ការសម្ភោធសៀវភៅ “ស” កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ បានធ្វើឡើងនៅអគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៣០០នាក់ មកពីតំណាងក្រសួង ស្ថាប័ន អង្គការ វិស័យឯកជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានអនឡាញ អ្នកប្រើប្រាស់បណ្តាញសង្គម និស្សិត និងមហាជនទូទៅ។
សៀវភៅ “ស”ស្តីពី មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត មានកម្រាស់១៥២ទំព័រ ត្រូវបានរៀបចំដោយ ស.ស.ស.ក ដោយប្រើប្រាស់ពេលវេលា១ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការគិតគូរ និងការយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម ក្នុងបរិបទព័ត៌មានឌីជីថល។
ខ្លឹមសារសៀវភៅ ស មានលក្ខណៈទូលំទូលាយ និងគ្រប់ដណ្តប់លើទិដ្ឋភាពវិជ្ជាជីវៈ ក្រមសីលធម៌ ច្បាប់ និងសុជីវធម៌ ហើយក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់លើគុណភាពខ្លឹមសារផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់មូលវិចារចំពោះ សៀវភៅ “ស”ថា “ពិតជាឯកសារមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ”។
ជាមួយគ្នានេះ លោកជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ សៀវភៅ “ស”បានមានប្រសាសន៍ ដោយការកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកប ដោយអត្ថន័យថា ខ្លឹមសារនៃសៀវភៅ “ស” បានបង្ហាញឱ្យឃើញនូវទិដ្ឋភាព៣ដូចជា ទី១. នយោបាយ។
ទី២.បច្ចេកទេស និងវិជ្ជាជីវៈ និងទី៣. ច្បាប់ស្តីពីសិទ្ធិមនុស្ស ហើយអ្វីដែលឯកឧត្តមចាប់រម្មណ៍ខ្លាំង គឺជំពូកទី១៥ ដែលរៀបរាប់អំពីអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ដែលសៀវភៅលើកបញ្ជាក់ ពីលក្ខណៈរបស់អ្នកនាំពាក្យ ខណៈដែលឯកឧត្តម ក៏កំពុងបំពេញការងារជាអ្នកនាំពាក្យនេះផងដែរ។
លោកបានបញ្ជាក់ថា “ការចងក្រងសៀវភៅនេះ មានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយដែលផ្តល់ប្រយោជន៍ជាចំណេះដឹង មិនត្រឹមតែដល់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់តួអង្គទាំងអស់ក្នុងសង្គម និងសាធារណជនទូទៅផងដែរ”។
លើសពីនេះ លោកហ៊ុយ វណ្ណៈ ដែលដឹកនាំផ្ទាល់ក្នុងការរៀបចំឯកសារដ៏កម្រនេះបានថ្លែងថា សៀវភៅ “ស” កើតឡើងបាន មិនមែនដោយការស្រមើស្រមៃ និងធ្វើឱ្យតែបាននោះទេ ប៉ុន្តែសៀវភៅនេះកើតឡើងពីការចូលរួម និងប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយលើសពីនេះ គឺដើម្បីឆ្លើយតបសេចក្តីត្រូវការពិតរបស់សង្គម លើកិច្ចការព័ត៌មានក្នុងបរិបទឌីជីថល។
លោកបន្តថា បច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មាន បន្តរីកចម្រើនឥតឈប់ឈរ ដោយបានផ្តល់ឱកាស និងផ្តល់មធ្យោបាយឱ្យប្រជាពលរដ្ឋគ្រប់រូប ក្លាយជាតួអង្គដ៏សកម្ម ក្នុងកិច្ចការព័ត៌មាន និងសាធារណមតិ។ ពលរដ្ឋគ្រប់រូប ក្លាយជាអ្នកផ្តល់ព័ត៌មាន អ្នកទទួលព័ត៌មាន អ្នកចែករំលែកព័ត៌មាន ទស្សនៈ មតិ យោបល់ ដ៏សកម្មនិងចម្រុះ។ លោកហ៊ុយ វណ្ណៈបានបន្តថា “សារព័ត៌មានឌីជីថល អ្នកផលិតមាតិកា, MMO, និងបញ្ញាសិប្បនិម្មិតAI ក្លាយជាតួអង្គថ្មី និងសកម្ម ហើយមានមុខពីរជាប្រចាំ”។ លោកបន្ថែមថា“ដូច្នេះ គេត្រូវមើលកិច្ចការព័ត៌មានឱ្យលើសពីត្រឹមជាការងាររបស់អ្នកកាសែត”។
ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានបន្តថា កម្ពុជាមានភាពចាំបាច់ណាស់ ក្នុងការគិតគូរដោយយកចិត្តទុកដាក់បំផុត អំពីស្ថានភាពសីលធម៌សង្គម សុជីវធម៌ សិទ្ធិមនុស្ស ដែលត្រូវមានភាពផ្សារភ្ជាប់ ជា មួយស្មារតីទទួលខុសត្រូវ ដើម្បីធានាថា សង្គមកម្ពុជា បន្តរីកចម្រើនទៅមុខ លើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គម ហើយធានាបាននូវលំហសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិ និងពង្រឹងបានបាននូវការឯកភាពខ្ពស់ខាងទស្សនៈ មានភាពសុខដុមរមនា និងវិបុលភាពសង្គម ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំនិងយូរអង្វែង។
លោកហ៊ុយ វណ្ណៈ សង្កត់បញ្ជាក់ថា ដើម្បីពង្រឹងសីលធម៌សង្គម សន្តិសុខព័ត៌មាន និងតម្លៃជាតិលើការងារព័ត៌មាននិងសាធារណមតិ កម្ពុជាត្រូវធ្វើកិច្ចការ៣ជាប្រចាំ៖ ទី១. ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងទី៣. ត្រូវរៀបចំច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យមានខ្លឹមសារឆ្លើយតបបច្ចុប្បន្នភាព របស់សង្គមនិងសកល។
លោកបន្តថា “ក្នុងន័យនេះហើយ ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ នៅតែមានភាពចាំបាច់”។
ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២៤ សៀវភៅ “ស” ត្រូវបានផ្តល់ជូនទៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នឯករាជ្យដូចជា គ.ជ.ប អង្គភាពប្រឆាំងអំពើពុករលួយ គ្រឹះស្ថានឧត្តមសិក្សា សមាគមសារព័ត៌មានជាតិនិងអន្តរជាតិ អ្នកសារព័ត៌មាន និងបានចែកជូនដោយឥតគិតថ្លៃដល់ និស្សិត និងសាធារណជនទូទៅជាបន្តបន្ទាប់។
ការរៀបចំសម្ពោធសៀវភៅ “ស នៅចំថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក៏ក្នុងគោលបំណងអបអរសាទរខួប៨ឆ្នាំ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផងដែរ។
លោកហ៊ុយ វណ្ណៈ ក្នុងនាមស្ថាបនិក ក៏មិនភ្លេចថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត ដែលបានគាំទ្រចំពោះដំណើរការរបស់ ស.ស.ស.ក ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមករហូតមកដល់បច្ចុប្បន្ន៕