿងសព្វសិទ្ធិ ជាប្រភេទអក្សរសិល្ប៍ពុទ្ធនិយម ជាស្នាដៃអក្សរសិល្ប៍មួយបែបជាសាស្ត្រាល្បែងឬហៅ ថារឿងល្បែង ក៏បានដែរដែលពុំមែនជា រឿងទសជាតក និងពុំមែនជារឿងបញ្ញាសជាតកឡើយ ។ ជាស្នាដៃអក្សរសិល្ប៍ខ្មែរដែលកើតឡើងនៅសម័យកណ្តាល (លង្វែក និងឧដុង្គ) ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា ថេរវាទ ។ អក្សរសិល្ប៍ប្រភេទនេះ ជាស្នាដៃអក្សរសាស្ត្រមួយដែលច្នៃប្រតិដ្ឋសម្រាប់ប្រលោមលួងលោមអារម្មណ៍អ្នកអានក្នុងកម្រងភាសាកំណាព្យដ៏ប្រណិត ពោលគឺកម្រង អត្ថបទរឿងរ៉ាវបែបប្រពៃណីដែលតាក់តែងជាកំណាព្យឃ្លោងឡើងនៅរវាងសតវត្សរ៍ទី១៨ ១៩ ។ កម្មវណ្ណអក្សរសាស្ត្រកំណាព្យមានទំហំវែងអន្លាយចំនួនជាមធ្យមនៃរឿងល្បែងនីមួយៗមានប្រហែល៨ពាន់ឃ្លា។
សង្ខេបរឿងសព្វសិទិ្ធ
នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូ រស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក ។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឱ្យចាបញីនៅ ក្រុងរក្សាកូន ។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូក រីកនោះ ហើយត្រូវផ្កាឈូកក្ដោបរំរកច្រកចេញពុំរួច ។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ ក៏កើតក្តីប្រចណ្ឌខឹងនឹងប្តីថា រវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិននិយាយស្តីនឹង ប្រុសណាឡើយ ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។
កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេ មារី ក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណរាសី ដោយមាននាមថា «ចៅសព្វសិទ្ធិ»។ កាលសព្វសិទ្ធិប្រសូត្រនោះមានកុមារ១០០១នាក់កើតឡើងដែរជាបរិវារ ។ ចំណែកឯនាងសុកណី កាលស្លាប់ទៅ បានយោងយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា«សុវណ្ណកេសរ» នៃក្រុងពារាណសី ដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា ។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយ ទៅរៀនវេទនឹងលោកអាចារ្យ ទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង ១០០១ ទៅរៀនជាមួយគ្នា ព្រមទាំង មានភីលៀងជំនិតម្នាក់ផងដែរ បានរៀនចេះដឹងដូចសព្វសិទ្ធិដែរ ។ ក្នុងចំណោម សិស្សទាំងអស់ សព្វសិទ្ធិ គឺជាសិស្សដែលពូកែនិងឆ្លាតជាងគេ ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រលប់មកមាតុភូមិវិញ។
ថ្លែងឯនាងកញ្ញា សុវណ្ឌកេសរ វិញពុំដែលនិយាយរកប្រុសណាសោះរាប់ទាំងបិតាព្រះនាងផង ។ ការណ៍នេះធ្វើឱ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំង ក៏សួរទៅនាងកុសមាជា មហេសីឱ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថា ការណ៍នេះគឺបណ្តាលមកពីកម្មនិងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទណទត្ត ក៏ប៉ាវគងឱ្យក្សត្រគ្រប់នគរ នាម៉ឺនមន្ត្រី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឱ្យនាងសុវណ្ណកេសរ ព្រមនិយាយជាមួយ នឹងលើកព្រះនាងឱ្យជាមហេសី ។ តែគ្រប់បុត្រាក្សត្រ និងបុរសជាច្រើនមិនបានធ្វើឱ្យព្រះនាងនិយាយ ជាមួយនោះទេ ។ ព័ត៌មាននេះបានលេចឮដល់សព្វសិទ្ធិៗក៏បាននាំភីលៀងមកនគរពារាណសី ដើម្បីល្បងនិយាយទៅរកនាងសុវណ្ណកេសរ ដោយបានប្រើសិល្បសាស្ត្រដកដួងព្រលឹងភីលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់បួនដង ។ លើកទីមួយ សព្វសិទ្ធិបានដកដួងវិញាណរបស់ភីលៀងទៅដាក់នឹងទ្វារ ។ លើកទី ពីរដាក់នឹងចង្កៀង លើកទីបីដាក់នៅពានព្រះស្រី លើកទីបួនដាក់នៅនឹងវាំងនន ។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឱ្យសុវណ្ណកេសរនិយាយតបដោយមានសូរសព្ទភ្លេងជាសក្ខីភាព ។ សព្វសិទ្ធិនិងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឱ្យនាពេលនោះ ។
សម័យក្រោមមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយភីលៀង ។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិដកដួងចិត្តពីរូបខ្លួនទៅក្នុងសាកសពនោះដោយបានផ្តាំភីលៀងឱ្យមើលថែរូបកាយខ្លួនឱ្យបានល្អ ។ សព្វសិទ្ធិក្នុងរូបរាងជាប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ ។ ឱកាសល្អភីលៀងបានដកដួងជីវិរបស់ខ្លួនចូលទៅក្នុង រូបសព្វសិទ្ធិហើយដុតរូបរបស់ខ្លួនចោលទៅ ។ សព្វសិទ្ធិត្រលប់មកវិញដឹងថាភីលៀងក្បត់ យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ ។ ចៃដន្យល្អមានសត្វសារិកាមួយ ស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដាក់ដួងជីវិតចូលទៅក្នុងរូបសត្វនោះហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់ ។ សុវណ្ណកេសរក៏លួងលោមភីលៀងឱ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ ។
ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទិវង្គត ។ អស់ចតុរុង្គជំនុំគ្នា ស្តេច យាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរ ឱ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្ម មួយរយម្ភៃព្រះវស្សា ទើបសោយវិលាល័យទៅកើតនៅឋានតុសិត ។ សព្វសិទ្ធិសរជាតិជា ព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភីលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្ត ជាអានាថបណ្ឌិតមហាសេដ្ឋីកុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរិមហាមាយា ៕
បើយោងតាមរបាយការណ៍ IQ របស់សហរដ្ឋអាមេរិក – World Population Review (WPR) ដែលជាអង្គការឯករាជ្យដែលមានឯកទេសក្នុងការវិភាគសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ប្រជាជន… នៃប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ 4/11 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។IQ (ជារង្វាស់នៃភាពវៃឆ្លាតរបស់មនុស្ស)របស់ប្រទេស ត្រូវបានវិភាគ និងប្រៀបធៀបដោយ WPR ក្នុងចំណោម១៩៩ប្រទេស។ យោងតាម WPR ជារឿយៗ IQ ឆ្លុះបញ្ចាំងពីគុណភាពនៃការអប់រំនិងធនធានដែលមានសម្រាប់ការអភិវឌ្ឍន៍មនុស្សនៅក្នុងប្រទេស។ ហើយប្រទេសក្នុងតំបន់ដែលមានពិន្ទុ IQ ទាប ច្រើនតែអន់ជាង និងមិនសូវមានការអភិវឌ្ឍន៍។
យោងតាមទិន្នន័យចុងក្រោយរបស់ WPR ប្រទេសជប៉ុនគឺជាប្រទេសដែលមាន IQ ខ្ពស់បំផុតក្នុងពិភពលោក ដោយឈានដល់១០៦.៤៨ពិន្ទុ។ បន្ទាប់ពីជប៉ុន សិង្ហបុរីឈរនៅលេខរៀងទី២ មាន១០៥.៨៩ពិន្ទុ។ ក្រៅពីនេះ ចំណាត់ថ្នាក់នៅបាតតារាង IQ របស់ WPR គឺ Cape Verde (៥២.៥ ពិន្ទុ) Guatemala (៤៧.៧២ ពិន្ទុ) Sierra Leone (៤៥.០៧ពិន្ទុ) Liberia (៤៥.០៧ ពិន្ទុ) និង Nepal (៤២.៩៩ពិន្ទុ)។ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសសិង្ហបុរីប៉ុណ្ណោះដែលស្ថិតក្នុងប្រទេសកំពូលទាំង ១០ ដែលមាន IQ ខ្ពស់បំផុតក្នុងពិភពលោក។ ចំពោះIQ របស់វៀតណាមគឺ៨៩.៥៣ ពិន្ទុ បានកាន់កាប់តំណែង ៤/១១ ប្រទេសនៅអាស៊ីអាគ្នេយ៍ និង៦០/១៩៩ប្រទេសនៅលើពិភពលោកក្នុងចំណាត់ថ្នាក់ IQ របស់ WPR ។
ទន្ទឹមនឹងនោះកាលពីឆ្នាំ២០២២ នៅពេលប្រៀបធៀប IQ របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរីឈរនៅលេខរៀងទី១ មាន ១០៥.៨៩ ពិន្ទុ តាមពីក្រោយដោយកម្ពុជា មាន ៩៩.៧៥ ពិន្ទុ និងមីយ៉ាន់ម៉ា មាន ៩១.១៨ ពិន្ទុ។ បច្ចុប្បន្ននេះ ប្រទេសដែលមានពិន្ទុ IQ ខ្ពស់ជាងប្រទេសវៀតណាម គឺសិង្ហបុរី កម្ពុជា និងមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនោះ ប្រទេសមួយចំនួនដែលមានពិន្ទុ IQ តាមពីក្រោយវៀតណាមមានប្រទេសថៃ (៨៨.៦៧ ពិន្ទុ ម៉ាឡេស៊ី ៨៧.៥៨ ពិន្ទុ) ប្រ៊ុយណេ (៨៧.៥៨ ពិន្ទុ) ហ្វីលីពីន (៨១.៦៤ ពិន្ទុ) ឡាវ (៨០.៩៩ ពិន្ទុ) ឥណ្ឌូនេស៊ី (៧៨.៤៩ ពិន្ទុ) និងទីម័រខាងកើត (៧៨.៤៩ ពិន្ទុ)។ )បើនិយាយពីចំណាត់ថ្នាក់ពិភពលោកវិញ សិង្ហបុរី កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន ឡាវ ឥណ្ឌូណេស៊ី និងទីម័រខាងកើត ជាប់ចំណាត់ថ្នាក់លេខ ៣, ១៥, ៥២, ៦៦, ៦៤, ៧៣, ៧៤, ១១១, ១១៤។ ១៣០, ១៣២/១៩៩។
សាជីវកម្មបរទេសធ្វើការស្ទង់មតិសន្ទស្សន៍នេះជាមុនសិន បន្ទាប់មកតាមពីក្រោយដោយកម្រិតជំនាញភាសាអង់គ្លេស ដើម្បីកំណត់ទីតាំងការិយាល័យកណ្តាល ឬសាខាគ្រប់គ្រងរបស់ពួកគេនៅអាស៊ីអាគ្នេយ៍។ នៅប្រទេសវៀតណាម និងប្រទេសផ្សេងទៀតដែលចាត់ទុកភាសាអង់គ្លេសជាភាសាបរទេស សាជីវកម្មចម្រុះជាតិសាសន៍ធំៗជ្រើសរើសបុគ្គលិកកម្រិតគ្រប់គ្រងក្នុងទិសដៅដូចខាងក្រោម៖ ជ្រើសរើសសិស្សផ្នែកវិទ្យាសាស្រ្តធម្មជាតិ ឬត្រូវប្រឡងចូលផ្នែកវិទ្យាសាស្រ្តជាតិ បន្ទាប់មកក្នុងក្រុមនិស្សិតកំពុងកម្មសិក្សា។ ហេតុនេះហើយជាមូលហេតុដែលសឹង្ហបុរីសម្បូរ និងខ្លាំង ដោយសារតែ IQ ខ្ពស់ និងភាសាបរទេសល្អ ហើយប្រទេសហ្វីលីពីនល្អដោយសារភាសាអង់គ្លេសល្អ ប៉ុន្តែ IQ មធ្យមមិនខ្ពស់ទេ។ និយាយទៅ IQ គឺជាលក្ខខណ្ឌចាំបាច់ ភាសាអង់គ្លេសគឺជាលក្ខខណ្ឌគ្រប់គ្រាន់។
ចង់បានIQ ខ្ពស់ត្រូវន្លឿនផែនការធំមួយក្នុងវិស័យអប់រំ ឧទាហរណ៍ការពិចារណាភាសាអង់គ្លេសជាភាសាទីពីរជំនួសឱ្យភាសាបរទេស (ហូឡង់ អាឡឺម៉ង់ គំរូអ៊ីស្រាអែល…)។ ចំណែកបុគ្គលវិញ គួរតែជ្រើសរើសរៀននៅសាលាដែលបង្រៀនមុខវិជ្ជាជាភាសាអង់គ្លេសឱ្យបានច្រើនតាមដែលអាចធ្វើបាន សាលាឯកជនឥឡូវទាំងកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យគឺល្អណាស់ក្នុងរឿងនេះ៕
លោក ថៃលួនធ្វើក្រដាសដោយយកសំបកដើមមៀននិងសរសៃឫស្សីមកលាយទឹករួចបុកជាមួយនឹងឧបករណ៍ឈើរួចចាក់ល្បាយនោះលើក្រណាត់សំប៉ែតរួចហាលស្តើងៗទុកចោល បង្ហូរ។ នៅពេលដែលស្ងួតលោកក៏បានរកឃើញថា វាអាចសរសេរបានយ៉ាងងាយស្រួល និងទន់បទបែនបានយ៉ាងងាយ។ លោក ក៏បានសាកល្បងយកសំបកដើមត្រកួន សូត្រ និងសំណាញ់នេសាទដែរ ប៉ុន្តែរូបមន្តពិតប្រាកដត្រូវបានបាត់បង់។
ទោះជាយ៉ាងណាក៏ដោយ ការរកឃើញថ្មីៗនេះក្នុងឆ្នាំ២០០៦ បានបង្ហាញថា យោធាចិនប្រហែលជាបានប្រើក្រដាសច្រើនជាង១០០ ឆ្នាំមុនរជ្ជកាល ថៃលូន ។ នេះមានន័យថា ថៃលួន បានចូលរួមចំណែកក្នុងការកែលម្អដំណើរការផលិតក្រដាស ជាជាងការបង្កើតក្រដាសសរសេរ។ ក្រដាសទីមួយត្រូវបានគេរកឃើញនៅក្នុងខេត្ត Gansu ហើយមានផែនទីមួយគូរនៅលើវាដែលមានអាយុកាលតាំងពីឆ្នាំ ១៧៩-៤១មុនគ.ស។
នៅសតវត្សទី៥ លោកផាម ដៀបបានរាយការណ៍នៅក្នុងសៀវភៅ ក្រោយមករជ្ជកាល ហាននិយាយទៅតាំងពីបុរាណកាលមក មនុស្សបានប្រើដំបងឬស្សីសម្រាប់សរសេរ ចងភ្ជាប់គ្នា។ វាក៏មានប្រភេទក្រដាសដែលផលិតចេញពីផលិតផលសំណល់សូត្រផងដែរ។ ប៉ុន្តែសូត្រមានតម្លៃថ្លៃពេក ហើយដំបងឫស្សីមានទម្ងន់ធ្ងន់ពេកសម្រាប់ការប្រើប្រាស់ត្រឹមត្រូវ។ ដូច្នេះ ថៃលួន បានបង្កើតគម្រោងធ្វើក្រដាសពីសំបកឈើ សរសៃឈើ ដើមត្របែក ព្រមទាំងក្រណាត់ និងសំណាញ់នេសាទចាស់ៗ។ នៅឆ្នាំ ១០៥នៃគ.ស គាត់បានរាយការណ៍ទៅអធិរាជ ហើយគាត់ត្រូវបានផ្តល់រង្វាន់សម្រាប់ទេពកោសល្យរបស់លោក។ ចាប់ពីពេលនោះមក ក្រដាសបានក្លាយជាការពេញនិយម ហើយទូទាំងនគរបានហៅវាថា ក្រដាសរបស់អភិជនថៃ។
លោកថៃលួន កើតនៅឆ្នាំ ៦១ នៃគ.ស និងជាអ្នកវិទ្យាសាស្ត្រក្នុងរាជវង្សហាននៃប្រទេសចិន។ ថៃលួនមកពីគ្រួសារកសិករនៅអាយុ១៥ ឆ្នាំគាត់ត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកជំនិតរបស់ស្តេចហើយបានបម្រើការជាមន្ត្រីជាន់ខ្ពស់អស់រយៈពេលជាយូរមកហើយ។ នៅពេលនោះ ថៃលួន ឃើញថា ប្រជាជនមិនសូវស្រួលក្នុងការសរសេរទេ សន្លឹកបៀឬស្សីមានទម្ងន់ធ្ងន់ពេក សូត្រថ្លៃពេក ក្រដាសកប្បាសមិនអាចផលិតបានក្នុងបរិមាណច្រើន ហើយមានចំណុចខ្វះខាតទាំងអស់។ បន្ទាប់មកថៃលួន( Thai Luan) បានចាប់ផ្តើមស្រាវជ្រាវវិធីកែលម្អបច្ចេកទេសផលិតក្រដាស។
លោក ធ្លាប់ទទួលបន្ទុកផ្នែកកែសម្រួលសៀវភៅក្នុងព្រះបរមរាជវាំង បន្ទាប់ពីកែសម្រួលរួច ត្រូវថតចម្លងជូនមន្ត្រីមូលដ្ឋាន ដែលទាមទារក្រដាសជាច្រើន។ តម្រូវការរបស់សង្គមលើកកម្ពស់ផលិតកម្ម ហើយការប្រមូលផ្តុំជាបន្តបន្ទាប់នៃការអនុវត្តផលិតកម្មធ្វើឱ្យបច្ចេកទេស និងកម្រិតនៃការផលិតក្រដាសមានភាពប្រសើរឡើងឥតឈប់ឈរ។ ដោយសារតែការជំរុញរបស់ថៃ លួន បច្ចេកទេសផលិតក្រដាសរបស់ចិនកាន់តែល្អឥតខ្ចោះទៀតផង។
នៅឆ្នាំ១១៨៩រោងចក្រផលិតក្រដាសដំបូងត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ហើយពីច្រកទ្វារនេះ បច្ចេកទេសផលិតក្រដាសបានរីកដុះដាលពាសពេញទ្វីប។លុះដល់សតវត្សទី១៣ក្រដាសជាផ្លូវការបានបង្ហាញខ្លួននៅក្នុងប្រទេសបារាំងដែលមានរោងម៉ាស៊ីនក្រដាសនៅ Troyes បន្ទាប់មកEssones ។
-នៅឆ្នាំ ១៤៤៥ លោក Gutenberg (អាល្លឺម៉ង់) បានបង្កើតរោងពុម្ព។ នេះគឺជាចំណុចរបត់ដំបូងដើម្បីធ្វើឱ្យការបោះពុម្ពកាន់តែងាយស្រួលកាន់តែប្រសើរឡើង។
-នៅឆ្នាំ ១៧៩៩ លោក Louis-Nicolas Robert (១៧៦១ -១៨២៨) និងឪពុករបស់គាត់បានបង្កើតម៉ាស៊ីនក្រដាសបន្ត។ សម្គាល់វឌ្ឍនភាពក្នុងការផលិតក្រដាសកាន់តែលឿនសម្បូរបែប និងថោកជាង។
-នៅឆ្នាំ ១៨២៥ ទិន្នន័យបានបង្ហាញថាទិន្នផលក្រដាសដ៏ធំត្រូវបានសម្រេចនៅអឺរ៉ុប និងអាមេរិក។ សូមបញ្ជាក់ថាក្នុងពេលជាមួយគ្នានេះ ការវេចខ្ចប់ក្រដាស និងកេសបានចាប់ផ្តើមអភិវឌ្ឍយ៉ាងខ្លាំង និងបានសម្គាល់រូបរាងនៃម៉ាស៊ីនក្រដាសកាតុងធ្វើកេសពហុស្រទាប់ជាច្រើន។
-នៅឆ្នាំ១៨៥៦ វិស្វករជនជាតិអង់គ្លេសម្នាក់ឈ្មោះ Edward C. Haley បានបង្កើតក្រដាសក្រាស ដែលប្រើសម្រាប់ផលិតមួកសុវត្ថិភាព ហើយនៅឆ្នាំ១៨៥៧ លោក Jojeph Coyetty (ជនជាតិអាមេរិក) បានបង្កើតបង្គន់ធ្វើពីក្រដាស៕
តារាល្បីល្បាញក្នុងកែវភ្នែកទស្សនិកជនបានទទួលមរណភាពក្នុងឆ្នាំ១៩៦២ ក្នុងវ័យ៣៦ ឆ្នាំ។ គ្រប់គ្នាដឹងថាមរតកដែលនាងបានបន្សល់ទុកគឺជារឿងព្រេងនៃសម្រស់ដ៏អស្ចារ្យរបស់នាងដែលបង្ហាញតាមរយៈរូបថតដ៏ស្រស់ស្អាតរាប់ពាន់សន្លឹក។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ម៉ារីលីន ធ្លាប់មានបណ្ណាល័យមួយដែលមានសៀវភៅអក្សរសាស្ត្រជាង៤០០ក្បាល។ ក្រោយពីមរណភាពមានមនុស្សជាជាច្រើនត្រូវបានដេញថ្លៃដោយ Christie’s ។ យោងតាម Library Thing នៅក្នុងធ្នើសៀវភៅរបស់តារារូបនេះមានស្នាដៃអក្សរសាស្ត្របុរាណដូចជា៖Ulysses ដោយ James Joyce, Crime និង Punishmebt ដោយ Fyodor Dostoevsky,On The Road ដោយ Jack Kerouac…ជាដើម។
ក្រៅពីសៀវភៅអក្សរសាស្ត្រ បណ្ណាល័យរបស់ម៉ារីលីនក៏មានសៀវភៅនយោបាយដូចជា The Roots Of American Communism និពន្ធដោយ Theodore Draper រួមទាំងព្រះគម្ពីរ។ តារាចូលចិត្តអានរឿងព្រេងនិទានក៏ចាប់អារម្មណ៍លើបញ្ហាជីវិតគ្រួសារដូចជា The Joy of Cooking, Baby & Child Care និពន្ធដោយ Benjamin Spock ។
មនុស្សជាច្រើនជឿថា ម៉ារីលីន ប្រហែលជាបានទទួលមរតកបណ្ណាល័យដ៏សម្បូរបែបនោះពីអាពាណ៍ពិពាណហ៍ចុងក្រោយរបស់នាងជាមួយលោក អាធូ មីល្លើដែលជាអ្នកនិពន្ធ និងជាអ្នកនិពន្ធរឿង។ ប៉ុន្តែមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា មីល្លើ ពិតជាមិនបានជូនដំណើរជាចំណងអាពាហ៍ពិពាហ៍បានគឺបានត្រឹមតែថតរូបក្តៅនៃការរួមភេទ។ បុរសម្នាក់នេះហើយក៏ឃើញរូបថតធម្មតារបស់ម៉ារីលីនជាមួយនឹងសៀវភៅផងដែរ។ លោក Eve Arnold បានថតឈុតឆាករបស់តារាស្រីស្លៀកឈុតសិចស៊ី អាន សៀវភៅ Ulysses របស់ James Joyce នៅក្នុងឧទ្យាន។ រូបថតនេះត្រូវបានបោះពុម្ពនៅលើក្របទស្សនាវដ្តីមួយក្នុងឆ្នាំ១៩៥៤។ អ្នកថតរូប Alfred Eisenstaedt បានចាប់យកគ្រាដែលនាងម៉ារីលីនពាក់អាវពណ៌ខ្មៅ និងខោខ្លីអង្គុយ និងកត់ត្រានៅមុខធ្នើសៀវភៅនៅក្នុងបណ្ណាល័យផ្ទាល់ខ្លួនរបស់នាង។ រូបថតមួយក្នុងចំណោមរូបថតទាំងនោះបានបង្ហាញខ្លួននៅក្នុង ទស្សនាវដ្តីLife។ ក្នុងរូបថតមួយសន្លឹកទៀតសម្រស់ស្ថិតនៅលើកៅអីអានកំណាព្យរបស់ Heinrich Heine។
រូបថតទាំងនេះធ្លាប់ត្រូវបានចំអក ដោយសារតែមនុស្សជាច្រើនគិតថាសៀវភៅនិង «គ្រាប់បែកសិចស៊ីពណ៌ទង់ដែង» មិនអាចជាការរួមបញ្ចូលគ្នាដ៏អាក្រក់នោះទេ។ ប៉ុន្តែក្រោយមក កំណត់ហេតុប្រចាំថ្ងៃរបស់ម៉ារីលីន ត្រូវបានលាតត្រដាង ដែលក្នុងនោះតារាស្រីរូបនេះបានបង្ហាញពីចំណង់ចំណូលចិត្តរបស់នាងចំពោះសៀវភៅ និងសូម្បីតែបំណងប្រាថ្នាចង់ក្លាយទៅជាកវីម្នាក់។ មនុស្សចាប់ផ្ដើមជឿថា ការស្រឡាញ់សៀវភៅរបស់ម៉ារីលីន អាចជាផ្នែកលាក់កំបាំងដែលមិនស្គាល់។ ប្រហែលជាតារាសម្តែងអាយុខ្លីបានងាកមករកអក្សរសិល្ប៍ជាមិត្តក្នុងកំឡុងឆ្នាំចុងក្រោយនៃការធ្លាក់ទឹកចិត្តក្នុងជីវិតរបស់នាង។
នៅពេលនិយាយអំពីតារារូបនេះប្រហែលជាសាធារណជនភាគច្រើននឹងគិតភ្លាមៗអំពីភាពស្រស់ស្អាត និងសិចស៊ីរបស់នាង តាមរយៈរូបថត និងខ្សែភាពយន្តបុរាណ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ទោះបីជានាងបោះបង់ការសិក្សានៅវិទ្យាល័យ ហើយមិនបានចូលមហាវិទ្យាល័យក៏ដោយ ក៏ម៉ារីលីនមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះសៀវភៅ។ នាងជាម្ចាស់បណ្តុំនៃសៀវភៅអក្សរសាស្ត្រ និងសិល្បៈចំនួន៤៣០ក្បាលមិនត្រឹមតែឈប់កែសម្ផស្សទេ ម៉ារីលីន ក៏ប្រាថ្នាចង់ក្លាយជាបញ្ញវន្តដែរ។ នាងបានឆ្លៀតយកប្រយោជន៍ពីពេលទំនេររបស់នាងរវាងឈុតឆាកថតរឿង ដើម្បីចូលរៀនថ្នាក់ពេលល្ងាចនៅនាយកដ្ឋានអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអេនជឺលេស (UCLA)។ នាងក៏មានបណ្ណាល័យធំមួយ ហើយជារឿយៗអានសៀវភៅនៅពេលទំនេររបស់នាង។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលនាងបានសរសេរកំណាព្យជាច្រើនដែលត្រូវបានបោះពុម្ពយ៉ាងទូលំទូលាយ៕