រឿងដ៏សោកសង្រេងគឺនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥នាសម័យនោះ មានស្ត្រីម្នាក់ឈ្មោះនាងប៊ី រស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ។ បន្ទាប់ពីប្ដីរបស់គាត់ ត្រូវបានបារាំងចាប់វាយខ្នោះ ដោយសារតែមិនមានប្រាក់៥រៀលបង់ឲ្យគេ រូបគាត់ក៏បានដើរខ្ចីបុលអ្នកភូមិបានប្រាក់៥រៀល គ្រប់ចំនួនហើយនោះ ក៏បានយកទៅបង់ឱ្យក្រុមបារាំង ដែលមកទារពន្ធសាលាឃុំ ដើម្បីឱ្យគេដោះលែងប្ដីរបស់គាត់ តែនៅពេលដែលគាត់បានប្រាក់៥រៀលបង់ទៅឲ្យគេហើយនោះ ជនជាតិបារាំងនៅតែមិនព្រមដោះលែងប្ដីរបស់គាត់ ហើយបានប្រាប់គាត់ថា មិនដោះលែងទេលុះត្រាតែអ្នកទាំងអស់គ្នាយកប្រាក់មកបង់ពន្ធឲ្យពួកគេសិន ទើបគេព្រមដោះលែង។

ព្រឹតិ្តការណ៍រុញទៅបង្កើតហិង្សាប្រឆាំងនឹងការគៀបសង្កត់ទាមទារសេរីភាពនាពេលនោះ ដែលបានបណ្តាលឲ្យជនជាតិបារាំងម្នាក់ត្រូវស្លាប់ ដែលជាតំណាងអាណានិគមបារាំងប្រចាំតំបន់ឈ្មោះ រ៉េស៊ីដង់បារដេស បានស្លាប់នៅក្នុងព្រឹត្តិការណ៍នោះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់កុង្សីសេនាបតីរបស់អាណានិគមបារាំង។ ដើម្បីការទូតទើបព្រះបាទស៊ីសុវត្ថិ បានចេញសេចក្តីប្រកាសមួយឲ្យប្ដូរឈ្មោះពីភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆានវិញ។ ក្រោយមកចេតិយព្រះកែវមរកត ត្រូវបានសាងសង់ ហើយតម្រូវឲ្យប្រជាពលរដ្ឋក្នុងភូមិក្រាំងលាវនិមន្តព្រះសង្ស១០០អង្គ ធ្វើបុណ្យនៅរៀងរាល់ថ្ងៃទី១៨ ខែមេសាជារៀងរាល់ឆ្នាំ។ មានរយៈពេល១០០ឆ្នាំហើយ រូបភាពសំណាក និងចេតិយបន្តបង្ហាញពីការឈឺចាប់បាត់បង់សាច់ញាតិទាំងអស់គ្នា។

បច្ចុប្បន្នទីកន្លែងចេតិយរបស់បារដេស គេឃើញមានរូបសំណាកនារីម្នាក់ ដែលបានកសាងឡើងពីស៊ីម៉ងត៍ មានកាន់ដំបងនៅនឹងដៃលើកយារវ៉ៃ(អប្សារាក្រាំងលាវ)ទៅក្រោយឈរដោយភាពអង់អាចក្លាហានបំផុត នៅពីមុខរូបសំណង់ចេតិយសពរេស៊ីដង់បារដេស។ រូបសំណាកនេះហើយ គឺជារូបសំណាកយាយប៊ី ឬនាងប៊ី ដែលជាស្ត្រីក្លាហានដែលហ៊ានចេញមុខតវ៉ាដំបូងប្រឆាំងតទល់ទៅនឹងសកម្មភាពរបស់រ៉េស៊ីដង់បារដេស ដែលប្រព្រឹត្តមកលើអ្នកភូមិជាកសិករនាសម័យនោះ។

សង្ខេបរឿងភូមិតិរច្ឆាន

រឿងភូមិតិរច្ចានត្រូវបានរដ្ឋបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២។

         ក្នុងសង្រ្គាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់១៩១៩ ដែលប្រទេសកម្ពុជាស្ថិត​នៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅ​ច្បាំងប្រឆាំងនឹងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជា​រៀងរាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្រ្តនៅស្រុកមុខកំពូលចំនួន​៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះ។ សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្រ្ជោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវ​មរកត និងផ្កាយដុះកន្ទុយជាដើម។

នៅខេត្តកំពុងឆ្នាំងក៏ដូចជាខេត្តផ្សេងទៀតដែរ ប្រជារាស្រ្តមានជីវភាពក្រីក្រតោកយាកធ្វើឲ្យគ្រួ​សារមួយត្រូវព្រាត់បា្រសប្រពន្ធកូន។ នាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិការ​ព្យាបាលជំងឺ។ ចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយ​មិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួន។
ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំគម្រោងការ​សម្លាប់រ៉េស៊ីដង់បារដេសដែលអនុវត្តអំពើព្រៃផ្សៃយង់ឃ្នង គ្រប់ពេលដែលពួកវាចុះទារ​ពន្ធ​ដារពីកសិករ។ ចលនារបស់ជួន និងនៅ ក៏មានការចូលរួមពីក្រុមអ្នកភូមិក្លាហានចំនួន ២០ នាក់ទៀត។

នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្រ្តក្នុងភូមិ​ គួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែងដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បារដេស​បានចេញទារពន្ធដារដោយខ្លួនឯង។ លុះដល់ថ្ងៃទី១៨មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិ​ក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្ល ឈ្មោះ​បោយ ពេលនោះបារដេសមានទំនាស់ជាមួយនាងនី នាងប៊ី។ ក្នុងសភាពការណ៍នេះជាឱកាសមួយ​ដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បារដេស ដោយឥតញញើតដៃ។ ក្នុងនោះ​នៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំង។

ក្រោយពីសម្លាប់បារដេស និងសហការីរួចមក ក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់​ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បារដេសធ្វើឲ្យមានប្រតិ​កម្មយ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្ថិបានចេញសេចក្តី​ប្រកាសមួយឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញ។ ក្រោយមកចេតិយព្រះកែវមរកតត្រូវបានសាងសង់ និងតម្រូវឱ្យធ្វើបុណ្យនៅថ្ងៃទី១៨ មេសា ជារៀងរាល់ឆ្នាំ។ ជាទី​បញ្ចប់ទាហានបានកៀរអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ ចំណែកសុវណ្ណ និងនាងតន់​ក៏បានមករួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូនវិញ​ផងដែរ៕

លោក សាស្ត្រាចារ្យ មាឃ សារី បានបង្ហាញរូបភាពដែលលោកបានសិក្សាស្រាវជ្រាវរកឃើញផ្ទាំងសិលាចារិកនៅឆ្នាំ ២០០៦ ដែលបង្ហាញអំពីទំនាក់ទំនងចិននិងខ្មែរ តាមរយៈអាថ៌កំបាំងសិលាសចារិកមួយផ្ទាំងនេះ។ លោកសាស្រ្តាចារ្យស្ថិតក្នុងកិច្ចការដឹកនាំសាមណេរនិស្សិតធ្វើកម្មវិធីសិក្សាបានបញ្ជាក់ទៀតថា “ខ្ញុំបានចំណាយពេលសាកសួរមនុស្សចាស់ៗរាប់ទាំងអ្នកស្រាវជ្រាវផ្សេងទៀតមិនបានបង្ហាញខ្លឹមតាមតែលោកយល់ឃើញនោះទេ”។ លោកបានសន្និដ្ឋានថា ទំនាក់ទំនងខ្មែរនិងចិនមានរយៈពេលយូរឆ្នាំមកហើយ។

នៅឧទ្យានតេជោសែន ឫស្សីត្រឹបបានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០១៩ ដដែលនោះ ឧទ្យានឫស្សីត្រឹប បានសាងសារមន្ទីរនៅនឹងស្ថានីយកំណាយចំនួន ២ កន្លែង ដើម្បីរក្សាភស្តុតាង និងវត្ថុគំហើញបុរាណវត្ថុវិទ្យានានា ឱ្យនៅក្នុងរណ្ដៅកំណាយ នៃទីតាំងរបស់វា សម្រាប់បប្រើជូនដល់សាធារណជន និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ងាយទស្សនា និងសិក្សាឈ្វេងយល់។ មន្ត្រីនៅឧទ្យានតេជោសែនប្ញស្សីត្រឹបបានបញ្ជាក់ជូនសាមណនិស្សិត និងនិស្សិតមកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី សាកលវិទ្យាល័យឯកទេសកម្ពុជា(CUS)និងសាកលវិទ្យាល័យសីហនុរាជថា «តាមរយៈកំណាយនេះយើងរកឃើញអំបែងចាននាំចូលមកពីប្រទេសចិន»។

ទាក់ទងប្រវត្តិសាស្រ្តចិននិងកម្ពុជាតាមរយៈស្នាដៃលោក លី ធាមតេង

អ្នកសិក្សាអំពីប្រវត្តិសាស្រ្តជាច្រើនទាំងអស់ជឿលើឯកសារឯកសារលោក លី ធាមតេង ដែលបានបកប្រែសំណេរលោកជីវតាខ្វាន់ ឬការសរសេរឡើងដោយលោក ជីវ តាក្វាន់ គឺ​ជា​បេសកទូតរបស់អធិរាជចិន​ដែលបានមកស្នាក់នៅ​អង្គរ​ពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជា​ជនបរទេសម្នាក់​ដែលបានឃើញប្រាសាទអង្គរវត្ត​ជាលើកដំបូង​។

លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។

លោក​ ជីវ តាក្វាន់ បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ “ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា” បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​អាណាចក្រខ្មែរនាសម័យនោះ។

កំណត់ហេតុត្រូវបានបកប្រែ​ជាខេមរភាសា ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយ​នៅឆ្នាំ១៩៧៣ មានចំនួន ៨១ ទំព័រ ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរ​នៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរជាដើម។ ដូច្នោះពេលយើងបានចូលទៅទស្សនាប្រសាទអង្គរវត្តសូមមេត្តាចំណាយពេលវេលាពិនិត្យមើលរូបភាពដូចដែលភូមិអ្នកនិពន្ធបានបង្ហាញជូន៕

 

គេអាចនិយាយថាក្រៅពីលោក សេកស្ពៀរ(Shakespeare )អ្នករិះគន់បានចំណាយទឹកខ្មៅច្រើនបំផុតលើអ្នកនិពន្ធភាសាអង់គ្លេសផ្សេងទៀតក្រៅពី លោក មីលតុន។ យោង​តាម​អ្នក​សរសេរ​ជីវប្រវត្តិ​ម្នាក់
មីលតុន«​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់និងស្អប់។ ប៉ុន្តែមាន​មនុស្ស​តិច​នាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​ឡើយ»។

កើតនិងធំពេញវ័យគឺក្នុងរជ្ជកាលយុគសម័យនៃហេតុផលនៃពួកអភិជនដូចជា ប្រេនសីស បាខន
( Francis Bacon)ចនចាកគីរ៉ុសសៀ( Jean-Jacques Rousseau)និងអីសសាកញូវតុន(Isaac Newton)កើតក្នុងគ្រួសារកាតូលិកដែលមានជីវភាពធូរធារ អាចទទួលបានការអប់រំល្អនៅសាកលវិទ្យាល័យ Christ (Cambridge) និងចេះភាសាជាច្រើន និងមានទស្សនៈយល់ដឹងខ្ពស់។ លោកកវី មីលតុនត្រូវបានបង្កើតឡើងនៅក្នុងការតស៊ូនយោបាយរហូតដល់ជីវិតឯកោម្នាក់ឯង។ ជីវិតរបស់លោកបានឆ្លងកាត់ការចលាចលនយោបាយទាំងបីដំណាក់កាលនៅក្នុងប្រទេសអង់គ្លេស៖ របបរាជាធិបតេយ្យ Stuart សង្គ្រាមស៊ីវិល (រួមទាំងសាធារណរដ្ឋ Commonwealth ថ្មី) និងការស្ដារឡើងវិញនូវរាជាធិបតេយ្យ។

បន្ទាប់ពីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសិល្បៈ(១៦៣២) លោកក៏បានចំណាយពេល ៦ ឆ្នាំស្វ័យសិក្សាដោយខ្លួនឯង សិក្សាទ្រឹស្ដី ប្រវត្តិសាស្ត្រ គណិតវិទ្យា និងអក្សរសាស្ត្រ ហើយបន្ទាប់មកចំណាយពេលពេញ ១ ឆ្នាំ (១៦៣៨ – ១៦៣៩) ធ្វើដំណើរជុំវិញទ្វីបអឺរ៉ុបទាំងមូល ដើម្បីជួបបុគ្គលល្បីៗនៅពេលនោះ។ មនុស្សសំខាន់មានដូចជា Galileo Galilei, Hugo Grotius…រួចត្រលប់មកប្រទេសអង់គ្លេសវិញស្រាប់តែហេតុការណ៍ផ្ទុះសង្គ្រាមស៊ីវិលគឺជាការបង្ហូរឈាមផ្ទៃក្នុង។ ក្នុងសភាពការតានតឹងលោកបានក្លាយជាអ្នកការទូតដែលគាំទ្រសេដ្ឋកិច្ច សាធារណរដ្ឋថ្មី – Commonwealth ក្រោមការដឹកនាំរបស់លោក អូលីវើ ក្រូមវែល( Oliver Cromwell )ជាឥស្សជនម្នាក់បន្ទាប់ពីស្តេច
ឆាលឡេសទី១។

នៅឆ្នាំ ១៦៥៤ លោកបានប្រឹងប្រែងការតស៊ូដោយផ្ទាល់ក្នុងនាមជាមនុស្សម្នាក់ដែលគេទុកចិត្តហើយស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើងបណ្តាលឱ្យលោករងរបួសធ្ងន់រហូតពិការភ្នែក ហើយស្ថានភាពហិរញ្ញវត្ថុក៏កាន់តែយ៉ាបយ៉ឺនខ្លាំងឡើងរួមទាំងការចូលរួមនយោបាយដែរ។ ប៉ុន្តែ​ដោយ​មាន​ជំនឿ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ក្នុង​ការ​បន្ត​ដោយងាកមក​សរសេរ​​កំណាព្យ​អប់រំមនុស្សតាមបែបសាសនាវិញ។

កំណាព្យវីរភាពដ៏អស្ចារ្យបំផុតមានចំណងជើងថា «”ឋានសួគ៌​បាន​បាត់បង់(Paradise Lost)ជាវណ្ណកម្មលោក មិលតុន។ លើសពីមានវណ្ណកម្មចំនួន១០ចំណងជើងផ្សេងទៀតដែលនិយាយពីតថសង្គមរិះគន់តាំងពីការបោះពុម្ពលើកដំបូងនៅឆ្នាំ១៦៦៧។ សូមបញ្ចាក់ថា ឥទ្ធិពលរបស់វាទៅលើអក្សរសិល្ប៍អង់គ្លេសគឺស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីកវីសេកស្ពៀរប៉ុណ្ណោះ។ មានអ្នករិះគន់និយមផ្នែកអក្សរសាស្ត្រ គឺលោកចន ឌ្រីដិន បានសង្កេតឃើញថា «វណ្ណកម្មរបស់កវីដូចជាជាពួកបរិសុទ្ធពីសម័យបុរាណ»។

នៅឆ្នាំ១៦៥៨ ពេលលោកសរសេរកំណាព្យអំពីជីវិតផ្ទាល់ខ្លួន និងជាជនសកម្មក្នុងនយោបាយម្នាក់ ព្រោះប្រពន្ធ និងកូនស្រីទីពីររបស់គាត់បានស្លាប់ក្នុងរបបផ្តាច់ការរបស់ Oliver Cromwell ។ ក្រោយមករបបរាជាធិបតេយ្យត្រូវបានស្ដារឡើងវិញនៅឆ្នាំ១៦៦០ ចំណែក មិលតុនត្រូវលាក់ខ្លួន ហើយមានតែជំនួយពីមិត្តដែលមានឥទ្ធិពលប៉ុណ្ណោះ ទើបគាត់រួចផុតពីសេចក្តីស្លាប់។

នៅក្នុងសំណេក្រាំងមាស«ឋានសួរបានបាត់បង់»គឺបានអធិប្បាយអំពីជីវិតអ្នកនិពន្ធនៃវីរភាពដ៏អស្ចារ្យដំបូងគេ នៅក្នុងអក្សរសិល្ប៍លោកខាងលិចក៏ដូចជាធីបេស(Thebes) ជាហោរាម្នាក់ដែលពិការភ្នែក ហើយអាចមើលដឹងដោយមិនប្រើភ្នែកដូចពួកយើងជាមនុស្សធម្មតា។ និយាយពេលលោកបាត់នេត្រាទៅគឺញ៉ាំងឱ្យក្រាំងកំណាព្យកាន់តែរសាត់ឆ្ងាយ និងខ្ពស់ខ្លាំងឡើង។ ក្រាំងកំណាព្យចុងក្រោយមានចំណងជើងថា«ភ្នែក»ព្រោះភ្នែកជាព្រលឹងញាណរបស់អ្នកកវីតាមរយៈការស្រមើស្រមៃរបស់គាត់ និងការប៉ុនប៉ងដើម្បីបង្ហាញពីការពិតដ៏ស្មុគស្មាញ លើសពីមនុស្សមានភ្នែកដែលគ្មានចក្ខុវិស័យមើលឃើញពិភពលោកថា គ្មានន័យ។

កំណាព្យមួយមានចំណងជើងថា«ទេវតាក្បត់»ជាសាតាំងមួយត្រូវបានគេបរិយាយអំពីមនុស្សមិនជឿលើសាសនាបង្កើតអំពើក្បត់។ ស្ថិតនៅក្នុងភាពងងឹតទាំងស្រុងមើលមិនឃើញពិភពលោកសោះនោះលោកមានវិធីអប់រំខ្លួន សរសេរអប់រំអ្នកដទៃឱ្យរស់ក្នុងសេចកី្តសង្ឃឹម ព្រោះសេចកី្តសង្ឃឹមជាឋានសួគ៌មនុស្សលោក។ អ្នករិះគន់ជាច្រើនជឿថាព្រះ(គំនិត)ដែលលេចឡើងតាមរយៈទឹកប៊ិចរបស់មីលតុនគឺពិតជា«ឃោរឃៅ»ព្រោះអក្សរសិល្ប៍ជាអាវុធវាជាឆ្នួតផ្ទុះមួយផ្ញើទៅដល់អ្នកកាន់អំណាចក្នុងរជ្ជកាលខ្មៅងងឹត។ ក្នុងន័យគឺថា សូមគ្រប់គ្រងឋានមនុស្សឱ្យក្លាយទៅជាឋានសួគ៌ដែលមនុស្សទូទៅរស់នៅបានសុខសាន្ត។

ក្នុងឆ្នាំ១៦១៧កំណាព្យដ៏រីករាយមួយគឺ«ឋានសួគ៌បានមកវិញ(Paradise Regained)» គឺកវីសរសេរខ្លីណាស់ ដោយផ្តោតលើការដំបូន្មានរបស់ព្រះយេស៊ូន័យថា«វីរបុរសមិនយកឈ្នះដោយកម្លាំងដោយអំពើអាក្រក់ទេ ប៉ុន្តែដោយបន្ទាបខ្លួន និងជំនឿលើព្រះ»។ កំណាព្យទាំងនេះពន្យល់ពីបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិ ពោលគឺថា ព្រះនឹងស្ដារឋានសួគ៌ឡើងវិញតាមរយៈព្រះយេស៊ូដោយអនុញ្ញាតឱ្យមនុស្សដែលមានភក្ដីភាពចំពោះទ្រង់មានជីវិតដ៏ល្អឥតខ្ចោះនៅលើផែនដីនេះ។

ដូចជាឆ្នាំ១៦៤៤ លោកបានក្រោកឈរឡើងប្រឆាំងនឹងការចាប់ពិរុទ្ធ អក្សរសិល្ប៍ការពារបានគាំទ្រសេរីភាពនៃការនិយាយ  បានប្រឆាំងនឹងព្រះវិហារដែលកាន់តំណែងជាអន្តរការីរវាងព្រះគម្ពីរ និងប៊ីស្សពបានគ្រប់គ្រងសាសនា។ លោកបានតស៊ូមតិសម្រាប់នយោបាយសាធារណៈរដ្ឋរ៉ាឌីកាល់។ នៅឆ្នាំ ១៦៤៣ លោកសរសេរអំពីអាពាហ៍ពិពាហ៍អ្វីដែលសំខាន់គឺមិនមែនជារូបកាយ ឬបុគ្គលិកលក្ខណៈអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែនៅក្នុងអ្វីដែលសម្គាល់មនុស្ស ពីសត្វ – សេចក្តីស្រឡាញ់និងព្រលឹងសមហេតុផល។

លោក​មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​លើ​អ្នក​និពន្ធ និង​កវី​សហ​សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានឥទិ្ធពលដល់អ្នក​ជំនាន់​ក្រោយ​ទៀត​ផង។ អ្នកនិពន្ធជនជាតិអាមេរិកម្នាក់គឺលោកភីលិប ភូឡមេន( Phillip Pullman) បាននិយាយថា«គ្មាននរណាម្នាក់លើសគាត់សូម្បីតែសេកស្ពៀរក៏មានសម្លេងមាតុភូមិ(ស្នេហាជាតិ) ពោលគឺកាព្យមានសម្រស់ មានជីវិតទាំងបញ្ជាសំឡេង ចង្វាក់ និងរចនាសម្ព័ន្ធនៃភាសាអង់គ្លេស» ។ កូន​ស្រី​របស់​គាត់​តែង​តែ​និយាយទៅកាន់​ឪពុក​របស់​នាង​ថា «ជា​ដៃគូ​ដ៏​អស្ចារ្យ ជា​ប្រភព​នៃ​ការ​សន្ទនា ហើយ​មាន​ភាព​ស្ងប់​ស្ងាត់​មិន​ចេះ​រសាយ​ចិត្ត»។ អនិចាណាស់លោក ចន មិលតុនទទួលមរណភាពក្នុងឆ្នាំ ១៦៧៤ក្នុងអាយុ៦៦ឆ្នាំ៕

លោកតែងសម្ដែងការមិនពេញចិត្តរបបដឹកនាំរបបសាធារណរដ្ឋខ្មែរ។ នៅឆ្នាំ ១៩៧១ លោក ឃុន ស្រ៊ុន បានជាប់ពន្ធនាគាររយៈពេល៧ខែ ដោយសារលោកបដិសេធមិនចូលរួមនឹងរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ នៅឆ្នាំ ១៩៧៣ បន្ទាប់ពីជាប់ពន្ធនាគារជាលើកទី២ លោកបានចូលជាមួយចលនាកុម្មុនីស្តកម្ពុជា ហើយក៏បានបញ្ចប់អាជីពជាអ្នកនិពន្ធត្រឹមអាយុ២៨ឆ្នាំ។

ភូមិអ្នកនិពន្ធ បានព្យាយាមស្វែងរកសេចកី្តពិតនៃជីវិតរបស់អ្នកនិពន្ធរិះគន់តថភាពសង្គម លោកឃុន ស្រ៊ុន ជាអ្នកនិពន្ធចម្រុះ ពោលគឺលោកអាចនិពន្ធបានទាំងផ្នែកកំណាព្យ អត្ថបទពាក្យរាយ ប្រលោមលោក និងគណិតវិទ្យាផងទៀត។ ស្នាដៃរបស់លោកភាគច្រើនតែងពាក់ព័ន្ធនៅក្នុងហេតុការណ៍ពិតៗដែលកើតមានក្នុងសង្គម។ ឧទាហរណ៍រឿង«លំនៅចុងក្រោយ» បោះពុម្ពឆ្នាំ១៩៧១ ជាប្រភេទរឿងកម្រង ដែលសាច់រឿងនេះបង្ហាញពីព្រឹត្តិការណ៍សង្គមខ្មែរនាសម័យដែលអ្នកនិពន្ធផ្ទាល់បានឆ្លងកាត់ជាពិសេស បង្ហាញអំពីជីវភាពរស់នៅរបស់ប្រជារាស្ត្រតូចតាច នៅតាមជនបទស្រែចំការ ជីវភាព និងការងាររបស់គ្រូបង្រៀនតាំងពីថ្នាក់តូច រហូតដល់ថ្នាក់ធំនិង បង្ហាញពីទុក្ខវេទនារបស់ប្រជាកសិករដោយសារតែសង្គ្រាម និងការទម្លាក់គ្រាប់សម័យលន់នល់។ ចំណែកឯរឿងមួយចំនួនទៀតដូចជារឿង« ផ្ទះអន្ទិតសុក សាលាខ្ញុំ, ត្រកៀន» ជារឿងដែលនិយាយពីដំណើរជីវិត និងតថភាពនៃការរស់នៅការរៀនសូត្រនិងការប្រកបការងារ របស់អ្នកនិពន្ធ។

លោក ឃុន ស៊្រុន កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៤៥ នៅភូមិរវៀង ស្រុកសំរោងទង ខេត្តតាកែវ (សព្វថ្ងៃជាខេត្តកំពង់ស្ពឺ)។ ម្តាយឈ្មោះ ជី អេង និង ឪពុកឈ្មោះ ឃុន គឹមឆេង។ លោកជាកូនទី៤ ក្នុងចំណោមកូនទាំង៧នាក់ ។ ឆ្នាំ១៩៥៣ កុមារ ស្រ៊ុន បានចូលសិក្សានៅសាលាបឋមសិក្សាប្រាសាទនាងខ្មៅ ហើយបានបន្តការសិក្សានៅតាកែវក្រុង មុនពេលបានចូលជានិស្សិតផែ្នកគណិតសាស្ត្រ ឆ្នាំ១៩៦៤ នៅទីក្រុងភ្នំពេញ។ ចេញពីវិទ្យាស្ថានគរុកោសល្យ អនាគតអ្នកនិពន្ធ សាស្ត្រាចារ្យ រូបនេះ បានប្រឡងជាប់ចូលសាលាគរុវិជ្ជាជាន់ខ្ពស់ ។ នៅឆ្នាំ១៩៦៩ លោកបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ ។ លោក ឃុន ស្រ៊ុន ជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ មុនក្លាយជាសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិ ។

សៀវភៅអក្សរសាស្ត្រខ្មែរសតវត្សរ៍ទី២០ របស់បណ្ឌិតសាស្ត្រាចារ្យ ឃីង ហុកឌី បានអត្ថាធិប្បាយថា លោក ឃុន ស្រ៊ុន បានបំរើខេមរយានកម្មសិក្សាផ្នែកគណិតវិទ្យារហូតពីឆ្នាំ១៩៧០ មកហើយ។ លោក ឃុន ស្រ៊ុន បានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧០។ ប៉ុន្តែសៀវភៅអក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-៧៥ របស់លោក ហាក់ វ៉ាន់ដារា បានអះអាងថា លោកបានជាប់ជាសមាជិកគណៈកម្មការជាតិខេមរយានកម្មផ្នែកគណិតវិទ្យានៅឆ្នាំ១៩៦៨ ហើយបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧០ ។

សៀវភៅអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៧០-៧៥ របស់លោក ហាក់ វ៉ាន់ដារា បានកត់ចំណាំថា លោក ឃុន ស្រ៊ុន ជាមនុស្សប្រកបដោយមនសិការការងារ និងអភិវឌ្ឍន៍ខ្ពង់ខ្ពស់។ ចំណែកលោក ឃីង ហុកឌី បានអះអាងថា អ្នកនិពន្ធ ឃុន ស្រ៊ុន ជាមិត្តរួមជំនាន់ជាមួយលោក នៅសាលាគរុវិជ្ជាជាន់ខ្ពស់ និងមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ (អំឡុងឆាំ៦០) ។ លោក ឃីង ហុកឌី បានពោលសរសើមិត្តរួមជំនាន់របស់លោកថា ជាមនុស្សស្រលាញ់ការងារប្រកបដោយមនសិការជាតិពិត ប្រាកដ។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ លោក ឃុន ស្រ៊ុន ត្រូវបានចាត់តាំងឱ្យធ្វើជាវិស្វករផ្លូវរថភ្លើង។ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៧៨ លោក និងភរិយា ព្រមទាំងកូនតូចៗពីនាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់គុកទួលស្លែង ហើយប្រហែលជាត្រូវបានសម្លាប់នៅវាលពិឃាតជើងឯក ក្រៅក្រុងភ្នំពេញ ប៉ុន្មានថ្ងៃមុនការដួលរលំនៃរបបខ្មែរក្រហម ៧ មករា ឆ្នាំ ១៩៧៩។អ្នកនិពន្ធ ឃីង ហុកឌី បានស្រាវជ្រាវរកឃើញថា អ្នកនិពន្ធ ឃុន ស្រ៊ុន ជាសាស្ត្រាចារ្យផង ជាអ្នកនិពន្ធផង អាចជាយុទ្ធជនតស៊ូមួយរូបក្នុង
សមរភូមិផង។

ខាងក្រោមនេះជាស្នាដៃនិពន្ធ ដែលលោក ឃុន ស្រ៊ុនបានបន្សល់ទុកចំនួន១០គឺៈ

១- សំរស់ជីវិត ( កំណាព្យ ) ១៩៦៨ ( កែសម្រួល និងបោះពុម្ពឡើងវិញនៅឆ្នាំ១៩៧១ អត្ថបទពាក្យរាយ លាយកំណាព្យ )

២- គំហើញទី១ ( ចំណេះដឹងទូទៅ ) ១៩៧០

៣- គំហើញទី២ ( ចំណេះដឹងទូទៅ ) ១៩៧០

៤- គំហើញទី៣ ( ចំណេះដឹងទូទៅ ) ១៩៧០

៥- គំហើញជំទង់រីករាយ ( ចំណេះដឹងទូទៅ ) ១៩៧១

៦- លំនៅចុងក្រោយ ( ប្រលោមលោក ) ១៩៧១

៧- ជំទង់អំពីស្នេហា ( ចំណេះដឹងទូទៅ ) ១៩៧២

៨- ជនជាប់ចោទ ( ប្រលោមលោក ) ១៩៧៣

៩- ជំទង់អំពីចំណេះដឹង ( ចំណេះដឹងទូទៅ ) ១៩៧៣

១០- គណិតស្ត្រថ្នាក់ទី៨-៣ ១៩៧០

សេចក្តីស្នេហាពិតរបស់ស្រីរបាំម្នាក់ ឈ្មោះនាង សារ៉ាម៉ានី (Saramani: Khmer Dancer) ត្រូវបានអ្នកប្រវត្តិសាស្ត្រពិនិត្យយ៉ាងដិតដល់ម្តងហើយម្តងទៀត ហើយបានក្លាយជាប្រលោមលោកស្នេហាកាន់តែល្បីសុះសាយសម្រាប់អ្នកអានបរទេសតាមរយៈសៀវភៅបកប្រែជាច្រើនភាសា។

មានសេចក្តីដំណាលមួយគឺនៅខែកុម្ភៈ ឆ្នាំ១៩០៤ បន្ទាប់ពីការគ្រងរាជសម្បត្តិបាន៤៣ព្រះវស្សា។ ព្រះមហាក្សត្រខ្មែរគឺ សម្តេចព្រះនរោត្តម ទ្រង់បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ព្រះវស្សា និងយាងចូល៧១ព្រះវស្សា។ ដើម្បីប្រារព្ធក្នុងឱកាសដ៏ពិសេសនេះ ឆាកវេទិកាដ៏ធំមួយត្រូវបានសាងសង់និងរចនាឡើងដ៏ស្អាតគួរឱ្យទាក់ភ្នែក ដែលផ្តល់ឱ្យសាធារណជននូវឱកាសបានឃើញទិដ្ឋភាពដ៏កម្រ នោះគឺការសម្តែងដោយក្រុមរបាំព្រះរាជទ្រព្យ។ តាមពិតទៅ នេះជាលើកទី២ ដែលក្រុមរាជបម្រើ(ស្នំ)និងជាអ្នករបាំ ពិសេសនាងសារ៉ាម៉ានី បានសម្តែងនៅចំពោះព្រះមុខហ្វូងមនុស្សជាច្រើននាក់លើវេទិកាដ៏ធំ ខណៈកាលននោះនាងទើបអាយុត្រឹម១៣ឆ្នាំ។ នាងគឺជាអ្នករាំដំបូងដែលបង្ហាញខ្លួន រាំដោយភាពឆើតឆាយ និងសុភាពទន់ភ្លន់ គួរឱ្យគយគន់។

នាងមានទេពកោសល្យសម្តែងយ៉ាងល្អ ក្នុងរយៈពេលបួនឆ្នាំក្នុងឋានៈនាងជាអ្នករាំបម្រើគ្រួសាររាជវង្ស។ នាងបានបង្ហាញឱ្យឃើញពីភាពលេចធ្លោរយ៉ាងឆាប់រហ័សក្នុងរូបភាពជាតួឯក។ ប៉ុន្តែក្នុងក្រសែភ្នែកមនុស្សដទៃបានមើលឃើញថា នាងជាមនុស្សបង្កជម្លោះប្រេះឆាដោយធ្វើឱ្យថ្នាក់គ្រប់គ្រងមិនពេញចិត្តទៅវិញ។ ចរិតលក្ខណៈ ទាំងនេះ និងកាយវិការបដិសេធក្នុងការលើកតម្កើងអ្នកនៅក្នុងវាំងក្បែរព្រះកាយព្រះមហាក្សត្រ ខណៈរូបនាងផ្ទាល់បែរជាមានភាពស្និទ្ធស្នាលជាមួយនឹងកម្លោះជនជាតិបារាំងម្នាក់ ហើយ​មិន​យូរ​ប៉ុន្មាន នាងបាន​​រៀប​ការ​ជា​មួយ​នឹងកំលោះជនជាតិបារាំងឈ្មោះ រ៉ូឡង់ មុីយែរ។ សៀវភៅ«សារ៉ាម៉ានីអ្នករាំខ្មែរ» ត្រូវបានប្រាប់ពីដំណើររឿងដែលបានក្លាយជាប្រលោមលោកស្នេហាពិតមួយដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ១៩១៩ ដោយលោករ៉ូឡង់ម៉ីយែរ (Roland Meyre) ជាស្វាមីិ និងជាមន្ត្រីរាជការបារាំងសម័យ អាណាព្យាបាលកម្ពុជា។ នាងសារ៉ាម៉នី បានប្រាប់រឿងរ៉ាវ ទៅកាន់ស្វាមីរបស់នាង៤ឆ្នាំក្រោយពីរៀបការ។ «ខ្ញុំបានដឹងយ៉ាងច្បាស់…រឿងរ៉ាងទាំងនោះ។ នាងបន្តទៀតថា«ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃជីវិតរបស់ខ្ញុំនៅព្រះបរមរាជវាំង ខ្ញុំមិនបានជួបប្រទះអ្វីផ្សេងក្រៅពីការខកចិត្តឡើយ»

សូមបញ្ជាក់ថា អស់រយៈពេលជិតមួយសតវត្សរ៍មកហើយ ចាប់តាំងពីការបោះពុម្ពផ្សាយមក ប្រលោមលោកស្នេហា«សារ៉ាម៉ានីអ្នករាំខ្មែរ» នេះត្រូវបានចាត់ទុកថាជាប្រលោមលោក ដែលមានការពិតជាក់ស្តែង ដោយធ្វើការពិពណ៌នាអំពីសម័យកាលនេះក្នុងប្រវត្តិសាស្ត្រកម្ពុជា និងការយល់ដឹងដ៏ពិសេសមួយអំពីភាពអាថ៌កំបាំងនៃព្រះរាជវង្សខ្មែរនាសម័យនោះ។ ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងជាច្រើនដែលកំពុងរកឃើញជាបន្តបន្ទាប់ រួមទាំងសំបុត្រកំណើត និងរូបថតបង្ហាញថា ប្រលោមលោករបស់លោកម៉ីយែរបានបរិយាយយ៉ាងច្បាស់ពីខ្សែជីវិតភរិយារបស់លោក។ សៀវភៅនេះផ្តល់នូវទិន្នន័យដ៏រស់រវើកនៃទំនាក់ទំនងរបស់នារីរបាំជាមួយដំណើរនៃប្រវត្តិសាស្ត្រ។ វាពិតជាពិបាកសម្រាប់លោករ៉ូឡង់ ម៉ីយែរ ទោះបីជាគាត់មានជំនាញភាសាខ្មែរ និងចំណេះដឹងអំពីប្រទេសខ្មែរក៏ដោយ ដើម្បីរៀបចំព័ត៌មានលម្អិតបែបនេះ។ ប៉ុន្តែសំណួរមួយចំនួនអំពីសៀវភៅនេះ នៅតែទាក់ទងនឹងអ្នកប្រវត្តិសាស្ត្រ។ គួរឱ្យកត់សម្គាល់ថា អ្នកនិពន្ធ ពិតជាមានទំនាក់ទំនងស៊ីជម្រៅជាមួយស្រីរបាំគឺនាងសារ៉ាម៉ានី។

នៅឆ្នាំ ២០០៥ នៅពេលដែល ខេន ដាវិស( Kent Davis) ជាអ្នកស្រាវជ្រាវបុរាណវិទ្យាផ្នែកអក្សរសាស្ត្រ ដែលជាអ្នកបោះពុម្ពផ្សាយ និងអ្នកបកប្រែសម្រាប់សារព័ត៌មាន DatAsia Press។ ក្រុមការងារលោកបានចូលប្រាសាទអង្គរវត្តជាលើកដំបូង ហើយពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបចម្លាក់នៃរបាំអប្សរា ដែលហាក់ដូចជាអន្ទងហៅគាត់ឱ្យមកកម្ពុជាស្វែងយល់ពីអាថ៌កំបាំងនិង “ភាពអច្ឆរិយៈនៃអាណាចក្រខ្មែរ”។ លោកដាវិស​និយាយ​ថា​៖ «​តួនាទី​ពិត​របស់​ខ្ញុំ​គឺ​ជា​អ្នក​បុរាណ​វិទ្យា​ផ្នែក​អក្សរសាស្ត្រ»។ លោកបានបង្ហាញថា «ដូចដែលការពិពណ៌នាពីការងារតួនាទីនិងភារកិច្ចរបស់ខ្ញុំ ខ្ញុំបានស្រាវជ្រាវអត្ថបទ ដែលសរសេរមិនច្បាស់លាស់ បាត់បង់ និងរឿងពិតដែលត្រូវបានគេបំភ្លេចចោល អំពីតំបន់អាស៊ីអាគ្នេយ៍ ហើយសរសេរវាឡើងវិញជាភាសាអង់គ្លេស និងបារាំង»។ លោកដាវិស បាន​បកប្រែ​សៀវភៅ​នេះ ​ជា​ភាសា​អង់គ្លេសដែល​ជា«កិច្ចការ​ដ៏​ធំ»។ ការងារនេះបានក្លាយជាប្រធានបទនៃអត្ថបទជាច្រើនទាក់ទងដល់ប្រវត្តិប្រទេសកម្ពុជា។

នៅក្នុងអត្ថបទចេញផ្សាយនៅឆ្នាំ ២០១០ ដែលមានចំណងជើងថា “Roland Meyer, Saramani and a Cambodian Love Affair” គាត់សួរថា តើគាត់ជាតួអង្គប្រឌិត ឬជាមនុស្សពិត ហើយថា តើព្រឹត្តិការណ៍ដែលបានរៀបរាប់ក្នុងសៀវភៅនេះផ្អែកលើការពិត ឬការស្រមើលស្រមៃ? ចម្លើយនៃសំណួរខាងលើត្រូវបានរកឃើញងនៅឆ្នាំ ២០១៣ ក្រោយពីលោកដាវិសបានទទួលអ៊ីមែលពីលោក ហ្សៀន កួរទ័ស(Jean Courtois )ដែលជាមន្ត្រីកងទ័ពអាកាសបារាំងចូលនិវត្តន៍។ លោកហ្សៀន( Jean)បានអះអាងប្រាប់ដាវិសថា រូបគាត់ជាចៅប្រុសបង្កើតរបស់ លោកតា រ៉ូឡង់ម៉ីយែរ និងលោកយាយជាជនជាតិខ្មែរ ដែលជាអតីតអ្នករាំរបាំព្រះរាជទ្រព្យ ឈ្មោះសារ៉ាម៉ានី។

គេដឹងថា សារ៉ាម៉ានី​មានកូនសរុប៤នាក់ ស្រី៣ និងកូនប្រុសម្នាក់ឈ្មោះ Macelle “Evelyne” Meyer  ហើយលោក មានកូនប្រុសម្នាក់​ឈ្មោះ Jean Courtois ជាចៅរបស់លោកមុីយែរ អតីតកងទ័ពអាកាសបារាំង។ មានសេចក្តីរាយការណ៍ថា ម្តាយរបស់ លោក Jean Courtois មុនឆ្នាំ១៩៧៥ ធ្លាប់រស់នៅ​តាមមហាវិថីកម្ពុជាក្រោម ប្រទេសកម្ពុជា។ អ្នកស្រីធ្លាប់ធ្វើជាបណ្ណារក្ស នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ។ លោក កួរទ័ស(Courtois) បច្ចុប្បន្នមានអាយុ៧១ ឆ្នាំហើយរស់នៅក្នុងរដ្ឋ Nantes ភាគខាងលិចប្រទេសបារាំងបាននិយាយនៅឆ្នាំ ២០១៧ ថា គាត់ជាកូនប្រុសរបស់ Marcelle “Evelyne” Meyer ដែលជាកូនពៅក្នុងចំណោមបងប្អូនស្រីប្រុស៤នាក់។ នៅ​លើ​សំបុត្រ​កំណើត​របស់​ម្ដាយ​គាត់​ដែល​គាត់​បាន​ផ្ដល់​ឱ្យ​នោះ ឈ្មោះ​ឪពុក​ម្ដាយ​គាត់​ត្រូវ​បាន​សរសេរ​ដោយលោកតា រ៉ូឡង់ និង លោកយាយ សារ៉ាម៉ានី។ ការផ្តល់ព័ត៌មានអំពីគ្រួសារ លោក ម៉ីយែរ គឺយោងតាមវិញ្ញាបនបត្របញ្ជាក់ថា នាងសារ៉ាម៉ានី កើតនៅឆ្នាំ១៨៩៣ (១៣១ ឆ្នាំមុន)។

នៅឆ្នាំ ១៩៥៥ នាងសារ៉ាម៉ានីបាន ចែកផ្លូវគ្នាជាមួយស្វាមី លោក ម៉ីយែរ​ ។ សំបុត្រម្តាយរបស់គាត់ បន្ទាប់ពីការចាកចេញរបស់គាត់បង្ហាញពីការលំបាកមួយចំនួននៃជីវិតនៅពេលដែលសង្រ្គាមរីករាលដាលពាសពេញប្រទេស។ នៅក្នុងសំបុត្ររបស់នាងសារ៉ាម៉ានី សរសេរថា «ម្តាយរបស់ខ្ញុំចង់ឱ្យនាងរស់នៅស្រុកខ្មែរ ក្បែរម្តាយ ទោះបីជាជីវិត នៅទីនោះមិនសុខស្រួលដោយសារសង្រ្គាម។ល។ ទោះជាយ៉ាងណា​ការបាត់​ទាក់​ទង​ជាមួយសមាជិកគ្រួសារ គឺឆាប់ពី​ឆ្នាំ១៩៧៥មក នៅ​ពេល​ដែល​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ ក្រោយ​មក​ក្នុង​ជីវិត លោក ហ្សៀន កួរត័ស បាន​អាន​សៀវភៅ​របស់​ជីតា​គាត់ ហើយ​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​គ្រួសារ​ខ្មែរ​បារាំង​របស់គាត់។ ចាប់តាំងពីគាត់ចូលនិវត្តន៍ក្នុងឆ្នាំ២០០៩មក គាត់និងប្រពន្ធ បានស្រាវជ្រាវរកអ្នកនិពន្ធសៀវភៅ សារ៉ាម៉ានី និងរឿងកម្លោះ(Kamlah។ ប៉ុន្តែមិនអាចស្វែងរកព័ត៌មានអំពីជីវិតរបស់គាត់បន្ទាប់ពីទៅបំពេញការងារក្នុងប្រទេសឡាវ។  លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ក្នុង​គ្រួសារ​នេះ ដែល​បាន​ក្លាយ​ជា​ចៅ​របស់​បុគ្គល​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​រួម​ចំណែក​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ ខ្ញុំមានមោទនភាពដែលមានឈាមខ្មែរនៅក្នុងសរសៃរបស់ខ្ញុំ។» លោកដាវិសជាបណ្ណាធិការម្នាក់បានធ្វើការប៉ាន់ស្មានយ៉ាងទូលំទូលាយអំពីមូលហេតុដែល ម៉ីយែរត្រូវបានផ្ទេរពីប្រទេសកម្ពុជា ដោយជឿថា វាជាប្រតិកម្មចំពោះសៀវភៅនេះ។ ការ​បង្ហាញ​ពី​រឿង​អាស្រូវ និង​អាកប្បកិរិយា​អាម៉ាស់​ប្រហែល​ជា​ហួសហេតុ​ពេក​សម្រាប់​គ្រួសាររាជវង្ស និង​រដ្ឋបាល​បារាំងលើទឹកដីកម្ពុជាសម័យននោះ។ លោកដាវិសបាននិយាយថា «ការពណ៌នាដែលមិនសមហេតុផលរបស់គាត់ភ្លាមៗបានបង្កឱ្យមានការចលាចល។ ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ​ថា ​វា​ជារឿងលាក់កំបាំង WikiLeaks នៃ​ដើម​សតវត្សរ៍​ទី ២០»។

ឯកសារវប្បធម៌

លោក ដាវិសមិនមែនជាអ្នកស្រាវជ្រាវតែម្នាក់គត់ដែលស្វែងរកអត្តសញ្ញាណរបស់ស្រីរបាំព្រះរាជព្រទ្យសារ៉ាម៉ានី នោះទេ។ បណ្ឌិត ចេន ច័ន្ទរតនា ប្រវត្តិវិទូខ្មែរ និងជាស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ បានរកឃើញប្រលោមលោកនេះ ខណៈកំពុងស្រាវជ្រាវអំពីសិល្បកររបាំព្រះរាជទ្រព្យ ដែលក្រោយមកបានក្លាយ ជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដូចលោកដាវីសដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្រិតយល់ដឹង និងភាពលម្អិតនៅក្នុងការសរសេររឿង។ លោក​បាន​បន្ត​ថា​៖ «​ព្រឹត្តិការណ៍​ជាច្រើន​ដែល​បាន​លើក​ឡើង​ក្នុង​សៀវភៅ​នេះ​គឺជា​ព្រឹត្តិការណ៍​ពិត​ប្រាកដ​ដោយ​មាន​កាលបរិច្ឆេទ ទីកន្លែង និង​នីតិវិធី​ច្បាស់លាស់​»​។ លោកបានអះអាងបញ្ជាក់ថា «ជាមួយនឹងភស្តុតាងដែលថា សារ៉ាម៉ានី គឺជាមនុស្សពិតប្រាកដ ហើយរឿងកម្លោះគឺពិតប្រាកដជាតំណាងឱ្យលោករ៉ូឡង់ម៉ីយែរខ្លួនឯងជាអ្នកនិពន្ធហើយវាក្លាយទៅជារឿងពិត។

បើតាមលោកបណ្ឌិត ចាន់ រតនា សៀវភៅនេះផ្តល់នូវការពិពណ៌នាយ៉ាងសម្បូរបែបអំពីជីវិតនៅក្នុងអាណានិគមកម្ពុជា រួមមានកសិករ អ្នកនេសាទ អ្នករបាំព្រះរាជទ្រព្យ អ្នកបម្រើ និងព្រះរាជវង្សានុវង្ស ដែលទាំងអស់នេះបញ្ជាក់ពីការរកឃើញរបស់គាត់កាលពីអតីតកាល។ វា​ក៏​ផ្តល់​នូវ​ការ​បង្ហាញ​អំពី​ព្រះ​បរម​សព​ព្រះបាទ​នរោត្តម និង​ការ​ឡើង​គ្រង​រាជ្យសម្បត្តិរបស់​ព្រះបាទ​ស៊ីសុវត្ថិ។ ទំនៀមទំលាប់មួយចំនួនដែលស្វែងយល់តាមរយៈចរិតលក្ខណៈរបស់សារ៉ាម៉ានីក៏ផ្តល់នូវការយល់ដឹងអំពីវប្បធម៌ខ្មែរផងដែរ ជាពិសេសពិធីគោរពបូជាព្រះ ឬវិញ្ញាណពិសិដ្ឋ និងពិធីផ្សេងៗដូចជាពិធីជប់លៀង ដែលជាពិធីដែលលែងបានអនុវត្ត ហើយដែលនារីវ័យក្មេងបានឆ្លងកាត់។ ហើយបានឆ្លងកាត់វិធីចូលម្លប់អស់​ជា​ច្រើន​ខែ ​ដើម្បី​ទទួល​បាន​ការ​អប់រំ​ឲ្យ​ក្លាយ​ជា​ស្ត្រី​ដ៏​ស័ក្តិសមជាកុលធីតាខ្មែរ។

ព័ត៌មានអាចាមរាម

លោកយាយ សីន សាម៉ាឌឺកឆ(Sin Samadeukcho )អាយុ 77 ឆ្នាំ ជាអតីតអ្នករាំម្នាក់ និងអ្នកបម្រើនៅព្រះបរមរាជវាំង ដែលម្តាយរបស់គាត់ជាគ្រូរបាំ បានអះអាងថា លោកយាយចងចាំ និងដឹងដោយផ្ទាល់នូវព្រឹត្តិការណ៍ និងមនុស្សជាច្រើន បានរៀបរាប់នៅក្នុងសៀវភៅអ្នករបាំសារ៉ាម៉ានីនេះ។ លោកយាយ​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​ឮ​ឈ្មោះ​សា​រ៉ា​ម៉ា​នី ពី​ម្តាយ​ខ្ញុំ​កាលពី​ខ្ញុំនៅ​ក្មេង​។ លោកយាយបន្តទៀតថា«​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាំ​បាន​គឺ​ថា​នាងជា​អ្នក​រាំ និង​ជា​អ្នក​បម្រើ​ក្នុង​ព្រះបរមរាជវាំង»។

វាក៏មិនទំនងដែរ ដែលថា ព័ត៌មានបន្ថែមនឹងត្រូវបានរកឃើញអំពីជីវិតគូស្នេហ៍ក្រោយៗទៀតដែលនិយាយពីការស្លាប់របស់សារ៉ាម៉ានី និងស្វាមី។ ព្រោះនៅក្នុងសៀវភៅដែលជាផ្នែកមួយត្រូវបានប្រឌិតថា នាងសារ៉ាម៉ានីត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺ ខណៈដែលការពិតនាងរស់នៅក្រោយសង្គ្រាមលោកលើកទីពីរទៅវិញ។ ទោះបីជាមានការខ្វះខាតព័ត៌មានក៏ដោយ តែលោក ដាវិស ជឿជាក់ថា សារ៉ាម៉ានីបានទំលាយរាល់អាថ៌កំបាំងទាំងអស់ពីជីវិតរបស់ ម៉ីយែរ ដែលមានទេពកោលស្យផលិតប្រវត្តិសាស្ត្រនេះ សូមសង្ខេបដូចខាងក្រោម៖«ពេញ មួយជីវិតរបស់លោកម៉ីយែរ គឺជាបុរសម្នាក់ដែលការងាររបស់គាត់គឺកត់ត្រាព័ត៌មានលម្អិត។ សូមអរគុណដល់សារ៉ាម៉ានី ក្រុមគ្រួសារ អ្នកជិតខាង និងមិត្តភ័ក្តិរបស់គាត់ ដែលបានឮព័ត៌មានប្រចាំថ្ងៃ អំពីជីវិតនៅក្នុងព្រះរាជាណាចក្រ ដោយផ្ទាល់ពីប្រជាជនកម្ពុជាផ្ទាល់»។ ភាគច្រើនជុំវិញសៀវភៅនេះនៅតែជាអាថ៌កំបាំងរួមទាំងភាពត្រឹមត្រូវនៃព័ត៌មានលម្អិតដែលមិនសូវល្បី ហើយវាមិនទំនងថា មានរឿងអាស្រូវណាមួយនឹងត្រូវរកឃើញនោះទេ៕

ភូមិអ្នកនិពន្ធសូមបានបង្ហាញរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និងអាថ៌កំបាំងនៅទីនោះ ព្រោះវាជាប្រភពព័ត៌មានខ្លះៗដែលយើងត្រូវតែដឹងឮទាំងអស់គ្នា។ កាលពី១២៦ឆ្នាំមុន គឺនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩០០ លោកអគ្គទេសាភិបាលប៉ូល ឌូម៉ែរ(Paul Doumer) បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបង្កើតវិជ្ជាស្ថានបារាំងចុងបូព៌ា ហៅកាត់ថា École Française d’Extrême-Orient (EFEO) ។

ឈ្មោះវិជ្ជាស្ថានបារាំងចុងបូព៌ានេះ ត្រូវបានដំណើរការជាយូរមកហើយចំពោះអ្នកដែលចាប់អារម្មណ៍លើវិទ្យាសាស្ត្រសង្គម និងមនុស្សជាតិ និងបេតិកភណ្ឌវប្បធម៌នៅឥណ្ឌូចិន (កម្ពុជាវៀតណាមឡាវ)។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងរឿងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងវិទ្យាស្ថាននេះសម្រាប់រយៈពេល ១២៦ឆ្នាំមកនេះបើភូមិអ្នកពន្ធនិយាយអំពីអត្ថិភាពនិងគុណតម្លៃ។ ដូចករណីរបស់បញ្ញវន្តពីបណ្តាប្រទេសទាំង៣ ដែលបានសហការជាមួយវិទ្យាស្ថាននេះក្នុងសកម្មភាពសិក្សារបស់ពួកគេ ជាពិសេសមនុស្សមួយចំនួនបានដឹងថា បណ្ណាល័យនោះមានឯកសារសរសេរពីអង្គរក្នុងរជ្ជកាលមហាក្សត្រយើងមុនៗ។ បណ្ណាល័យផ្ទុករឿងបង្ហាញអំពីប្រទេសមានវប្បធម៌ខ្លាំង យូអង្វែង និងវិទ្យាសាស្ត្រនៃបុរាណវិទ្យា។ ជាឧទាហរណ៍ រឿងមួយដែលនិយាយអំពីច្រកទ្វារប្រាសាទអង្គរ ការជួសជុលឡើងវិញនៅតំបន់ប្រាសាទនានានៅក្នុងប្រទេសកម្ពុជា។ សូមរំឮកថា ប្រទេស​បារាំង​មាន​វិទ្យាស្ថាន​ចំនួន​៤​នៅ​បរទេស​គឺ វិទ្យាស្ថាន​អាថែន វិទ្យាស្ថាន​រ៉ូម វិទ្យាស្ថាន​ម៉ាឌ្រីដ វិទ្យាស្ថាន​គែរ។ សាលាបារាំងចុងបូព៌ា ឬវិទ្យាស្ថានគឺជាវិទ្យាស្ថានទី៥ របស់ប្រទេសបារាំង ដែលសិក្សាស្រាវជ្រាវអាស៊ី ជាពិសេសតំបន់ឥណ្ឌូចិន (កម្ពុជា វៀតណាម និងឡាវ)។ ទីស្នាក់ការកណ្តាលនៃវិជ្ជាស្ថានបារាំងចុងបូព៌ាមានទីតាំងនៅក្រុងព្រៃនគរ ប្រទេសវៀតណាម ជំនួសឱ្យប្រទេសឥណ្ឌា។

នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩០១ ប្រធានាធិបតីបារាំងអេមីលលូបេត( Émile Loubet )បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីទទួលស្គាល់ជាផ្លូវការនូវការបង្កើត EFEO ។ សាលាបានក្លាយទៅជាស្ថាប័នមួយរបស់រដ្ឋបារាំង ដែលជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រលើប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា ភាសា ជនជាតិភាគតិច ភូគព្ភសាស្ត្រ និងវិទ្យាសាស្ត្រមនុស្សនៅសាលាបារាំងចុងបូព៌ា ដែលធានាដល់ការអភិរក្ស និងអភិរក្សអគារប្រវត្តិសាស្ត្រនៅឥណ្ឌូចិន។ សូមបញ្ជាក់ថា មុនដំបូងត្រូវបានបង្កើតឡើងនៅទីក្រុងព្រៃនគរ ប៉ុន្តែបានពង្រីកយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងហាណូយ ហើយបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីនោះ ជាមួយនឹងនាយកដ្ឋានជាច្រើន ឧទាហរណ៍ សារមន្ទីរបានប្រើដើម្បីរក្សាការប្រមូលកិច្ចការសាងសង់ក្នុងឆ្នាំ ១៩២៦ (ពីមុនដាក់ឈ្មោះថាLouis Finot តាមឈ្មោះរបស់នាយកទីមួយនៃសាលាបារាំងចុងបូព៌ា ហើយបច្ចុប្បន្នសារមន្ទីរប្រវត្តិសាស្ត្រនេះ និងក្រោយមកក្លាយជាវិទ្យាស្ថានវិទ្យាសាស្ត្រ និងព័ត៌មានសង្គម នៃមជ្ឈមណ្ឌលជាតិសម្រាប់សង្គម និងវិទ្យាសាស្ត្រមនុស្សឯករាជ្យវៀតណាម ។
នៅឆ្នាំ ១៩៩៣ សាលាបារាំងចុងបូព៌ា បានត្រលប់មកបើកការិយាល័យតំណាងនៅទីក្រុងហាណូយ។ បច្ចុប្បន្ន ក្រៅពីទីស្នាក់ការកណ្តាលផ្លូវការរបស់សាលាបារាំងចុងបូព៌ា នៅទីក្រុងប៉ារីស វាមានមជ្ឈមណ្ឌលចំនួន ១៨ ដែលមានទីតាំងនៅប្រទេសចំនួន ១២ រួមទាំងប្រទេសកម្ពុជាមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀមរាប។

បេសកម្មសាលាបារាំងចុងបូព៌ានៅ សៀមរាប

វិជ្ជាស្ថានបារាំងចុងបូព៌ា ឬមជ្ឈមណ្ឌល EFEO នៅខេត្តសៀមរាប គឺជាតួអង្គសំខាន់មួយក្នុងកម្មវិធីជួសជុលប្រាសាទអង្គរ និងក្នុងការអភិវឌ្ឍន៍ការសិក្សារបស់ខ្មែរអស់រយៈពេលជាងមួយសតវត្សមកហើយ។ វាគឺនៅឆ្នាំ ១៩០៧ ដែលមជ្ឈមណ្ឌល EFEO ត្រូវបានប្រគល់ឱ្យនូវសារពើភ័ណ្ឌ និងការអភិរក្សរមណីយដ្ឋានអង្គរ។ ដើម្បី​ការពារ​ប្រាសាទ​ជា​ច្រើន​ដែល​រាយប៉ាយ​លើ​ផ្ទៃ​ព្រៃ​ប្រមាណ ៤០០ គីឡូម៉ែត្រ​ការ៉េ នោះ​ឆ្នាំ​បន្ទាប់​បាន​បង្កើត​សាខា​អចិន្ត្រៃយ៍​មួយ​គឺ “ការ​អភិរក្ស​ប្រាសាទ​អង្គរ”។
បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣ អង្គការនេះត្រូវបានភ្ជាប់ជាមួយក្រសួងវប្បធម៌កម្ពុជា ប៉ុន្តែការគ្រប់គ្រងរបស់វានៅតែប្រគល់ឱ្យមជ្ឈមណ្ឌល(EFEO) រហូតដល់ខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥។ ស្ថាបត្យករ និងបុរាណវិទូដ៏ឆ្នើមមកពីសាលាបានបង្កើតប្រវត្តិសាស្ត្រនៃការស្តារអង្គរឡើងវិញ៖ Henri Parmentier, Henri Marchal, Jean Laur, Bernard Philippe Groslier, Jacques Dumarçay…តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្លាស់ប្តូរទីតាំងអតីតដីរបស់ខ្លួនមជ្ឈមណ្ឌល( EFEO) បានបើកមជ្ឈមណ្ឌលរបស់ខ្លួនឡើងវិញនៅឆ្នាំ ១៩៩២ ហើយបានបើកដំណើរការឡើងវិញនូវគម្រោងជួសជុល និងកម្មវិធីស្រាវជ្រាវជាច្រើន។ បន្ទាប់មក សកម្មភាពនេះធ្វើឡើងដោយភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរកម្ពុជាគ្រប់គ្រងទីតាំងនេះ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដែលសម្របសម្រួលដោយអង្គការយូណេស្កូ។

សកម្មភាពរបស់មជ្ឈមណ្ឌលថ្ងៃនេះមានគោលបំណងគ្របដណ្តប់លើផ្នែកសំខាន់ៗនៃការសិក្សាដែលរួមចំណែកដល់ចំណេះដឹងកាន់តែប្រសើរឡើងអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌនៃប្រទេសកម្ពុជាបុរាណ។ បច្ចុប្បន្ននេះគម្រោងស្រាវជ្រាវចំនួនដប់កំពុងត្រូវបានអនុវត្ត ដែលប្រមូលផ្តុំនូវវិញ្ញាសាវិទ្យាសាស្ត្រមនុស្សយ៉ាងទូលំទូលាយ៖ ប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា អេពីរ៉ា ហ្វីលវិទ្យា ភាសាវិទ្យា និងសូម្បីតែនរវិទ្យា។គម្រោងទាំងនេះត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវ មជ្ឈមណ្ឌល(EFEO )ប្រាំមួយនាក់៖ Éric Bourdonneau, Damian Evans, Jacques Gaucher, Christophe Pottier, Dominique Soutif និង Brice Vincent ។ មជ្ឈមណ្ឌលទទួលបានអ្នកហាត់ការខ្មែរ និងអឺរ៉ុបជាច្រើននៅលើគេហទំព័ររបស់ខ្លួន ក៏ដូចជានិស្សិតថ្នាក់បណ្ឌិត និងអ្នកកាន់អាហារូបករណ៍ EFEO ។ បរិវេណដីរបស់វាដែលរួមមានអគារជាច្រើន មានទំហំធំល្មមសម្រាប់ផ្ទុកក្រុម និងរៀបចំសន្និសីទ និងសិក្ខាសាលាអន្តរជាតិ។ បណ្ណាល័យ​ដែល​គ្រប​ដណ្ដប់​លើ​បណ្ណសារ​ទាំងអស់​ទាក់ទង​នឹង​អង្គរ​បាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា៕

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលយល់ថា រឿងនេះអាចចាត់ទុកជាស្នាដៃសំខាន់មួយក្នុងប្រវត្ដិអក្សរសិល្ប៍ខ្មែរ ក៏បានចាត់ឱ្យចម្លងចេញពីសាស្ដ្រាស្លឹករឹត ហើយបោះពុម្ពផ្សាយជាសៀវភៅទុកជាមត៌កអក្សរសិល្ប៍ខ្មែរ ដោយមានបទានុក្រមសម្រាប់ពន្យល់ពាក្យពិបាកៗ ក្នុងស្នាដៃរឿងនោះផង។

    នៅសម័យសង្គមនិយមស្នាដៃនេះត្រូវគេហាមមិនឱ្យសិក្សានិងបំភេ្លចចោលទើបតែពេលថ្មីៗនេះពេលដែលរបបនយោបាយ បើកទូលាយដល់ការសិក្សាអក្សរសិល្ប៍ទើបយើងស្រាវជ្រាវរករឿង នេះមកសិក្សាឡើងវិញ។ ស្នាដៃដែលយើងរកឃើញគឺជាសៀវភៅដែលបោះពុម្ពលើកទី៨ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ឆ្នាំ ១៩៧២ ។

       លក្ខណៈពិសេសមួយរបស់រឿង« ក្រុងសុភមិត្រ» គឺការដែលវា មានឥទ្ធិពលអាចធ្វើឱ្យអ្នកអានរំជួលចិត្ដដោយ ទុក្ខព្រួយនៅដើមរឿងរួច រីករាយនិងមានសង្ឃឹមនៅទីបពា្ចប់។ ម្យ៉ាងទៀត ទាំងការបង្កើតទុក្ខព្រួយ ទាំងការបង្កើតសេចក្ដីរីករាយ ដល់អ្នកអាន វាស្ថិតនៅក្នុងបំណងតែមួយ គឺបណ្ដុះជំនឿលើពុទ្ធសាសនា។ ដូចេ្នះហើយ ទើបយើងចាត់ទុកថា រឿង នេះជាគំរូនៃស្នាដៃពុទ្ធនិយមសម័យកណ្ដាល ហើយលើកយកមកសិក្សា បង្ហាញលក្ខណៈពុទ្ធនិយម ទុកជាគោលសម្រាប់ ប្រៀបធៀបនឹងស្នាដៃ ដទៃដែល មាននិន្នាការប្រហាក់ប្រហែល¤ងាកចេញពីចលនានេះ។

១-.អ្នកនិពន្ធ និងសម័យកាលតែងរឿង

            ឧកញ៉ា កោសា ធិបតី កៅ ជាអ្នកនិពន្ធ ក្នុងរជ្ជកាលព្រះបាទ អង្គច័ន្ទ។ លោកបានរៀនសូត្រចេះស្ទាត់ភាសាខ្មែរ និងបាលីព្រមទាំងបានចេះចាំច្បាប់រាជការល្មមបម្រើការងាររដ្ឋបាល។ លោកត្រូវបានមហាក្សត្រ តែងតាំងជាចៅហ្វាយឃ្លាំងមណីរតន៍ ក្នុងព្រះរាជវាំង និងបានជាទីប្រឹក្សារបស់ព្រះអង្គខាងច្បាប់ទៀតផង។ អ្នកនិពន្ធរូបនេះបានតាក់តែងរឿង« ក្រុងសុភមិត្រ» ក្នុងសម័យកាលមួយ ដែលប្រទេសខ្មែរកំពុងធ្លាក់ក្នុងមហន្ដរាយយ៉ាងធ្ងន់ធ្ងរ ប្រជាជនរស់ក្នុងទុក្ខលំបាកវេទនា រកទីបំផុតគ្មាន ដោយការកៀបសង្កត់ពីប្រទេសជិតខាង និងដោយការហែកហួរដណ្ដើមអំណាចក្នុងរាជវង្សានុវង្ស។

២.សងេ្ខបរឿង ក្រុងសុភមិត្រ

         មានព្រះអង្គមួយព្រះអង្គព្រះនាម ក្រុងសុភមិត្រ សោយរាជ្យនៅ នគរពារាណាសី។ ព្រះអង្គមានអគ្គមហេសី ព្រះនាមនាង កេសនី និងរាជបុត្រពីរអង្គព្រះនាម ជ័យសែនរាជកុមារ និងជ័យទត្ដរាជកុមារ។ ថ្ងៃមួយ ព្រះអនុជព្រះអង្គព្រះនាម អសុភមិត្របានប៉ងធ្វើឃាតព្រះអង្គ ដើម្បីដណ្ដើមរាជសម្បត្ដិ។ ពេលដឹងហេតុការណ៍នេះព្រះអង្គបាននាំអគ្គមហេសី និងបុត្រភៀសព្រះអង្គចេញពីព្រះនគរ ព្រោះមិនចង់ឱ្យមានសង្គ្រាមនាំ ឱ្យស្លាប់ប្រជាជន។ ទ្រង់យាងកាត់ព្រៃភ្នំក្រំថ្ម សោយតែផ្លែឈើដែលមាននៅក្នុងព្រៃព្រឹក្សា។ ពេលភៀសព្រះកាយដល់មាត់សមុទ្រ ព្រះទតឃើញក្រុងសុភមិត្រ ដោយសមេ្រចទុកបុត្រទាំងពីរនៅត្រើយខាងអាយ ហើយពរមហេសី ហែលឆ្លងទៅត្រើយម្ខាងទៀត។ ពេលកុមារទាំងពីរនៅឆ្ងាយពីមាតាបិតា មានអ្នកនេសាទពីរនាក់ប្ដីប្រពន្ធ មកជួបហើយរើសយកទៅចិញ្ចឹមទុកដូចជាកូន។ ព្រះរាជាពេលហែលចម្លងមហេសីដល់ត្រើយម្ខាងហើយក៏ ហែលត្រឡប់វិញដើម្បីចម្លងបុត្រទៅទៀត។ ពេលមហេសីនៅម្នាក់ឯង មានសំពៅជំនួញមួយមកដល់ ហើយនាយសំពៅនោះក៏នាំគ្នាចាប់ព្រះនាងដាក់សំពៅយកទៅ។ ព្រះបាទក្រុងសុភមិត្រហែលមករកបុត្រទាំងពីរ ពុំឃើញក៏មានទុក្ខព្រួយយ៉ាងខ្លាំងហើយហែលត្រឡប់ទៅរកមហេសីវិញ ទៅដល់រកមហេសីមិនឃើញទៀតរឹតតែមានទុក្ខជាទម្ងន់ហើយធ្វើដំណើរ តែម្នាក់ឯងរហូតដល់នគរមួយទៀតឈ្មោះ តក្កសិលា។

            នៅនគរតក្កសិលា ព្រះរាជាទើបនឹងសោយទីវង្គត់ទៅដោយគ្មានរាជបុត្រសោយរាជស្នង។ ពេលនោះមន្ដ្រីទាំងឡាយ បានរៀបចំក្បួនដំរីផ្សងរកអ្នកមានបុណ្យ ដើម្បីគ្រប់គ្រងនគរ។ ដំរីនោះបានទៅលុតជង្គង់ចំពោះមុខព្រះបាទក្រុងសុភមិត្រ ដែលកំពុងសំរាកលើផ្ទាំងថ្ម។ គេក៏បានដង្ហែព្រះអង្គមកសោយរាជ្យនៅនគរតក្កសិលា។ ក្រោយមកអស់ពេលដ៏យូរ អ្នកនេសាទបាននាំកុមារ ទាំងពីរទៅថ្វាយព្រះអង្គធ្វើជាមហាតលិក តែព្រះអង្គពុំស្គាល់ថា ជាព្រះរាជបុត្រឡើយ។ ក្រោយមកទៀតនាយសំពៅបាននាំបណ្ណាការមកថ្វាយ ព្រះអង្គហើយព្រះអង្គបានឃាត់នាយនោះឱ្យនៅសំណេះសំណាលលេងរួចចាត់ឱ្យមហាតលិកកេ្មងទាំងពីរទៅចាំសំពៅជំនួស។ នៅលើសំពៅ កុមារទាំងពីរបានសួរនាំគ្នាអំពីមាតាបិតារបស់ខ្លួន។ ពេលនោះនាងកេសនី បានស្ដាប់ឭ ហើយដឹងជាក់ជាបុត្ររបស់ខ្លួន ក៏ស្ទុះមកឱបបុត្រទាំងពីរ ជាហេតុនាំឱ្យពួកកម្មករសំពៅយល់ច្រឡំថា កេ្មងនោះបំពានលើមនុស្សស្រី ហើយយករឿងនោះទៅជម្រាបព្រះរាជា។ ព្រះអង្គបានឱ្យគេនាំមហាតលិកទាំងពីរទៅសួរក៏បានដឹងការពិត ហើយចុះសំពៅមកដង្ហែនាងកេសនី ចូលរាជវាំងវិញ។ ព្រះបាទក្រុងសុភមិត្របានជួបជុំមហេសី និងរាជបុត្រទាំងពីរវិញហើយគ្រងរាជ្យសម្បត្ដិ ជាសុខសាន្ដរៀងរហូតទៅ ។

៣.ចំណុចពុទ្ធនិយមក្នុងស្នាដៃ

      យើងអាចដឹងបានថា រឿង« ក្រុងសុភមិត្រ» ជាស្នាដៃអក្សរសិល្ប៍ បែបពុទ្ធនិយមដោយមិនចាំបាច់បង្ហាញ ចំណុចពុទ្ធនិយមទាំងឡាយក្នុងស្នាដៃនោះឡើយ ព្រោះនេះជារឿងមួយដែលដកស្រង់ពីគម្ពីរពុទ្ធសាសនា គឺបញ្ញាសជាតក។ តែដោយជាតកនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងចំណុចពុទ្ធនិយមផេ្សងៗគ្នាទៅតាមកំណើតពោធិសត្វក្នុងជាតិនីមួយៗហើយម្យ៉ាងទៀត ការដែលអ្នកនិពន្ធ បានជ្រើសរើសជាតក នេះមកតែងនិពន្ធ ពិតជាផ្ដើមចេញ មកពីទស្សនៈផ្ទាល់របស់លោកអំពីបញ្ហាជីវិតនិងបបញ្ហាសង្គមដែលលោករស់នៅនោះទើបយើងត្រូវបង្ហាញចំណុចពុទ្ធនិយមនៃ រឿង« ក្រុងសុភមិត្រ »នេះ។

៤.តំណែងនិពន្ធតាមគំរូរឿងជាតក

       ក្នុងការតែងនិពន្ធ ឧកញ៉ា កោសា ធិបតី កៅ បានអនុវត្ដតាមគំរូតំណែងនិពន្ធនៃរឿងជាតកទាំងស្រុងទាំងក្នុងការផ្ដើមរឿងទាំងក្នុងការបពា្ចប់រឿង។ នៅដើមរឿងបន្ទាប់ពីបទនមស្សការរំលឹកដល់គុណព្រះរតនៈត្រ័យ និងការប្រាប់កាលបរិចេ្ឆទព្រមទាំងឈ្មោះអ្នកនិពន្ធលោកបានបញ្ចាក់ថា រឿងនេះនិទានអំពីដំណើរជីវិតពោធិសត្វ កាលដែលព្រាត់ប្រាស់ប្រពន្ធ កូន ដោយសារតែបាបកម្មពីអតីតជាតិ(ឧកញ៉ាកោសាធិបតីកៅក្រុងសុភមិត្រ រាជធានីភំ្នពេញ ការផ្សាយរបស់ពុទ្ធសាសនបណិ្ឌត្យ បោះពុម្ពលើកទី៨ឆ្នាំ១៩៧២ទំព័រ៣)។ នៅទីបពា្ចប់នៃរឿង បន្ទាប់ពីបពា្ចប់ដោយការជួបជុំគ្នាវិញនៃក្សត្រទាំងបួនក្នុងសម័យកាលនោះ អ្នកនិពន្ធបានបញ្ចាក់នូវរសជាតិជីវិតរបស់តួអង្គសំខាន់ៗទាំងអស់នាសម័យពុទ្ធកាលដូចជា ៈ

      – ព្រះបាទក្រុងសុភមិត្រ គឺ អង្គតថាគត (ព្រះពុទ្ធ)

      – នាងកេសនី គឺ កន្សៃសពេជ្រ (មហេសីព្រះពុទ្ធ)

      – ជ័យសែនកុមារ គឺ រាហ៊ុលកុមារ (បុត្រព្រះពុទ្ធ)

      – ជ័យទត្ដកុមារ គឺ មហាអនន្ទ (សាវ័កព្រះពុទ្ធ)

   -ព្រះបាទក្រុងអសុភមិត្រគឺទេវទត្ដនៅស្ថាននរក(ឧកញ៉ាកោសាធិបតីកៅ ក្រុងសុភមិត្រ បោះពុម្ពលើកទី៨ឆ្នាំ១៩៧២ទំព័រ៩៣)។

៥.ការឆ្លុះបញ្ចាំងទ្រឹស្ដីនៃពុទ្ធសាសនា

       ដំណើររឿងក្រុងសុភមិត្រ បានបង្ហាញឱ្យយើងឃើញទាំង វាសនា ល្អ ទាំងវាសនាអាក្រក់របស់តួអង្គ។ យើងសងេ្កតឃើញថា អ្នកនិពន្ធបាន យោងទាំងស្រុងលើទ្រឹស្ដីកម្មផលក្នុងពុទ្ធលទ្ធិក្នុងការបង្ហាញដំណើរជីវិត តួអង្គសំខាន់ៗទាំងនោះ។ ជាទូទៅពេលតួអង្គជួបទុក្ខវេទនា ឬជួបការព្រាត់ប្រាស់គ្រួសារអ្នកនិពន្ធបានបញ្ជាក់ថា នោះបណ្ដាលមកពីកម្មអាក្រក់ដែលតួអង្គបានសាងពីជាតិមុនមក ហើយសំខាន់បំផុត គឺកម្មអាក្រក់នោះហុចផលរហូតដល់៥០០ជាតិ។ ឧទាហរណ៍ ក្រុងសុភមិត្រព្រាត់ប្រពន្ធកូន ដោយសារពីជាតិមុនបានចាប់កូនបក្សីមកលេង ហើយបោចរោមអស់បី ឱ្យមានហូរឈាម។ សូម្បីតែពេលក្រុងសុភមិត្រជួបបុត្រាទាំងពីរហើយតែ មិនស្គាល់ថា ជាបុត្រក៏អ្នកនិពន្ធបញ្ចាក់ថា បណ្ដាលមកពីបាបកម្មពីជាតិមុនដែរ។ ផ្ទុយទៅវិញ ពេលជួបវាសនាល្អ នោះអ្នកនិពន្ធបញ្ជាក់ថា វាបណ្ដាលមកពីកុសលកម្មដែលគេបានសាង។ ដូចជាពេលដែលនាង កេសនីរស់នៅលើសំពៅឆ្ងាយពីស្វាមី គ្មាននរណាហ៊ានប៉ះពាល់ខ្លួននាងបានឡើយ ព្រោះនាងមានបុណ្យបារមី ដែលជាផលនៃអំពើល្អរបស់នាង តាមជួយ។

            តាមរយៈការបង្ហាញតួអង្គក៏យើងអាចឃើញថា អ្នកនិពន្ធបានសង្កត់ធ្ងន់ លើទ្រឹស្ដីកម្មផលនេះដែរ។ តួអង្គឯកបុរស គឺព្រះបាទក្រុងសុភមិត្របាន បណ្ដោយជីវិតក្នុងស្ថានភាពលំបាកវេទនា និងក្នុងការព្រាត់ប្រាស់ដោយមិនរកវិធីអ្វីដោះស្រាយ ដោយគិតក្នុងចិត្ដថា នេះជាផលអាក្រក់ដែលខ្លួន ត្រូវតែទទួលដោយជៀសមិនផុតលុះដល់ពេលជួបវាសនាល្អដោយបានគេដង្ហែយកទៅឱ្យធ្វើសេ្ដចនៅតក្កសិលា ក៏មិនភ្ញាក់ផ្អើលគិតថា អស្ចារ្យ ព្រោះដូចជាដឹងថា នេះជាផលនៃកុសលកម្មរបស់ខ្លួន។

     ម្យ៉ាងទៀត ដើម្បីដោះស្រាយនូវរាល់បបញ្ហទាល់ច្រកទាំងឡាយអ្នកនិពន្ធបានបង្ហាញលក្ខណៈអស្ចារ្យរបស់តួអង្គ ក្នុងន័យថា តួអង្គនោះជា មនុស្សមានបុណ្យបារមីព្រោះបានសាងអំពើល្អពីជាតិមុនៗមកច្រើន។ ដូចជាពេលត្រូវធ្វើដំណើរឆ្លងសមុទ្រ អ្នកនិពន្ធបានបង្ហាញពីសមត្ថភាព ដ៏អស្ចារ្យរបស់ព្រះបាទក្រុងសុភមិត្រ ដែលអាចពរមហេសីហែលឆ្លងសមុទ្របាន ដោយគ្មានគ្រោះថ្នាក់ បើទោះបីសមុទ្រមានរលកធំមាន ត្រីធំ និងមានឆ្លាមកាចសាហាវជាច្រើន ជាឧបសគ្គក៏ដោយ។

      ដូចេ្នះយើងឃើញថា កម្មផលក្នុងរឿង« ក្រុងសុភមិត្រ» ជាកម្មផល ដែលទាក់ទងតាំងពីអតីតជាតិ។ បានន័យថា ដំណើរជីវិតតួអងទាំងអស់ មិនមែនសមេ្រច ដោយតួអង្គខ្លួនឯងក្នុងសម័យកាលដែលខ្លួនរស់នៅនោះទេ តែវាកំណត់ដោយអំពើដែលតួអង្គទាំងនោះបានសាងតាំងពីជាតិមុនមក។ ក្រៅពីនេះអំពើល្អនិង អំពើអាក្រក់នោះមិនអាចយកទៅទូទាត់ គ្នាបានឡើយ ពោលគឺបើបានធ្វើអាក្រក់ផង និងបាន
ធ្វើ្វល្អផងនោះ ត្រូវទទួលទាំងផលអាក្រក់ទាំងផលល្អ។ ដូចេ្នះហើយទើបព្រះបាទក្រុងសុភមិត្រដែលជាពោធិសត្វហៀបនឹងបានត្រាស់ជាព្រះពុទ្ធទៅហើយនោះ នៅតែជួបវាសនាអាក្រក់ក្នុងដំណើរជីវិតរបស់ខ្លួន។

       សរុបមកទាំងដំណើររឿងកំសត់ ទាំងដំណើររឿងរីករាយនៃរឿង« ក្រុងសុភមិត្រ» សុទ្ធសឹងផ្អែកលើទស្សនៈកម្មផលទាំងអស់ៈអ្នកនិពន្ធ បានបង្ហាញលក្ខណៈកំសត់ដោយផ្អែកលើបាបកម្ម រួចបង្ហាញលក្ខណៈ រីករាយដោយផ្អែកលើកុសលកម្ម។ ការបង្ហាញដំណើររឿងបែបនេះគឺជា ការបណ្ដុះជំនឿដល់ប្រជាជនលើពុទ្ធលទ្ធិពិសេសលើទ្រឹស្ដីកម្មផលដោយ ធ្វើឱ្យប្រជាជនខ្លាចរអារ ក្នុងការប្រព្រឹត្ដអំពើអាក្រក់ ហើយចូលចិត្ដ សន្សំកុសលបុណ្យដោយសាងតែអំពើល្អ។ តែម្យ៉ាងទៀត ការបង្ហាញរ បៀបនេះក៏អាចធ្វើឱ្យប្រជាជនអសកម្មក្នុងដំណោះស្រាយបពា្ហាជីវិត ហើយព្រមរស់ក្នុងការលំបាកវេទនា ដោយគិតថា នេះជាផលកម្មដែល ខ្លួនបានសាង ផលកម្មនេះគ្មាននរណា ម្នាក់អាចជៀសរួចឡើយ ទោះបីជា សេ្ដចផែនដីក៏ដោយ។

៦.ដំណោះស្រាយបញ្ហាតាមពុទ្ធឱវាទ

     ការចាប់ផ្ដើមរបស់រឿង« ក្រុងសុភមិត្រ»បង្ហាញទំនាស់មួយយ៉ាង សំខាន់គឺការក្បត់ដណ្ដើមរាជ្យសម្បត្ដិក្នុងរាជវង្សានុវង្ស។ ក្នុងសច្ចភាព សង្គមខ្មែរពិសេសក្នុងសម័យកាលខ្លះតែងមានរឿងរបៀបនេះជាទំនាស់ ស្រួចស្រាវបំផុត ព្រោះក្នុងប្រវត្ដិសាស្ដ្រខ្មែរយើង មិនឃើញមានសេ្ដចអង្គណា ព្រមលះបង់អំណាចឱ្យអ្នកដទៃឡើយ រួចដើម្បីការពារអំណាចនោះ គេបានកែនប្រជាជនធ្វើសង្គ្រាមបង្ហូរឈាមឬរត់ទៅពឹងពាក់បរទេសជិតខាង។ តែនៅក្នុងរឿង« ក្រុងសុភមិត្រ» យើងឃើញបញ្ហានេះត្រូវបានដោះស្រាយយ៉ាងងាយស្រួល ពេលដឹងអំពីផែនការក្បត់របស់ប្អូនប្រុសព្រះបាទក្រុង សុភមិត្របានសមេ្រចចិត្ដលះបង់អំណាច រួចនាំប្រពន្ធកូនរត់ភៀសខ្លួន ចេញពីនគរ ទោះដឹងថានឹងត្រូវលំបាកវេទនាក៏ដោយ។

      ការដែលព្រះបាទក្រុងសុភមិត្រលះបង់អំណាច និងការព្រមទទួល យកវាសនាអាក្រក់ក្នុងដំណើររឿងនោះ មិនមែនស្ថិតនៅលើតែជំនឿ កម្មផលប៉ុណ្ណោះទេ តែវាស្ថិតលើឧត្ដមគតិមួយ ដែលជាគុណធម៌សំខាន់ បំផុតរបស់ពោធិសត្វ នោះគឺការគិតដល់អ្នកដទៃជាងការគិតដល់ខ្លួនឯង។ តាមការបង្ហាញរបស់អ្នកនិពន្ធយើងឃើញថា ព្រះបាទក្រុងសុភមិត្រ ជាអ្នកស្រឡាញ់ប្រពន្ធកូនយ៉ាងខ្លាំងតែទ្រង់បានសមេ្រច
ចិត្ដភៀសខ្លួនចោលប្រពន្ធកូន ព្រោះមិនចង់ឱ្យមានសង្គ្រាមដែលនាំឱ្យប្រជាជន លំបាកវេទនា (ឧកញ៉ាកោសាធិបតីកៅ ក្រុងសុភមិត្រ.ដឯ.មទំព័រ១៣)។ លុះនាងកេសនីទាមទារភៀសទៅជាមួយក៏ព្រះអង្គ នៅតែរក្សាគំនិតមិនធ្វើសង្គ្រាមគឺ សុខចិត្ដឱ្យក្រុមគ្រួសារខ្លួនលំបាកវេទនាឱ្យតែប្រជាជនទូទៅបានសេចក្ដីសុខ។

            ដោយសារដំណោះស្រាយនេះ អ្នកនិពន្ធបានធ្វើឱ្យតួអង្គក្រុងសុភមិត្រក្លាយជាតួអង្គពុទ្ធនិយម ព្រោះតាមពុទ្ធឱវាទការគិតដល់សេចក្ដីសុខអ្នកដទៃ និងការមិនព្យាបាទ មិនបៀតបៀនចំពោះមនុស្សទូទៅនោះ ជាការពិចារណាត្រឹមត្រូវ ហើយវាជាមតិមួយនាំមនុស្សឆ្ពោះ ទៅរកនិព្វានទៀតផង។

សេចក្ដីសន្និដ្ឋាន

   សរុបមកយើងអាចសន្និដ្ឋានបានថា រឿងក្រុងសុភមិត្រជាស្នាដៃដែលមានលក្ខណៈពុទ្ធនិយមយ៉ាងជ្រាលជ្រៅ។ ទាំងការបង្ហាញការសជាតិរបស់តួអង្គទាំងការឆ្លុះបញ្ចាំងទស្សនៈកម្មផល និងការដោះស្រាយបញ្ហា ដោយសន្ដិវិធីសុទ្ធតែជាមធ្យោបាយអប់រំមនុស្ស ឱ្យលុះក្នុងគន្លងចរិយា សាស្ដ្រពុទ្ធសាសនា។ ក្នុងពេលដែល ប្រទេសជាតិធ្លាក់ក្នុងភាពអួរអាប់ ដោយបាត់បង់សីលធម៌ ការប្រើប្រាស់ទ្រឹស្ដីសាសនា អាចជួយកសាង ស្មារតីមនុស្សឡើងវិញ តែវាក៏នាំឱ្យមនុស្ស ឃ្លាតឆ្ងាយពីជីវភាពជាក់ស្ដែងដែរ ព្រោះដើម្បីអះអាងទ្រឹស្ដីដែលផ្ទុយពីសកម្មភាពក្នុងសង្គម គេមិនអាចយកឧទាហរណ៍ពីសង្គមនោះបានឡើយ។
ដូច្នេះហើយទើបស្នាដៃ ពុទ្ធនិយមភាគច្រើន ច្រើនតែជារឿងរ៉ាវដែលមិនទាក់ទង អ្វីទាំង អស់ជាមួយជីវភាពសង្គម ហើយសូម្បីទីកន្លែងនិងពេលវេលារឿងក៏យើង មិនដឹងថាជាកន្លែងណា ពេលណាពិតប្រាកដដែរ៕ ដកស្រង់«វិវត្តន៍អក្សរសិល្ប៍ខ្មែរ»

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព