ភូមិអ្នកនិពន្ធសូមដំណាលពីបោះពុម្ពផ្សាយរឿង សូផាត។ រឿង សូផាត សរសេរក្នុងឆ្នាំ ១៩៣៨ ហើយគ្មានលទ្ធភាពបោះពុម្ពទាល់តែសោះ ពីព្រោះសម័យនោះគ្មានរោងពុម្ព លុះនៅឆ្នាំ១៩៤២ទើប ស្នាដៃនេះបានចេញផ្សាយ។ ការចេញផ្សាយបានគឺលោក រីមគីនសុំជំនួយពីសមាគមសិស្សចាស់អនុវិទ្យាល័យ និងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្ញើជាមួយសំណៅរឿង ដែលសុំច្បាប់អនុញ្ញាតិពីរាជការអាណាព្យាបាលបានហើយនោះក៏យកទៅបោះពុម្ពនៅផ្សារចឺឡឺង (ផ្សារធំ) ទីក្រុងព្រៃនគរ។ ការបោះគឺចំនួន២០០០ច្បាប់ហើយក៏ទទួលការគាំទ្រពីមិត្តអ្នកអានទូទាំងប្រទសហើយថែមទាំងនិយាយតៗគ្នាកាន់តែល្បីល្បាញឡើង។ នៅឆ្នាំ ១៩៥០បានដាក់ទៅក្នុងកម្មវិធីសិក្សាផ្នែកបថមសិក្សា។
លោករីម គីន ជាអ្នកនិពន្ធមួយរូបក្នុងសម័យអក្សរសាស្ត្របច្ចុប្បន្ននាសតវត្សទី២០។ អ្នកនិពន្ធរូបនេះមានស្រុកកំណើតនៅក្រុងភ្នំពេញ ក្នុងសង្កាត់លេខ៤ ។ លោកកើត ពីឆ្នាំ ១៩១១ បិតានាម គីម មាតានាម រសា ដែលជាគ្រួសារសាមញ្ញមួយ គឺបិតាលោក ធ្វើជាភ្នាក់ងារត្រួតត្រាការក្នុងក្រុមសាធារណការ ដែលមាននាទីដើរត្រួតត្រា មើលការ ងារកម្មករធ្វើផ្លូវពីស្រុកមួយទៅស្រុកមួយ ពីកន្លែងមួយទៅកន្លែងមួយ ពុំសូវទៀងទាត់ ទីកន្លែងឡើយ ។ ដោយសារលោកឪពុកលោកមានភារៈនាំគ្រួសារទៅប្រកបមុខងារ នៅតាមស្រុកភូមិជាច្រើនដូច្នេះហើយ បានជាពីកុមារអ្នកនិពន្ធ រីម គីន បានជួបប្រសព្វ និងជីវភាពអ្នកស្រុកស្រែចំការជាច្រើនកន្លែង ។
ជួនកាលឪពុកលោកពុំនៅ លោកនៅកំសត់តែពីរនាក់នឹងម្តាយតាមស្រុកភូមិនានានោះ ឬ នៅនឹងផ្ទះកំណើតនាក្រុងភ្នំពេញ ដែលជាហេតុនាំអោយលោកកើតបាន នូវមនោសញ្ចេតនា ស្រឡាញ់យ៉ាងលើសលប់ ព្រមទាំងជាប់ចិត្ត និងជីវភាពអ្នកស្រែចំការ តាំងពីកុមារតូចមក ។ ជាអកុសលលោក គីម ជាបិតាបានទទួលមរណភាព ដោយការប្រយុទ្ធ និងពួក ចោរប្លន់មួយក្រុម នៅក្នុងភូមិកំពង់កន្ទួត គឺពេលដែលកុមារ រីម គីន ទើបតែអាយុបាន ៧ឆ្នាំ ។ ដូចនេះហើយកុមារនេះ ត្រូវរស់នៅកំសត់
តែពីរនាក់នឹងម្តាយនៅទីក្រុង ភ្នំពេញ ប៉ុន្តែមិនលំបាកប៉ុន្មានទេ ព្រោះមានប្រាក់និវត្តន៍ពីខ្មោចឪពុកនិងមាតាលោកមាន ចំណេះខាងហោរាសាស្ត្រដែលត្រានោះ មានអ្នកស្រុកអ្នកភូមិឡើងចុះជាញឹកញាប់ ។
១. ឈ្មោះកំណើតមែនទែនគឺ “ រឹម-កាំង” ប៉ុន្តែដោយសរសេរជាអក្សរបារាំង RIM-KIN យូៗក៏ក្លាយទៅជា RIM ឯ KIN ក៏ក្លាយទៅជាគីន ។ លោកមានបងប្អូនច្រើននាក់ដែរ ប៉ុន្តែជាម្តាយទីទៃ ព្រោះលោក គីម ជាឪពុកលោក មានប្រពន្ធរួចម្តងហើយ មុននឹងមកភពប្រសព្វនឹងលោកស្រី សា ជាម្តាយលោកនេះ៖ ។
ក្នុងវ័យកុមារ លោកបានរៀនអក្សរខ្មែរ ក្នុងសំណាក់ព្រះភិក្ខុមួយអង្គ ព្រះនាម អាចារ្យ សាំង ដែលត្រូវជាបងជីដូនមួយ ញាតិខាងម្តាយ គង់នៅវត្តស្វាយដង្គំ ក្នុង សង្កាត់លេខ ៣ ក្រុងភ្នំពេញ ។ កុមារ រីម គីន យកចិត្តទុកដាក់គោរពប្រណិប័តន៍បំរើ ព្រះសង្ឃ ពុំដែលមាន ល្មើសឡើយ ។ មានការបោសច្រាសសំអាតកុដិ សាលា ព្រះ ៖ វិហារ និងដងទឹក ដាំទឹកក្តៅជាដើម ។ កាលនោះកុមារ រីម គីន ជាប់ចិត្តបណ្តុះនិស្ស័យក្នុងអក្សរសាស្ត្រជាតិច្រើនណាស់ ព្រោះលោកធ្លាប់ឮ គេរៀនអានសាស្ត្រារឿង សាស្ត្រច្បាប់ ក្នុងអក្សរសាស្ត្រខ្មែររៀងរាល់ថ្ងៃរហូតដល់បានស្តាប់ បានឃើញ ភិក្ខុ សាមណេររៀនអត្ថបាលី ក្នុងសំណាក់លោកគ្រូអាចារ្យសាំងនោះផង ។ ក្រោយមក កុមារនេះ បានចូលសិក្សានៅសាលាកុមារី ព្រះនរោត្តម រួចមកសាលា ឌូដាក៍-ដឺឡាក្រេ (សព្វថ្ងៃប្តូរឈ្មោះជាសាលាព្រះអង្គអេង) រហូតដល់ប្រឡងជាប់វិញ្ញាបនប័ត្រ បឋម សិក្សាបារាំង-ឥណ្ឌូចិន (Certificat d’ Etude primaire franco Indochinois) ។ ឆ្នាំបន្ទាប់ អ្នកគឺនៅ គ.ស.១៩២៨ លោកបានចូលរៀនក្នុងអនុវិទ្យាល័យព្រះស៊ីសុវត្ថិ (កាល នោះ៖ នៅត្រង់មន្ទីរពេទ្យព្រះកេតុមាលាសព្វថ្ងៃនេះ) ។
ក្រោយដែលលោកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាហើយ ហើយបានចូលបំពេញ វិជ្ជាគរុកោសល្យទៀត លោកចេញទៅធ្វើជាគ្រូបង្រៀនដែលកាលនោះរាជការផ្លាស់ លោកទៅបង្រៀនឯខេត្តបាត់ដំបង ។ នៅពេលនោះហើយដែលអ្នកនិពន្ធ រីម – គីន បានឈានចូលស៊ប់ក្នុងជីវភាព ព្រមជាមួយការដុះដាលឡើងនូវចិត្តស្នេហា ដែលជា ធាតុដើម នាំអោយមានការផ្តួចផ្តើមគំនិតរបស់លោកក្នុងកិច្ចនិពន្ធរឿងរ៉ាវ។ ។
មួយឆ្នាំតមក គឺនៅក្នុង ១៩៣៥ លោកបានផ្លាស់ត្រឡប់មក ក្រុងភ្នំពេញ វិញ ដោយទទួលមុខងារជាអនុរក្ស នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅគ្រានោះ៖ ទៀតដែលលោកបានរៀបអាពាហ៍ពិពាហ៍ ។ ដល់មក គ.ស.១៩៣៩ លោកបានទៅបង្រៀននៅសាលាបឋមសិក្សាចាក់ អង្រែ (សព្វថ្ងៃសាលាចៅពញាហុក) ហើយក្រោយមក លោកបង្រៀននៅសាលា ឧបសម្ព័ន្ធគរុវិជ្ជា (Annexe Normale) ដែលក្រោយនោះលោកបានប្រឡងជាប់ជាគ្រូ បង្រៀន (Instituteur) ពេញយសរាជការ គឺអោយលោកបង្រៀន នៅសាលាមធ្យម សិក្សា គឺនៅសាលាគរុវិជ្ជាតាំងពី គ.ស.១៩៤៧ មកក្នុងឋានៈជាសាស្ត្រាចារ្យ
ខាងភាសាជាតិ រហូតដល់ពេលសាលានេះ៖បានប្រែក្លាយ ជាវិទ្យាស្ថានជាតិគរុកោសល្យ ។
ក្រៅពីការបង្រៀនសាលារាជការ លោករីម-គីន ឆ្លៀតពេលទៅបង្រៀននៅសាលាឯកជនខ្លះទៀត ដើម្បីជួយបំប៉នវិជ្ជាភាសាជាតិអោយជ្រួតជ្រាបដល់យុវសិស្ស ខ្មែរទូទៅ ។ ពេលទំនេរបន្តិចបន្តួចក្រៅពីពេលកែវិញ្ញាសារបស់សិស្ស លោកឆ្លៀត សរសេររឿង ជាពាក្យរាយ សរសេរកាព្យ សរសេរសៀវភៅសម្រាប់សិស្សរៀន និង ប្រែរឿងខ្លះ ដែលល្អៗ ពីភាសាបរទេស ។ ហេតុនេះហើយ បានជាគេស្គាល់លោកច្រើនគ្នាដោយកិត្តិយស ក្នុងការសរសេរ នេះ ត្បិតរឿងខ្លះបោរពុម្ពទៅក៏ទទួលការនិយមសន្ធឹកសន្ធាប់ពីអ្នកអាន និងរឿងខ្លះ ទៀតយកទៅសំដែងជាសិល្បៈក៏ទទួលបានជោគជ័យ ដូចជាជោគជ័យក្នុងការប្រឡង ប្រជែងរាត្រីសិល្បៈ នៅចំពោះព្រះភក្ត្រនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដល់អ្នកនិពន្ធនេះជារឿយៗផង ។
នៅឆ្នាំ១៩៥៥ ត្រាដែលអ្នកនិពន្ធខ្មែរបានរួបរួមគ្នាធ្វើជាសមាគម លោក រីម គីន បានទទួលការទុកចិត្តពីអ្នកនិពន្ធទាំងអស់តែងតាំងលោកធ្វើជាប្រធាននៃសមាគមនេះអស់រយៈពីរឆ្នាំ។លុះមក ដល់ខែតុលា គ.ស.១៩៥៨ មានរោគឈឺក្នុងក្បាលមកញាំញីលោកអស់ ពេលជាង ៣ខែ ជម្ងឺនេះពុំព្រមស្រាកស្រាន្តសោះ ទោះបីគ្រួសារលោកខិតខំថែទាំប្រកប ឱសថយ៉ាងណាក៏ដោយ ។ដល់មកថ្ងៃអង្គារទី ២៧ មករាឆ្នាំ១៩៥៩ មច្ចុរាជក៏ប្រហារផ្តាច់ផ្ដិលយក ជីវិតលោកទៅក្នុងពេលរៀបអធ្រាត្រម៉ោង ១១ បណ្តាលឱ្យមាន ការសោកស្តាយនៃ ក្រុមគ្រួសារ និងសហសេវិកជាអ្នកនិពន្ធទាំងអស់ រួមទាំងបណ្តាជនទូទៅដែលជាអ្នក ស្នេហាអក្សរសាស្ត្រផង ។
ក្រោយដែលអ្នកនិពន្ធ រីម គីន ទទួលមរណភាពទៅ គេពីរកឃើញស្នាដៃ លោក ដែលបានសរសេរហើយស្រេច មានខ្លះក៏បោះពុម្ពចេញផ្សាយ ហើយនិងខ្លះទៀត ពុំទាន់បានបោះនៅឡើយ ទាំងអស់ជិត ២០ រឿងមានរាប់ខាងក្រោមនេះរឿងដែល បានបោះផ្សាយរួចហើយ រួមមាន៖
១-រឿងសូផាត(បោះពុម្ពគ. ស. ១៩៥២)
២-រឿងចិត្តចងចាំ(រឿងល្ខោនបោះពុម្ពហើយ)
៣-រឿងក្លាហាន(បោះពុម្ពហើយពី គ.ស.១៩៤៩)
៤-រឿងស្រ្តីកំព្រា(បោះពុម្ពហើយពី គ. ស. ១៩៥១)
៥-ទឹងមមឹង(បោះពុម្ពហើយពី គ.ស.១៩ ៥៣)
៦- រឿងរតននារី (បោះពុម្ពហើយពី គ.ស.១៩៥៤)
៧-រឿងមើលព្រះចន្ទ្រ(បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
៨-រឿងសមាភារី(បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍) (បោះពុម្ពក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
៩-រឿងពលវង្សា(បោរពុម្ពពី គ.ស.១៩៥៥)
១០-រឿងឈាមរកឈាម(បោះពុម្ពពី គ.ស.១៩៥៥)
១១-រឿងសេនាកំសត់(បែបសិក្សា)
១២-រឿងរៀនមើលពន្យល់(បែបសិក្សា)
១៣-រឿងប្រជុំរឿងព្រេង(ផ្សាយក្នុងទស្សនាវដ្ដីវឌ្ឍនធម៌)
១៤-រឿងសាមណី(ផ្សាយក្នុងទស្សនាវដ្ដីវឌ្ឍនធម៌)
១៥-រឿងជំទាវយូ(ផ្សាយក្នុងទស្សនាវដ្តីមិត្តសាលាបាលី)
១៦-រឿងថីម៉ៅ(ផ្សាយក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
១៧-រឿងប្រច័ណ្ឌ(ផ្សាយក្នុងទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍)
មានរឿងពុំទាន់បានបោះពុម្ពផ្សាយមានចំនួន១៧ផ្សេងទៀត និង រឿងបកប្រែរឿងល្ខោន។ តាមពត៌មាន ថាលោកមានសរសេរច្រើនទៀត តែបាត់បង់ទៅយើងរកពុំបានឃើញ។ កិច្ចការរឿងរ៉ាវទាំងនេះលោកបានសរសេររៀបរាប់ក្នុងសៀវភៅមួយកត់ត្រាពីជីវប្រវត្តិផ្ទាល់ខ្លួនលោកវាក្លាយទៅជាឯកសារប្រចាំគ្រួសារអ្នកនិពន្ធ រីម គីន៕
មេដឹកនាំកម្ពុជា បានមើលឃើញ កំណើតសេដ្ឋកិច្ចដែលបានមកពីពាណិជ្ជកម្មពហុភាគីរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់។ ម្យ៉ាងទៀតគេអាចប្រែក្លាយព្រែកជីក ក្នុងការទាញភ្ញៀវទេសចរចាប់អារម្មណ៍ពីសារៈសំខាន់ប្រវត្តិសាស្ត្រ និងភាពស្រស់ស្អាតរបស់វា ដែលអាចជំរុញវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ ព្រែកជីកអាចនាំមកនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលនាំទៅដល់ការភ្ជាប់ទំនាក់ទំនង និងគ្រឿងបរិក្ខារកាន់តែប្រសើរឡើងនៅក្នុងតំបន់។
ចំណុចសំខាន់ទី២ ដែលមេដឹកនាំកម្ពុជាបានធ្វើ គឺការធ្វើឱ្យរស់ឡើងវិញនូវព្រែកជីកបុរាណ ដោយរក្សាបាននូវប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជំរុញឧត្តមគតិជាតិនិយម និងអត្តសញ្ញាណវប្បធម៌។ កម្ពុជាអាចទាញប្រយោជន៍ពីការស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយវាអាចបម្រើជាគេហទំព័រសម្រាប់ការស្រាវជ្រាវ និងការរុករកសិក្សា បើកទ្វារសម្រាប់ឱកាសសិក្សាស្រាវជ្រាវ។ មេដឹកនាំកម្ពុជា គិតគូដល់កេរ្តិ៍ដំណែលភាពជាអ្នកដឹកនាំ តាមរយៈស្នាដៃនៃព្រែកជីកនេះ ប្រសិនបើការបញ្ចប់ដោយជោគជ័យ និងការគ្រប់គ្រងគម្រោងអាចពង្រឹង កេរ្តិ៍ឈ្មោះរបស់អ្នកដឹកនាំ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិរក្សបេតិកភណ្ឌ និងជំរុញកំណើនសេដ្ឋកិច្ច។ លើសពីនេះ ទំនាក់ទំនងអន្តរជាតិក៏នឹងត្រូវបានពង្រឹង។ ព្រែកជីកអាចពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាង និងតំបន់ តាមរយៈផលប្រយោជន៍សេដ្ឋកិច្ច និងវប្បធម៌រួម។
សម្រាប់ប្រជាពលរដ្ឋកម្ពុជា កំពុងសម្លឹងឃើញប្រយោជន៍ពីឱកាសការងារចាប់ពីកម្លាំងពលកម្មជំនាញ រហូតដល់សេវាកម្ម និងទេសចរណ៍។ ការកើនឡើងពាណិជ្ជកម្ម និងទេសចរណ៍អាចជំរុញកំណើនអាជីវកម្មក្នុងស្រុក ផ្តល់ឱកាសទីផ្សារថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលជាប់ទាក់ទងនឹងប្រឡាយអាចនាំទៅរកកម្រិតជីវភាពកាន់តែប្រសើរឡើង ជាមួយនឹងការដឹកជញ្ជូន គ្រឿងប្រើប្រាស់ និងសេវាសហគមន៍កាន់តែប្រសើរឡើង។ ការដឹកជញ្ជូនទំនិញ និងផ្តល់សេវាកម្មកាន់តែងាយស្រួលតាមរយៈផ្លូវពាណិជ្ជកម្មដែលប្រសើរឡើងអាចលើកកម្ពស់គុណភាពជីវិតទាំងមូល។
សារៈសំខាន់ជាប្រវត្តិសាស្ត្រ និងតម្លៃបុរាណវត្ថុនៃប្រឡាយអាចជំរុញគំនិតផ្តួចផ្តើម និងកម្មវិធីអប់រំក្នុងស្រុក។ ការចូលរួមជាមួយអតីតកាលជាប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជាអាចលើកកម្ពស់ការយល់ដឹងវប្បធម៌ និងការឱ្យតម្លៃបេតិកភណ្ឌក្នុងចំណោមយុវជន និងប្រជាជនទូលំទូលាយ។ ការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថានក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការអាចកំណត់គំរូសម្រាប់គម្រោងនាពេលអនាគត។ វាក៏អាចនាំទៅដល់ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក បង្កើនជីវចម្រុះ និងជម្រកធម្មជាតិ។
សរុបមក ការស្តារព្រែកជីកហ្វូណនតេជោ មិនត្រឹមតែមានគោលបំណងចង់យកមកវិញនូវផ្នែកមួយនៃកេរដំណែលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌សំខាន់ៗផងដែរ។ សម្រាប់ភាពជោគជ័យយូរអង្វែង វានឹងមានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការធ្វើការរួមគ្នា ដោយសង្កត់ធ្ងន់ទៅលើកំណើនប្រកបដោយនិរន្តរភាព និងរួមបញ្ចូល។
តើមេដឹកនាំពិភពលោក និងតំបន់មានទស្សនៈយ៉ាងដូចម្ដេច ខណៈប្រទេសកម្ពុជាគ្រោងបើកការដ្ឋានស្តារ និងសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ សីហាខាងមុខនេះ? ខាងក្រោមនេះ គឺជាការវិភាគ SWOT (ភាពខ្លាំង ភាពទន់ខ្សោយ ឱកាស ការគំរាមកំហែង)។
មេដឹកនាំវៀតណាម បានមើលឃើញចំណុចខ្លាំងនៃគម្រោងព្រែកជីកហ្វូណនតេជោផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រ។ ព្រែកជីកនេះ នឹងជួយសម្រួលពាណិជ្ជកម្មរវាងកម្ពុជានិងពិភពលោក ដែលនឹងធ្វើអោយប្រសើរឡើងនូវការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។ បន្ទាប់មក កម្ពុជានឹងទទួលបានការផ្លាស់ប្តូរវប្បធម៌ ឬហៅថា អន្តរកម្មវប្បធម៌ប្រសើរឡើង ដែលនាំទៅដល់ការរីកសាយភាយនៃវប្បធម៌ សាសនា និងបច្ចេកវិទ្យាឥណ្ឌា និងប្រទេសចិន។ ព្រែកជីកនេះ នឹងនាំមកនូវការអភិវឌ្ឍន៍កសិកម្មផងដែរ។ វានឹងជំរុញប្រព័ន្ធធារាសាស្រ្ត និងផលិតភាពកសិកម្មក្នុងតំបន់ ដែលផ្តល់អត្ថប្រយោជន៍ដល់តំបន់ក្បែរនោះ។
ទោះជាយ៉ាងណាមេដឹកនាំ និងប្រជាជនវៀតណាម បានមើលឃើញចំណុចខ្សោយដែលកម្ពុជាត្រូវយកចិត្តទុកដាក់ផងដែរ។ បញ្ហាប្រឈមចម្បងក្នុងការថែទាំ ដែលការណ៍នេះតម្រូវឱ្យមានការថែទាំព្រែកជីកជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលិចលង់ និងរក្សាប្រឡាយអាចធ្វើដំណើរបានយូរអង្វែង។ ម្យ៉ាងវិញទៀត ភាពងាយរងគ្រោះចំពោះគ្រោះធម្មជាតិ ក៏ជាកត្តាងាយនឹងរងនូវទឹកជំនន់ជន់លិចក្នុងរដូវវស្សា និងគ្រោះធម្មជាតិផ្សេងៗ។
បើទោះជាមានភាពកម្សោយខ្លះពិតមែន តែឱកាសដែលជាអំណោយនឹងបានមកពីគម្រោងព្រែកជីកហ្វូណនតេជោ ក៏មកជាមួយដែរ។ ចម្បងបំផុត គេមើលឃើញកំណើនសេដ្ឋកិច្ចកម្ពុជា។ ការប្រើប្រាស់ព្រែកជីកប្រវត្តិសាស្ត្រនេះ សម្រាប់ការបង្កើនពាណិជ្ជកម្មអាចបង្កើនវិបុលភាពក្នុងតំបន់។ លើសពីនេះ សក្តានុពលទេសចរណ៍ ដែលកម្ពុជាអាចទាញប្រយោជន៍ពីព្រែកជីកនេះ។ ចំណែកឯទំនាក់ទំនងការទូត គឺអាចផ្តល់នូវចំណុចនៃការចរចា និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងប្រទេសជិតខាង។ មេដឹកនាំវៀតណាម បានមើលឃើញការគំរាមកំហែង នានាមកជាមួយ ភាពខ្លាំងនិងឱកាសដែលកម្ពុជានឹងបានពីគម្រោងប្រវត្តិសាស្រ្តព្រែកជីកហ្វូណន។ ការរិចរឹលបរិស្ថាន ត្រូវបានគេយកចិត្តទុកដាក់ជាទូទៅនៅទូទាំងសកលលោក។ ការប្រើប្រាស់ទឹកហួសកម្រិតអាចនាំឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី ដែលប៉ះពាល់ដល់លទ្ធភាពជោគជ័យយូរអង្វែង។
ការវិភាគនេះបង្ហាញពីទស្សនៈចម្រុះដែលមេដឹកនាំ និងប្រជាជនវៀតណាមអាចមានទាក់ទងនឹងព្រែកជីកហ្វូណនតេជោ ដោយធ្វើឱ្យមានតុល្យភាពសារៈសំខាន់ជាប្រវត្តិសាស្ត្រជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចសង្គម និងភូមិសាស្ត្រនយោបាយ។
ទស្សនៈប្រទេសចិន៖ ចិនគឺជាអ្នកគាំទ្រដ៏សំខាន់នៃគម្រោងប្រឡាយហ្វូណនតេជោនៅកម្ពុជា។ គម្រោងនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រទេសចិន ដែលមានគោលបំណងលើកកម្ពស់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់។ រីឯសហរដ្ឋអាមេរិកវិញ មិនមានសេចក្តីថ្លែងការណ៍ជាក់លាក់ណាមួយទាក់ទងនឹងគម្រោងព្រែកជីក ហ្វូណនតេជោទេ។ មេដឹកនាំសហរដ្ឋអាមេរិក មិនត្រូវបានគូសបញ្ជាក់ជំហររបស់ខ្លួនណាមួយនោះទេ។ សហរដ្ឋអាមេរិកតែងតែមើលឃើញគម្រោងទាំងឡាយណាដែលគាំទ្រដោយប្រទេសចិនដោយមានការប្រុងប្រយ័ត្នជានិច្ច ដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ និងឥទ្ធិពលយុទ្ធសាស្ត្រចិននៅក្នុងតំបន់។
ចំពោះជំហររបស់អាស៊ានដែលជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មិនបានផ្តល់នូវជំហរអ្វីលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានោះទេ។ យ៉ាងណាមិញ វៀតណាមដែលជាសមាជិកអាស៊ានមួយគត់ដែលបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះ និងអាចកើនមានភាពមិនពេញចិត្តខ្លះអាចកើតមានលើទំនាក់ទំនងកម្ពុជា-វៀតណាម។ សម្រាប់សហភាពអឺរ៉ុប(EU)មិនដែលបានបង្ហាញជំហរផ្ទាល់លើគម្រោងព្រែកជីកប្រវត្តិសាស្ត្រ ហ្វូណនតេជោនៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយសហភាពអឺរ៉ុបបាននិងកំពុងសង្កេតមើលទំនាក់ទំនងដែលកំពុងកើនឡើងរបស់កម្ពុជាជាមួយប្រទេសចិន រួមទាំងការព្រួយបារម្ភអំពីការកើនឡើងនៃវត្តមានរបស់ចិននៅក្នុងតំបន់៕
លោក ហ្សាក់ ហង់រីប៊ែណាដាំដឺសាំងព្យែរ អ្នកនិពន្ធជនជាតិបារាំង កើតថ្ងៃទី១៩ខែមករា ឆ្នាំ១៧៣៧ នៅទីក្រុងឡឺហាវប្រទេសបារាំង ហើយលោកបានទទួលមរណភាពនៅថ្ងៃទី២១ខែមករាឆ្នាំ១៨១៤។ លោកគឺជាអ្នកនិពន្ធជនជាតិបារាំងដែលត្រូវបានចងចាំល្អបំផុតតាមរយៈរឿងប្រលោមលោកខ្នាតខ្លីនិយាយអំពីជីវិត និងស្នេហាអមតី។ អ្នកសិក្សាទាំាងឡាយស្គាល់ស្នាដៃរបស់លោក ហង់រីប៊ែណាដាំដឺសាំងព្យែរ ជាប្រភេទអក្សរសិល្ប៍បែបមនោសញ្ចេតនា។
ភាសាបារាំងគឺជាភាសាមួយក្នុងចំណោមភាសារ៉ូម៉ាំងសំខាន់ៗចំនួនប្រាំដែលត្រូវបានអភិវឌ្ឍថ្មីស្រឡាង ដែលជាលទ្ធផលនៃការកាន់កាប់របស់ជនជាតិរ៉ូមនៅអឺរ៉ុបខាងលិច។ ចាប់តាំងពីមជ្ឈិមសម័យមកប្រទេសបារាំងបានរីករាយកិច្ចការពិសេសមួយនៅក្នុងជីវិតបញ្ញាវន្តអឺរ៉ុប។ បើទោះជាវប្បធម៌អក្សរសាស្ត្រមិនសូវលេចធ្លោរ បើប្រៀបធៀបទៅនឹងអ្នកនិពន្ធដង់តើស(Dante) របស់អ៊ីតាលី ឬ អ្នកនិពន្ធ សេក ស្ពៀរ(Shakespeare)របស់អង់គ្លេសក៏ដោយ ក៏សម័យកាលបន្តបន្ទាប់គ្នា
បានឃើញអ្នកនិពន្ធ និងភាសារបស់ពួកគេមានឥទ្ធិពលលើសពីការគិត។ នេះគឺជាដំណើរការបន្តនៃការផ្លាស់ប្តូរជាទម្រង់និងខ្លឹមសារក្នុងចំណោម អក្សរសិល្ប៍នៃអឺរ៉ុបខាងលិច។ ការវិវត្តន៍នៃជាតិ-រដ្ឋ និងការកើនឡើងនៃកិត្យានុភាពនៃភាសាជនជាតិដើមភាគតិចបានបំផ្លាញកម្លាំងបង្រួបបង្រួមនៃទំនាក់ទំនងទាំងនេះបន្តិចម្តងៗ។
គេអាចកត់សម្គាល់ឃើញតាំងពីសម័យទំនើបមក ប្រទេសបារាំងបានអភិវឌ្ឍប្រពៃណីវប្បធម៌ប្លែកៗនិងជាប់គាំងជាច្រើនរបស់ខ្លួន ខណៈពេលដែលមិនធ្លាប់បាត់បង់ការមើលឃើញនូវភាពសម្បូរបែបនៃមូលដ្ឋានមជ្ឈិមសម័យ និងប្រពៃណីព្រះគម្ពីរយូដា-គ្រីស្ទាន ត្រូវបានចាត់ទុកថា ជាមេឌីទែរ៉ាណេ(ធំ) នៅក្នុងភកី្តភាពរបស់ពួកគេ ឫសគល់នៅក្នុងការត្រាប់តាមគំរូបុរាណ ដូចអ្វីដែលបានសម្របសម្រួល តាមរយៈអ្នកនិពន្ធ និងអ្នកគិតដ៏អស្ចារ្យណាមួយ។ ការធ្វើកំណែនៃទំនៀមទម្លាប់បារាំងដែលបានចាប់ផ្តើមនៅសតវត្សទី១៧និងបានបង្កើតឡើងនៅក្នុងប្រវត្តិសាស្រ្តវប្បធម៌ហើយសៀវភៅសិក្សាត្រូវបានផ្តល់កម្លាំងថ្មីនៅដើមសតវត្សទី២០ដោយ ទស្សនវិទូ-កវីប៉ូលវ៉ាឡេរី(PaulValery)និងជាពិសេសអ្នកកោតសរសើរភាសាអង់គ្លេសរបស់គាត់នៅក្នុងបរិបទនៃការតស៊ូនយោបាយ និងវប្បធម៌ជាមួយអាល្លឺម៉ង់ផងដែរ។
នៅក្នុងកំណែនេះវប្បធម៌ បារាំងផ្តល់រង្វាន់ដល់ហេតុផលនៃភាពល្អឥតខ្ចោះជាផ្លូវការ និងភាពបរិសុទ្ធនៃភាសា ហើយត្រូវបានកោតសរសើរចំពោះអ្នកប្រើគំនិតរបស់ខ្លួន ក៏ដូចជាសម្រាប់អ្នកនិពន្ធផងដែរ។ នៅចុងបញ្ចប់នៃសម័យកាលបុរាណ តក្កវិជ្ជារបស់លោក ដេសស្កា ទើ(Des cartes)ដោយការអត់ធ្មត់ និងផ្នត់គំនិតលោកវ៉ុលតៃ(Voltaire)ត្រូវបានគេមើលឃើញថា ជាចំណុចសំខាន់នៃវប្បធម៌បារាំងហើយត្រូវបានគេយកតាមតុលាការនិងហាងនានានៃទ្វីបទៀតផង។
បដិវត្តន៍នយោបាយ និងទស្សនវិជ្ជាដែលបានដំឡើងនៅចុងសតវត្សទី១៨ក្នុងនាមបែបវិទ្យាសាស្រ្ត និងហេតុផលត្រូវបានអមដោយការផ្លាស់ប្តូរទម្រង់និងខ្លឹមសារនៃការសរសេរជាភាសាបារាំង។ នៅក្នុងសតវត្សទី១៩និង លើសពីនេះអារម្មណ៍រ៉ូមែនទិក ដែលលេចឡើងបានប្រកួតប្រជែងនឹងឧត្តមគតិដែលបានក្លាយជាការក្លែងបន្លំ និងគួរឱ្យខ្លាចនៃអតីតខ្លួនឯង។
សង្ខេបរឿងប៉ូវីរហ្សីនី
ក្នុងឆ្នាំ១៧២៦ ឪពុករបស់វីហ្សីនី លោកដឺឡាទួរ បានលាចាកលោកនេះទៅធ្វើឲ្យនាង និងម្ដាយរបស់នាងរស់នៅយ៉ាងលំបាកជាមួយអ្នកបំរើម្នាក់ជាជនស្បែកខ្មៅឈ្មោះម៉ារី។ ដោយសាតែខ្លាចគេមើលងាយ អ្នកស្រីដឺឡាទួរ បាននាំកូន និងអ្នកបំរើមករស់នៅក្នុងព្រៃភ្នំកោះព័រល្វីដដែលនោះ។ ពេលនោះវីហ្សានី បានប្រសូតតែម្ដងនៅទីនេះ។ ស្របជាមួយគ្នានោះនាងម៉ាហ្គើរីតនៅទីនេះជាមួយគ្នាដែលមានអ្នកបំរើរប្រុសម្នាក់ឈ្មោះ ដូម៉ាំង្គ ហើយក៏បានប្រសូតកូនប្រុសម្នាក់ដែរ ឈ្មោះប៉ូល។ គ្រួសារទាំងពីរបានស្រលាញរាប់អានគ្នាជាខ្លាំង។ រីឯកូនទាំងពីរបាននៅជាមួយគ្នាលុះធំរៀងខ្លួន។ ប៉ូល និង វីហ្សីនី តែងតែនៅជាមួយគ្នារាល់ថ្ងៃហើយស្រលាញ់ គ្នាខ្លាំងណាស់ ដោយប៉ូលហៅវីរហ្សីនីថា ប្អូនរី ឯប៉ូលវិញបានហៅវីរហ្សានីវិញថាបង។ នៅពេលដែល ប៉ូល ចេញទៅព្រៃជាមួយ ដូម៉ាំង គេតែងតែកាន់ពូថៅតូចមួយ ហើយតែងបានបះផ្លែឈើណាល្អៗ មកផ្ញើរវីរ ហ្សានីជានិច្ចមិនដែលខាន។
កុមារទាំងពីរកំរនៅបែកគ្នាណាស់។ កុមារទាំងពីរមានគោលបំណងតែមួយគត់ គឺជួយគ្នាទៅវិញទៅមក។ តាំងពីតូចដល់ធំទាំងពីរនាក់តែងតែជួយជំនួសដៃជើងឪពុកម្ដាយជានិច្ច។ មិនយូរប៉ន្មាន នាង វីហ្សីនី មានវ័យ ១២ ឆ្នាំ ប៉ុន្ដែនាងមានមាឌធំហើយបែកសាច់សន្ធឹកណាស់។ សក់នាងពណ៌ក្រហមភ្លឺដូចមាស ហើយដុះយ៉ាងក្រាស់។ ភ្នែកខៀវថ្លា និងបបូរមាត់រលោងរបស់នាងសឹងតែមានពន្លឺឆ្លុះសើរៗមកលើស្បែកមុខនាង។ ចំណែកប៉ូល ក៏មិនចាញ់វីរហ្សីនីប៉ុន្មានដែរ គេមានរូបរាងខ្ពស់ជាងវីរហ្សានី សំបុរស្រឯមរោមភ្នែកក្រាស់ច្រមុះស្រួច។ ម្ដាយរបស់វីរហ្សីនី ដោយឃើញកូនមានរូបឆោមលោមពណ៍ល្អ យ៉ាងនេះមានការបារម្ភមិនដឹងជាទៅជាយ៉ាងណាទេ នៅថ្ងៃក្រោយ បើសព្វថ្ងៃក្រក្សត្រយ៉ាងនេះ។ តាមពិតទៅអ្នកស្រី ដឺឡាទួរ គឺជាកូនអ្នកធូរធានៅស្រុកបារាំង ប៉ុន្តែដោយសារតែគាត់បានរៀបការជាមួយឪពុក
វីហ្សីនីដេល ជាអ្នកក្រដូចនេះហើយម្ដាយមីងគាត់បានកាត់កាលគាត់ចោល និងមិនរវល់នឹងជីវិតគាត់ទៀតឡើយ។ គាត់សុខចិត្តកាត់ខ្មាស់សរសេរសំបុត្រផ្ញើរទៅម្ដាយមីងដែលគ្មានប្ដីអាក្រក់ទាំងរូប អាក្រក់ទាំងកាយនេះ ប៉ុន្ដែផ្ទុយស្រលះ សំបុត្រដែលបានផ្ញើរទៅបែរជាមិនឃើញមានតបរហូតចុងក្រោយមានសំបុត្រមួយផ្ញើរមកវិញ ឲ្យគាត់ទៅយកទទួល។ អ្នកស្រីដឹឡាទួរគាត់បានប្រញាប់ប្រញាល់ទៅទទួលសំបុត្រនោះទាំងសំលៀកបំពាក់ប្រលាក់ ដាច់រហែកយ៉ាងណាក៏គាត់ទៅមិនខ្មាស់គេដែរ។
ក្នុងសេចក្ដីសំបុត្ររបស់គាត់បាននិយាយថា អ្នកស្រីដឺឡាទួរ សមមុខហើយដែលមករៀបការជាមួយអ្នកក្រវេទនាយ៉ាងនេះនោះ។ គាត់មិនខ្វល់ទេ ទោះបីអ្នកស្រីវេទនាយ៉ាងណាក៏ដោយ។ ពេលដែលអានសំបុត្រនេះចប់ គាត់បានដើរមកផ្ទះវិញទាំងអស់សង្ឃឹម។ ក្រោយមកគាត់ក៏សំរេចចិត្តទ្រាំរស់នៅជាមួយកូន និងអ្នកស្រីម៉ាហ្គើរីត ព្រមទាំងប៉ូលនៅជាមួយគ្នាយ៉ាងសុខសាន្ត។ ថ្ងៃមួយពេលដែល វីរហ្សីនី និងប៉ូលនៅផ្ទះកំពុងតែដាំស្ល ស្រាប់តែមានជនតោកយ៉ាកម្នាក់មានរូបរាងស្គមស្គាំងមកសុំបាយអាស្រ័យ។ ពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃភ្នំដងអូយ៉ាងយូរទើបដល់ទីនោះ។ ម្ចាស់អ្នកងារនោះ ក៏បានលើកលែងទោសឲ្យ។ ក្រោយមក ពួកគេក៏បានវិលមកវិញដើរកាត់ព្រៃរួចក៏វង្វែងក្នុងព្រៃ។ ពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា និងជួយគ្នាយ៉ាងស្វិតស្វាញប៉ុន្តែសំណាងល្អពួកគេក៏បានមកដល់ផ្ទះយ៉ាងមានសុវត្តិភាព។
សម្ព័នភាពរវាងវីរហ្សីនី និងប៉ូល ក៏បានបង្ហាញប្រាប់គ្នាទៅវិញទៅមក។ ថ្ងៃដែលជាឧបសគ្គមកបំបែកពួកគេ ក៏បានមកដល់។ នោះគឺម្ដាយមីងនាងនៅបារាំងបានសុំនាងទៅនៅឯបារាំង ដើម្បីទទួលទ្រព្យសម្បត្តិ ទាំងដែលបានគរាម នឹងប្ដឹងផ្ដល់ ទាមទារនាងទៅនៅទីនោះ។ នាងក៏បានសំរេចចិត្តទៅទីក្រុងប៉ារីស។ ប៉ូលមិនសប្បាយចិត្តទេ ពីព្រោះ គេត្រូវ បែកពីនាង។ ជាអកុសលពេលដែលនាងបានមកពីទីក្រុងប៉ារីសកប៉ាល់នាងក៏បានត្រូវព្យុះបក់បោកស្លាប់រីឯ ប៉ូលក៏បានអស់សង្ឃឹមបាក់ទឹកចិត្តអត់បាយអត់ទឹកហើយជីវិតគេក៏ត្រូវបានបញ្ចប់ទៅតាមវិរហ្សីនីដែរ៕
តាំងពីក្មេង Musk បានបង្ហាញការចង់ដឹងចង់ឃើញដែលមិនអាចយល់បាន និងការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យា។ បន្ទាប់ពីទទួលបានសញ្ញាបត្រផ្នែករូបវិទ្យា និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Pennsylvania គាត់បានបង្កើតការចាប់ផ្ដើមដំបូងរបស់គាត់គឺ Zip2 ដែលជាកម្មវិធីណែនាំទីក្រុងសម្រាប់កាសែត។ ភាពជោគជ័យរបស់ Zip2 ដែលត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Compaq ក្នុងតម្លៃជិត 300 លានដុល្លារ បានបង្កើតដំណាក់កាលសម្រាប់អាជីពជាសហគ្រិនរបស់ Musk ។
ផ្នត់គំនិតសហគ្រិនភាពរបស់ Musk ត្រូវបានកំណត់លក្ខណៈដោយឆន្ទៈរបស់គាត់ក្នុងការដោះស្រាយបញ្ហាដែលហាក់ដូចជាមិនអាចទៅរួច។ ចរិតនេះបង្ហាញឱ្យឃើញនៅពេលគាត់បង្កើត X.com ក្នុងឆ្នាំ 1999 ដែលជាក្រុមហ៊ុនទូទាត់តាមអ៊ីនធឺណិតដែលទីបំផុតបានក្លាយជា PayPal ។ ក្រោមការដឹកនាំរបស់ Musk PayPal បានធ្វើបដិវត្តការទូទាត់តាមអ៊ីនធឺណិត ដែលទីបំផុតត្រូវបានទិញដោយ eBay ក្នុងតម្លៃ 1.5 ពាន់លានដុល្លារនៅក្នុងស្តុក។
ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតាសហគ្រិនភាពរបស់ Musk បានពង្រីកហួសពីអ៊ីនធឺណិត។ ការបណ្តាក់ទុនរបស់គាត់ក្នុងការរុករកអវកាស ថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី ប្រហែលជាការរួមចំណែកដ៏សំខាន់បំផុតរបស់គាត់ចំពោះបច្ចេកវិទ្យាទំនើប។ ក្នុងឆ្នាំ 2002 គាត់បានបង្កើត SpaceX ដោយមានគោលដៅកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងលំហ និងធ្វើឱ្យជីវិតអន្តរភពក្លាយជាការពិត។ ទោះបីជាមានការបរាជ័យជាច្រើន និងជិតនឹងការក្ស័យធនក៏ដោយ ភាពធន់របស់ Musk បានទូទាត់នៅពេលដែល SpaceX បានបាញ់បង្ហោះដោយជោគជ័យ Falcon 1ក្នុងឆ្នាំ 2008 ដែលបានក្លាយជារ៉ុក្កែតរាវដែលអភិវឌ្ឍដោយឯកជនដំបូងគេដែលឈានដល់គន្លងតារាវិថី។ សព្វថ្ងៃនេះ SpaceX គឺជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មអវកាស ជាមួយនឹងសមិទ្ធិផលដូចជា Falcon Heavy គ្រាប់រ៉ុក្កែតដែលអាចប្រើឡើងវិញបាន និងបេសកកម្ម Crew Dragon ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
ក្នុងពេលជាមួយគ្នានេះ Musk ក៏កំពុងផ្លាស់ប្តូរឧស្សាហកម្មរថយន្តផងដែរ។ នៅឆ្នាំ 2004 គាត់បានចូលរួមជាមួយក្រុមហ៊ុន Tesla Motors ដែលជាក្រុមហ៊ុនចាប់ផ្តើមរថយន្តអគ្គិសនី ជាប្រធាន និងក្រោយមកជានាយកប្រតិបត្តិ។ ក្រោមការដឹកនាំរបស់ Musk ក្រុមហ៊ុន Tesla បានរីកចម្រើនពីការចាប់ផ្តើមដ៏លំបាកមួយទៅជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។ យុទ្ធសាស្ត្រដ៏អង់អាចរបស់គាត់ក្នុងការផលិតរថយន្តអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ទីផ្សារដ៏ធំបានផ្លាស់ប្តូរការយល់ឃើញជាសកលនៃរថយន្តអគ្គិសនី។
បន្ថែមពីលើ SpaceX និង Tesla ការបណ្តាក់ទុនរបស់ Musk រួមមាន SolarCity, Neuralink និង The Boring Company ។ SolarCity ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ហើយក្រោយមកបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Tesla មានបំណងបង្កើនល្បឿននៃការទទួលយកថាមពលពន្លឺព្រះអាទិត្យ។ Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ផ្តោតលើការបង្កើតចំណុចប្រទាក់ខួរក្បាល-ម៉ាស៊ីន ដើម្បីបង្កើនសមត្ថភាពរបស់មនុស្ស។ ក្រុមហ៊ុន Boring ដែលបានចាប់ផ្តើមជាចំណង់ចំណូលចិត្ត ស្វែងរកការកាត់បន្ថយចរាចរណ៍ក្នុងទីក្រុង តាមរយៈការសាងសង់ផ្លូវរូងក្រោមដី និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិត។
ភាពជោគជ័យនៃសហគ្រិនភាពរបស់ Elon Musk ត្រូវបានគេសន្មត់ថាភាគច្រើនដោយសារផ្នត់គំនិតប្រកបដោយចក្ខុវិស័យរបស់គាត់ ការស្វែងរកការច្នៃប្រឌិតដោយឥតឈប់ឈរ និងសមត្ថភាពក្នុងការទប់ទល់ និងរៀនពីភាពបរាជ័យ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និងអាណានិគមលើលំហ តាមរយៈការបណ្តាក់ទុនផ្សេងៗរបស់គាត់។ ទោះបីជាប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ ឥទ្ធិពលរបស់ Musk ទៅលើបច្ចេកវិទ្យា និងឧស្សាហកម្មគឺមានភាពជ្រាលជ្រៅ ដែលពង្រឹងកេរ្តិ៍ដំណែលរបស់គាត់ជាសហគ្រិនដ៏មានឥទ្ធិពលបំផុតនៃសតវត្សទី 21 ។
សរុបមក ផ្នត់គំនិតសហគ្រិនភាពរបស់ Elon Musk បានជំរុញឱ្យគាត់យកឈ្នះលើឧស្សាហកម្មជាច្រើនតាមរយៈចក្ខុវិស័យដ៏ក្លាហាន ភាពអត់ធ្មត់ និងស្មារតីច្នៃប្រឌិត។ ការរួមចំណែករបស់គាត់ក្នុងការរុករកអវកាស ថាមពលប្រកបដោយនិរន្តរភាព និងយានជំនិះអគ្គិសនីមិនត្រឹមតែរំខានដល់ទីផ្សារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាកាន់តែជឿនលឿនថែមទៀត៕
ធម្មជាតិបានតាក់តែងមនុស្សលោក កើត ចាស់ ឈឺ ស្លាប់ រីឯរុក្ខជាតិក៏ដើរតាមតែមួយដូចមនុស្សដែរ។ តែរឿងរ៉ាវស្នេហារបស់ម្ចាស់កវីស្ទឹងសង្កែ ឬទឹកខ្មៅដងស្ទឹងសង្កែមានសភាពផ្ទុយពីធម្មជាតិ។ កវីយើងបានបកស្រាយការឈឺចាប់អំពីស្នេហាយុវវ័យរបស់លោកតាមរយៈបទចំរៀង «ម្លប់ដូងទី១០» គឺជារឿងពិតរបស់អតីតវីរៈកវី គង្គ ប៊ុនឈឿន។
លោកមានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានបន្សល់ទុកនូវវណ្ណកម្មប្រវត្តិសាស្រ្ត និងកម្រងអនុស្សាពិតៗជាច្រើនតាមរយៈរឿងភាពយន្ត បទចំរៀងសៀវភៅប្រលោមលោក និងកាសែតទស្សនាវដ្តីនិងការងារជាច្រើនទៀត។
កវីដងស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន មានប្រវត្តិសង្ខេបខ្លះៗដូចតទៅ។ លោកបានកើតនៅថ្ងៃទី១៨ខែតុលាឆ្នាំ១៩៣៩ នៅភូមិ-ឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង។ ឪពុករបស់លោកឈ្មោះគង្គ ឈិន មានដើមកំណើតមកពីខេត្តតាកែវ រីឯអ្នកម្តាយឈ្មោះ ម៉រ ភឹង ជាអ្នកឃុំព្រែកហ្លួង ស្រុកសង្កែខេត្តបាត់ដំបង ។ កាលពីកុមារភាពរៀនវត្តពោធិវាល និងចូលសាលាឧត្តមដ្ឋានមជ្ឈឹមសាលា និងបន្តចូលវិទ្យាល័យព្រះមុនីវង្ស ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាអកុសលស្ថានភាពគ្រួសារទីទ័លក្រពេកទើបសម្រេចចិត្តទាំងបង្ខំចិត្តឈប់រៀននៅឆ្នាំ១៩៥៧។ លោកមានបងប្រុសម្នាក់គត់ឈ្មោះគង្គប៊ុនឆោម
ក៏មិនអាចចូលរួមជ្រោមជ្រែង គ្រួសារបានឡើយ ។
បន្ទាប់ពីបោះបង់ការសិក្សាក៏ងាកមករៀនគំនូរវិញ គឺចេះគូររូបនៅតាមរោងកុន អេដែន និងហាប់ ឈុន នៅផ្សារបាត់ដំបង។ ជានិស្ស័យទេពតាបានចារទុកមក គឺពេលទំនេរបានឆ្លៀតរៀនសរសេរកំណាព្យ និងហាត់លេងភ្លេង (ចេះកាន់ម៉ង់ដូលីន)សម្រាប់កំដរអារម្មណ៍បំភ្លេចរឿងស្នេហារបស់ខ្លួន។ ពិសេសពេលទំនេរទម្លាប់មកអង្គុយលេងមាត់ស្ទឹងសង្កែដើម្បីប្តូរបរិយាកាសក្នុងស្ថានភាពដែលកំពុងក្រលំបាក។ លោកបានកំព្រាឪពុកតាំងពីកុមារភាពរស់នៅក្រោមបន្ទុកម្តាយជាស្រ្តីមេម៉ាយ។ ចំណេះដឹងពីសាលា ដែលមានខ្លះៗលោកចាប់ផ្តើមសរសេរសៀវភៅប្រលោមលោក តែងកំណាព្យ យកទៅជួលគេបោះពុម្ភបានចេញផ្សាយលក់ខ្លះ និងមិនបានចេញខ្លះរកផ្លូវរស់នៅក្នុងអាជីពទឹកខ្មៅស្ទឹងសង្កែ។ សេចកី្តព្យាយាម លើវិថីប៉ាកាឬការសេរសរនោះមិនទទួលការនិយមអ្នកខ្លះថែមទាំងចំអកឳ្យលោកទៀតផង។
នៅទីបំផុតឆ្នាំ១៩៧២ លោកសម្រចចិត្តចូលក្រុងភ្នំពេញ (ក្នុងរបបសាធារណរដ្ឋខ្មែរ)ចាប់យកមុខ របរដូចជាកម្មករសំណង់ ឆ្នាំនោះក៏ស្រាប់លោក ឱ ឌុំ បានមករកជួបលោកដោយប្រាប់ថា មានក្រុមហ៊ុនថតភាពយន្តមួយសុំជួបជាមួយលោកដើម្បីសុំទិញរឿងប្រលោមលោក «រឿងពេជ្ឈឃាតក្រមុំ» ដែលលោកបានសរសេរលក់នៅបាត់ដំបងមកផលិតជាខ្សែភាពយន្តវិញដោយមានកុងត្រាច្បាស់លាស់ត្រឹមត្រូវហើយត្រូវទទួលយករូបលោកជាបុគ្គលិកក្នុងក្រុមហ៊ុននឹងមានប្រាក់ខែទៀតផង ។
កី្តសង្ឃឹមចាប់ផ្តើមមានពីពេលនោះមក ចំពោះបទចំរៀងដែលលោកបានសរសេរទាំងប៉ុន្មាននៅពេលទំនេរមិនទាន់បានផ្សាយទាំងកំណាព្យក្នុងនោះមានទាំងបទចំរៀង ហើយមានវាសនាជួប លោកស៊ិន ស៊ីសាមុត ទទួលច្រៀងយកបទចំរៀង កែសម្រួលសាច់ភ្លេង របស់លោកទៀត ទើបពេលនោះមានច្រើនសុទ្ធតែបទចំរៀងបាត់ដំបងមានច្រើនដោយសារលោកបានខិតខំចងក្រងរក្សាទុកទោះជាគ្មានទីផ្សារក៏ដោយ។ ទឹកខ្មៅស្ទឹងបានជនឡើងគឺបទចំរៀង «ម្លប់ដូងទី១០» គឺជារឿងពិតរបស់លោកផ្ទាល់ដែលកើតឡើងក្នុងឆ្នាំ១៩៦៩ វាជាស្នេហាគ្រាដំបូងដោយលោកបានស្រឡាញ់គ្នាជាមួយនារីម្នាក់នៅផ្ទះភូមិផង របងជាមួយគ្នាថែមបានសច្ចាស្បថស្បែរ ហើយបានណាត់ជួបគ្នានៅក្រោមដើមដូងមាត់ស្ទឹងសង្កែ ដែលមានកៅអីបង់ថ្ម នៅក្រោមដើមដូងនៅចំពីមុខវត្តពោធិវាលត្រើយខាងលិចហើយទីកន្លែងថ្លាថ្លែងរឿងបេះដូងបង្កើតឳ្យមានការណាត់ជួបជាហូរហែរ។
ភ្លើងស្នេហាចាប់ផ្តើមឆេះហុយៗ ព្រោះតែក្នុងជីវភាពរបស់លោកដុនដាបកោកយ៉ាកសូម្បីតែម្តាយបង្កើតក៏ត្រូវស្លាប់ចោលនៅក្រោមផ្ទះគេទៀតខ្លួនឯងគ្មានការងារធ្វើ ការសរសេរនិពន្ធបោះពុម្ភចេញផ្សាយទៅមុខមិនរួចទើបលោកដឹងសាច់រឿងដោយខ្លួនឯងថានារីនោះបានក្បត់ចិត្ត(សូមស្តាប់បទចំរៀងម្លប់ដូងទី១០) ហើយបានសរសេរទុកជាសាច់រឿងពិត ហើយទើបតែមកទម្លាយផ្សាយនៅឆ្នាំ១៩៧២ ដែលមានលោក ស៊ិន ស៊ីសាមុត (អធិរាជសម្លេងមាស) បានបន្ថែមសម្លេងរបៀបដង្ហក់ខ្សឹកខ្សួលអួលដើមកផងដើម្បីចូលរួមសោកស្តាយ គូរស្នេហ៌របស់លោកដែលមានដើមកំណើតនៅក្រោមដើមដូងមាត់ស្ទឹងសង្កែ ហើីយក៏ត្រូវរលាយទៅវិញក៏នៅកន្លែងដដែលកំសត់តាមសាច់រឿងទៀតទើបចាប់ល្បីតាំងពីពេលនោះមកឱ្យលោកផ្លាស់ប្តូរមុខមាត់។
ទឹកស្ទឹងសង្កែជោរនាចប្រាំងវស្សាតែរឿងស្នេហាដែលបាត់បង់ទៅហើយនោះ គ្មានថ្ងៃវិលវិញទេ ដើមដូង ដល់ពេលត្រូវដូរតែនិមិត្តរូបដើមដូងទី១០បានឈរបង្ហួតអ្នកនៅក្រុងបាត់ដំបងដដែលតាមរយៈកិច្ចការរដ្ឋបាលខេត្តបាត់ដំបងគឺនៅឆ្នាំ២០១៦ លោក ច័ន្ទ សុផល អតីតអភិបាលខេត្តបាត់ដំបង បានរំលឹកឡើងវិញចំពោះអនុស្សាវរីយ៍នៅបាត់ដំបងដែលល្បីតាមបទចំរៀង ម្លប់ដូងទី១០ បាននាំយកដើមដូងមកដាំនៅក្បាលស្ពានប៉ែកខាងកើតមុខវត្តកណ្តាលដែលជានិមិត្តរូបតាមសាច់រឿងនៃបទចំរៀងស្នេហារបស់កវីស្ទឹងសង្កែ។ បន្ទាប់ពី វីរៈកវីយើងបានទទួលមរណៈភាពនៅប្រទេសណ័រវ៉ែស ត្រូវបានក្រុមគ្រួសារសុំអាជ្ញាធរដើម្បីបញ្ចុះសពរបស់លោកនៅវត្តកណ្តាលនេះផងព្រោះអ្វីៗត្រូវធ្វើទៅតាមបណ្តាំរបស់លោក គង្គ ប៊ុនឈឿនឳ្យសកិ្តសមជាកវីម្ចាស់ដងស្ទឹងសង្កែដែលលោកមានដើមកំណើតនៅខេត្តបាត់ដំបង ហើយបានបន្សល់ទុករឿងរ៉ាវប្រវត្តិប្រចាំខេត្តដ៏អស្ចារ្យគ្មានគូប្រៀបឡើយ។
សូមបញ្ជាក់ថា នេះក៏ដើម្បីរំលឹកអនុស្សាវរីយ៍នៃម្ចាស់ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់កវីម្ចាស់ ស្ទឹងសង្កែគឺលោកគង្គ ប៊ុនឈឿន ជាតួឯកផងដែរ។ បទចម្រៀង ម្លប់ដូងទី១០ បានសម្រួលតន្រ្តីដោយ លោក ហាស់ សាឡន និងច្រៀងដោយលោក ស៊ីន ស៊ីសាមុត អំឡុងឆ្នាំ១៩៧៣។
តើអី្វជាមរតកស្ទឹងទឹកខ្មៅ គឺភរិយាលោក គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ប្រកាសផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុក ច្រៀង ដោយស្វាមីរបស់ខ្លួនចំនួន ៤បទបន្ថែមទៀត គឺបទស្ពានកំពង់លួង បទម្លប់ស្នេហ៍ដើមស្រឡៅ បទសែនឈឺចិត្ត និងបទប្រពន្ធខាំញិច៕
ឧកញ៉ាសុត្តន្តប្រីជាឥន្ទ កើតនៅថ្ងៃចន្ទ ២២ កក្កដា ១៨៥៩ នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ មាតាឈ្មោះមុំ បិតាឈ្មោះបញ្ចង់កែ។ កាលពីអាយុ១០ឆ្នាំ គេបានចូលសិក្សាអក្សរខ្មែរនៅវត្ត។ អាយុ១៥ឆ្នាំ កុមារារូបនេះ បានចេញរៀនប្រែធម៌បួសជាសាមណេរនៅវត្តព្រែកពោធិ៍។ បួសបាន១វស្សា ក៏បានចាកភេទជាសាមណេរ រួចទៅរៀនវិជ្ជាពីលោកអាចារ្យពេជ្រ នាស្រុកព្រះត្រពាំង។ អាយុ ១៨ឆ្នាំ យុវជនសុត្តន្តប្រីជាឥន្ទ ទៅរៀនជាមួយលោកគ្រូព្រះពុទ្ធ ឃោសាចារ្យ ប្រាក់ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ អាយុ១៩ឆ្នាំ រៀនជាមួយលោកគ្រូព្រះអាចារ្យសុខ វត្តកែវ នៅខេត្តបាត់ដំបង។ ឈានដល់ អាយុ ២០ឆ្នាំ បានបួសជាភិក្ខុនៅវត្តកែវ ១ វស្សា ទើបលាព្រះឧបជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកកប្រទេសថៃ។
រៀនបាន ៧វស្សាក៏វិលមកស្រុកខ្មែរវិញក្នុងអំណាចលោកព្រះយ៉ាកថាថន ញ៉ុញនៅវត្តកណ្តាលក្នុងខេត្តបាត់ដំបង រួមបាន១០វស្សា លាចាកសិក្ខាបទ សឹកមកមានបុត្រភរិយានៅ ភូមិជ្វាធំ លោកកថាថនឈុំ ចិញ្ចឹមជាទីហ្លួងវិចិត្រវោហារ បានតែងបានប្រែបាលី ជាសម្រាយមានចំនួន៤៤ចំណងជើង។មានចំណងជើងសៀវភៅខ្លះជា ចារស្លឹករឹតខ្លះ លុះអាយុបាន ៥៥ឆ្នាំ រាជការក្រុងភ្នំពេញឲ្យយកមកតាំងទីជាឧកញ៉ាសុត្តន្តប្រីជា ប្រោសឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរនៅក្នុងសាលាបាលី ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ បានលារាជការវិលមកនៅបាត់ដំបងដើមវិញ។
លុះនៅថ្ងៃទី១០ កើត ខែអស្សុជ ឆ្នាំ ជូត ឆស័ក មានរោគក្អក បណ្តាកូនចៅ ទាំងអស់នាំគ្នាខិតខំរកថ្នាំនិងគ្រូហ្មរក្សាពុំបានជាសះស្បើយឡើយ។ លុះ ដល់ថ្ងៃអាទិត្យ ១២ កើត ខែកត្តិក ឆ្នាំជូត ឆស័ក អ្នកប្រាជ្ញយើងកំពុងមានឈ្មោះល្បីល្បាញបានទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹកគឺថ្ងៃ៨វិច្ឆិកាឆ្នាំ១៩២៤។
ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ជាគម្រូអ្នកប្រាជ្ញទំនៀមនៅសម័យនោះ លោកចេះដឹងយ៉ាងច្បាស់លាស់នូវពុទ្ធសាសនាចេះស្ទាត់នូវភាសាថៃ និងភាសាបាលីដំបូងគេថែមទៀត។ លោកដើរតាមគន្លងអ្នកប្រាជ្ញរៀមច្បងរបស់លោកនៅសតវត្សទី១៨-១៩ដូចជាព្រះឃ្លាំងនង សម្តេចអង្គឌួង និងសន្ធរម៉ុកជាដើម។
ខាងក្រោមនេះជាស្នាដៃសំខាន់ៗរបស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានបន្សល់ទុកស្នាដៃសំខាន់ៗដូចតទៅនេះ ៖
-គតិលោកជាពាក្យរាយ ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ ១៩៧០ មាន១០ ភាគ។
-និរាសនគរវត្ត កំណាព្យពាក្យ៨ ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៩។
-សុភាសិតច្បាប់ស្រី កំណាព្យ កម្ពុជសុរិយា ១៩៣៤។
-អំបែងបែក រឿងល្បែង ភ្នំពេញ បណ្ណាគារជឹងងួនហួត ១៩៥៣ចំនួន ២ ភាគ។
-លោកនីតិបករណ៍កំណាព្យជាភាសាបាលីអធិប្បាយជាភាសាខ្មែរភ្នំពេញពុទ្ធសាសនបណ្ឌិត្យ១៩៥៣។
-ព្រះរាជពង្សាវតារខ្មែរច្បាប់ចម្លងដៃរក្សាទុកនៅបណ្ណាល័យសង្គមបេសកកម្មបរទេសនៅក្រុងប៉ារីសបកប្រែជាភាសាបារាំងដោយម៉ាទីនព្យ៉ាត។
-បឋមសម្ពោធិ (ជាក្រាំង)
-រូបគំនូរស្អាតគួរជាទីចាប់អារម្មណ៍ក្នុងក្រាំងចាស់របស់ខ្មែរយើងលោក នីតិបករណ៍ (ពាក្យកាព្យ)
-ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមទាំងអស់មានចំនួន ៤៤ចំណងជើងសៀវភៅ។ មរតកមាស ផ្នត់គំនិតអប់រំតាមបែប ពុទ្ធចក្រនិងអណាចក្រគឺពិតជាសម្បូរបែប។ ដូច្នោះយើងខេមរបត្រត្រូវទទួលស្គាល់តម្លៃអ្នកនិពន្ធឧកញ៉ា សុត្តន្តប្រីជាឥន្ទ ដែលឥស្សរជនក្នុងសមរភូមិប៉ាកានៅក្នុងព្រះរាជា ណាចក្រកម្ពុជា សូមឧទិ្ទកុសលបុណ្យចំពោះមិត្តអ្នកអានទាំងអស់ទទួលបានចំណេះដឹងរៀងៗខ្លួន៕
លោកហ្សកសឺដេស (1886 – 1969) មានដើមកំណើតជនជាតិហុងគ្រី កើតនៅទីក្រុងប៉ារីស ហើយបានសិក្សានៅ Lycée Carnot។ លោកចូលសិក្សាផ្នែកបុរាណវិទ្យា និងការអនុវត្តផ្ទាល់ផ្នែកនេះ។ នៅឆ្នាំ១៩១១ លោកហ្សកសឺដេស បានធ្វើដំណើរចូលមកឥណ្ឌូចិនហើយបានក្លាយជាបុគ្គលិកម្នាក់នៃ សាលាចុងបូព៌ានៅទីក្រុងហាណូយ (L’École francaise de l’Extrême-Orient)។ លុះនៅឆ្នាំ ១៩១៤ លោកត្រូវបានតែងតាំងជាសាស្រ្តាចារ្យនៃទស្សនវិជ្ជាឥណ្ឌូចិន។
នៅឆ្នាំ១៩១៨ លោកត្រូវបានផ្លាស់ទៅទីក្រុងបាងកក ដើម្បីក្លាយជានាយកបណ្ណាល័យប្រទេសសៀម (ប្រទេសថៃ) ហើយនៅចន្លោះឆ្នាំ១៩២៧ ដល់ឆ្នាំ ១៩២៩ លោកបានបម្រើការជាអគ្គលេខាធិការនៃវិទ្យាស្ថានភូមិន្ទសៀម (ប្រទេសថៃ)។ លោកបុរាណវិទូហ្សកសឺដេស បានត្រលប់ទៅកាន់ទីក្រុងហាណូយវិញក្នុងឆ្នាំ ១៩២៩ ឡើងកាន់ដំណែងជានាយកសាលាចុងបូព៌ារហូតដល់ឆ្នាំ១៩៤៦។
ការវិលមកកាន់ទីនេះជាថ្មីម្តងទៀត លោកហ្សកសឺដេស បានប្រឹងប្រែងអភិវឌ្ឍសាលាបារាំងចុងបូព៌ា
( EFEO) នៅទីក្រុងហាណូយ ដោយបើកបណ្ណាល័យ វិចិត្រសាល រូបភាព និងសារមន្ទីរ LouisFinot ដែលជាអ្នកកាន់តំណែងមុននៃសារមន្ទីរប្រវត្តិសាស្ត្រវៀតណាម បន្ទាប់មក លោកបានត្រឡប់ទៅប្រទេសបារាំងវិញ។ នៅទីនោះលោកបាន កាន់តំណែងជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រអាស៊ីអា គ្នេយ៍នៅសាលាភាសាបូព៌ា (L’École des Langues Orientales) និងជាអ្នកថែរក្សាសារមន្ទីរ Ennery ក្នុង ទីក្រុងប៉ារីស។
កាលពីកុមារភាព លោកហ្សកសឺដេស ( Coedès) បានកត់ចម្លង និងកត់ត្រានូវ epitaphs និងវិមាននានា
នៃអាស៊ីអាគ្នេយ៍ភាគច្រើន។ នៅក្នុងស្នាដៃស្រាវជ្រាវក្រោយៗមកគាត់បានលើកយកសិលាចារឹក រាប់ពាន់ ជាភាសាដូចជា សំស្រ្កឹត បាលី ខ្មែរបុរាណ ម៉ាឡេបុរាណ មន ថៃ ចាម និងភាសាផ្សេងៗទៀត។ នៅក្នុងសៀវភៅ និងអត្ថបទរបស់គាត់ គាត់បានពិភាក្សាអំពីបុរេប្រវត្តិ និងប្រវត្តិសាស្រ្តបុរាណរបស់ ប្រជាជននៅអាស៊ីអាគ្នេយ៍ និងការទំនាក់ទំនងរបស់ពួកគេជាមួយអរិយធម៌ឥណ្ឌា និងចិនជាដើម។ ស្នាដៃល្បីៗរបស់លោករួមមាន៖ សិលាចារឹកកម្ពុជា ភាគ៨ចន្លោះឆ្នាំ១៩៣៧ ដល់ ១៩៦៦ (អក្សរខ្មែរ)។ ប្រវត្តិបុរាណនៃបណ្តាប្រទេសឥណ្ឌានិយមនៅចុងបូព៌ា
( Histoire ancienne des étatshindouisesd’ExtrêmeOrient ) បោះពុម្ពនៅទីក្រុងហាណូយក្នុង
ឆ្នាំ ១៩៤៤។
ក្រោយសង្គ្រាមត្រូវបានបញ្ចប់ ការងារនេះត្រូវបានបោះពុម្ពនៅទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៤៨ មានចំណងជើង
ថាប្រទេសឥណ្ឌានៅឥណ្ឌូចិន និងឥណ្ឌូណេស៊ី ( Les États hindouisés d’Indochine)។ លោក សឺដេស
ទទួលបានភាពជោគជ័យដ៏អស្ចារ្យសៀវភៅប្រជាជននៃឧបទី្វបឥណ្ឌូចិន (Les peuples de la Péninsule Indochinoise ) បោះពុម្ពឆ្នាំ ឆ្នាំ១៩៦២ ។ អវសាន្តស្នាដៃ សៀវភៅពីរក្បាលត្រូវបាន បកប្រែជាភាសាអង់គ្លេសដែលមានចំណងជើងថារដ្ឋឥណ្ឌូចិននៅអាស៊ី ( The Indianized States of Southeast Asia )បោះពុម្ពឆ្នា១៩៦៨ និងការបង្កើតអាស៊ីអាគ្នេយ៍( The Making of Southeast Asia)បោះពុម្ពឆ្នាំ១៩៦៦ ។ សៀវភៅពីរក្បាលនេះបានក្លាយទៅជាកម្មវត្ថុសម្រាប់អ្នកសិក្សាឬអ្នកចង់ដឹងពីការកកើតរដ្ឋនៅឥណ្ឌូចិន។
គេអាចនិយាយបានថា សៀវភៅការបង្កើតអាស៊ីអាគ្នេយ៍(The Making of Southeast Asia) គឺជាស្នាដៃដំបូង បំផុតរបស់លោកហ្សកសឺដេស ដែលត្រូវបានបកប្រែជាភាសាអង់គ្លេស ដែលមានភាសាដើមរបស់វាគឺ Les peuples de la Péninsule Indochinoise បោះពុម្ពឆ្នាំ១៩៦២1962។ សៀវភៅនេះមានសរុប ២៦៨ទំព័រ ចែកចេញជា៥ផ្នែក ជាមួយនឹងរូបភាព ១៦ ដែលផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយ នៃប្រវត្តិ សាស្រ្តនៃអាស៊ីអាគ្នេយ៍ (លើកលែងតែប្រទេសឥណ្ឌូនេស៊ី) ពីសម័យបុរេប្រវត្តិរហូតដល់សម័យថ្មី និងសម័យទំនើប ដែលមួយផ្នែកបំពេញបន្ថែមនូវស្នាដៃពីមុនរបស់លោកសឺដេស។ ជាពិសេសទៅទៀតលោក បានបន្ថែមប្រវត្តិសាស្រ្តវៀតណាមទៅក្នុងការស្រាវជ្រាវរបស់គាត់ជាមួយនឹងទិដ្ឋភាពដ៏ទូលំទូលាយ ទោះបីជាលោកចាត់ទុកថា ខ្លួនគាត់មិនមានចំណេះដឹងស៊ីជម្រៅក៏ដោយ។
ការងារដ៏ល្បីរបស់លោកសឺដេស( Coedès) ក្នុងការសិក្សាប្រវត្តិសាស្រ្តបុរាណអាស៊ីអាគ្នេយ៍គឺ The Indianized States of Southeast Asia (១៩៦៨) បកប្រែដោយ Susan Brown Cowing និងកែសម្រួលដោយ Walter F. Vella បោះពុម្ពដោយ University of Hawaii Press ។ ជាមួយនឹងទំព័រជាង ៤០០ ចែកចេញជា ១៤ជំពូកដែលមាន ៦ជំពូក និងតារាងពង្សាវតារនៃរាជវង្ស Majapahit និងប្រទេសកម្ពុជា។ លោក
សឺដេស( Coedès) បង្ហាញពីរបៀបដែលប្រវត្តិសាស្រ្តនៃអាស៊ីអាគ្នេយ៍ក្រោម “ឥទ្ធិពល” នៃអរិយធម៌ឥណ្ឌា បានកើត ឡើងពីប្រវត្តិសាស្ត្រ គំរូរដ្ឋ ការសរសេរ និងសាសនាក្នុងកំឡុងពីសតវត្សទី ១ នៃគ.ស. ដល់ ១៥០០ នៃគ.ស។ ពាក្យថា ឥណ្ឌានីយកម្មបង្ហាញទិដ្ឋភាពម្ខាងនៃប្រវត្តិសាស្ត្រនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បុរាណ (លើកលែងតែវៀតណាមក្នុងការបែងចែកអរិយធម៌ចិន) ជាច្បាប់ចម្លងដែលដាក់គំរូ (ឥទ្ធិពលនៃអរិយធម៌ឥណ្ឌា)។ នេះ ពិតជាត្រូវយកមកពិចារណានៅក្នុងគំរូថ្មី ស្មុគស្មាញនិងពហុវិមាត្រ នៅក្នុងបរិបទនៃអក្សរសិល្ប៍នាពេល បច្ចុប្បន្ន និងការយល់ដឹងអំពីតំបន់នេះ។
សរុបសេចកី្តមក ជាមួយនឹងប្រភពពត៌មានដ៏សម្បូរបែប ធម្មជាតិវិទ្យាសាស្រ្ត និងតម្លៃសិក្សាខ្ពស់ ការងារស្រាវ ជ្រាវរបស់លោកហ្សកសឺដេសជាពិសេសការបោះពុម្ពទាំងអស់នោះគឺជាឯកសារយោងដែល មិនអាចមិនអើពើបាននៅពេលស្រាវជ្រាវពីប្រវត្តិសាស្ត្រវប្បធម៌និងសិល្បៈបុរាណនៃអាស៊ីអាគ្នេយ៍៕យើងមាន សេចក្តីសោមនស្សរីករាយក្នុងការណែនាំដល់អ្នកបានសិក្សាស្រាវជ្រា៕